
(ពីស្ដាំ) លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជាទៅចិន ម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ ផ្លែមៀនស្រស់ បានក្លាយជាផលិតផលកសិផលទី ៣ របស់កម្ពុជាដែលនាំចេញទៅលក់នៅលើទីផ្សារប្រទេសចិនជាផ្លូវការនៅក្នុងឆ្នាំ ២០២២ នេះ ហើយមៀនស្រស់ ក៏ជាផ្លែឈើទី ៣ ផងដែរ ដែលមានឱកាសបង្ហាញវត្តមាននៅលើទីផ្សារចិនបន្ទាប់ពីផ្លែស្វាយ និងចេក។
ពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន បានធ្វើឡើងកាលពីថ្ងៃទី ២៧ ខែតុលា នៅទីស្តីការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមជាអធិបតីរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ផ្លែមៀន ក្រុមហ៊ុននាំចេញ និងម្ចាស់ចម្ការ ជាច្រើនរូបទៀត។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានលើកឡើងថា ការបើកទីផ្សារនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិននៅពេលនេះ ជាសមិទ្ធផលថ្មីមួយទៀតដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ដើម្បីធានាបញ្ជាក់គុណភាព សុវត្ថិភាព និងការបើកទីផ្សារថ្មីប្រកបដោយសក្តានុពលសម្រាប់កសិផលកម្ពុជា។
លោកបន្តថា ការបើកសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជាផ្លូវការទៅប្រទេសចិននឹងមិនអាចកើតមានបានទេប្រសិនបើប្រទេសទាំង ២ មិនមានកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគិន ចិនក្នុងវិស័យកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ ការកែច្នៃបម្រើឱ្យការនាំចេញការបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
លោកថ្លែងថា៖ «ការសម្រេចបានសិទ្ធិនាំចេញផ្លែមៀនស្រស់ជាផ្លូវការទៅប្រទេសចិននាពេលនេះ គឺជាការបោះជំហានទៅមុខយ៉ាងវែងសម្រាប់កម្ពុជា។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដ៏ល្អដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបានលើការជំរុញការនាំចេញផ្លែមៀនស្រស់នាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំសូមសម្តែងនូវការសាទរ ចំពោះសមាគមកសិកម្មដាំមៀនប៉ៃលិន ទាំង ៧៤ ចម្ការ ដែលទទួលបានទីផ្សារនាំចេញធំទូលាយប្រកបដោយសក្តានុពល និងចំពោះក្រុមហ៊ុនទាំង ៨ ដែលទទួលបានសិទ្ធិវេចខ្ចប់ និងនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន»។
បើតាមលោក ទីណា នៅពេលខាងមុខ កម្ពុជានឹងបើកការចរចាជាមួយចិនសម្រាប់ការនាំចេញកសិផលផ្សេងទៀតដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផលសម្បុកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ និងគ្រាប់ឈូក ជាដើម។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian បានលើកឡើងថា នេះជាសមិទ្ធផលសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការវិស័យកសិកម្មរវាងចិន និងកម្ពុជា ក្រោមការរីករាលដាលជំងឺកូវីដ ១៩ ដែលវានឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំង ២ និងជំរុញការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។ ផ្លែមៀនគឺជាកសិផលប្រភេទទី៣ របស់កម្ពុជាដែលត្រូវបានអនុម័តនាំចេញទៅប្រទេសចិន បន្ទាប់ពីត្រីប្រា និងពោតនៅឆ្នាំនេះ ហើយក៏ជាផ្លែឈើប្រភេទទី៣ ដែលត្រូវបានអនុម័តឱ្យនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន ដែរ។
លោកថ្លែងថា៖ «កសិកម្ម គឺជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា។ យើងជឿថា ជាមួយនឹងការខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំង ២ នឹងមានកសិផលកម្ពុជាគុណភាពល្អច្រើនប្រភេទទៀតត្រូវបាននាំទៅកាន់ប្រទេសចិន។ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងចិន និងកម្ពុជាក៏នឹងឈានដល់កម្រិតថ្មីមួយទៀតដែលនឹងជួយដល់ការអភិវឌ្ឍនៃសហគមន៍ជោគវាសនារួមប្រកបដោយភាពគ្រប់ជ្រុងជ្រោយ»។
លោក Wang Wentian បានប្រាប់ទៀតថា បច្ចុប្បន្នភាគីទាំង ២ ក៏កំពុងខិតខំជំរុញការងារ នាំចេញផលិតផលមួយចំនួន ដូចជា ម្រេច ផលិតផលវារីវប្បកម្មសត្វព្រៃ សត្វក្នុងទឹក ដែលអាចបរិភោគបាន សម្បុកត្រចៀកកាំ និងដូង ជាដើមទៅកាន់ប្រទេសចិន។
តំណាងក្រុមហ៊ុននាំចេញផ្លែមៀន China Jinkwoayuan Import Ex-port(Cambodia) Co., Ltd បានឱ្យដឹងថា ក្រុមហ៊ុនលោកបាននាំចេញផ្លែមៀនស្រស់ជាលើកទី ១ ទៅប្រទេសចិនចំនួន ១៣ កុងតឺន័រ ដោយ ១ កុងតឺន័រមានទម្ងន់ ២៦ តោន ហើយកប៉ាល់អាចនឹងចេញដំណើរពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងថ្ងៃទី ២៧ ឬថ្ងៃទី ២៨ ខែតុលានេះ ដោយអាចចំណាយពេល ៥ ថ្ងៃដើម្បីទៅដល់គ័ងចូវ។
លោក ភក់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម បាននិយាយថា តាមការព្យាករក្នុង ១ ឆ្នាំ កម្ពុជាអាចប្រមូលផលផ្លែមៀនបានជាង ១០ ម៉ឺនតោន ប៉ុន្តែចំនួននេះនឹងកើនឡើងថែមទៀតនៅពេលខាងមុខ ព្រោះដើមមៀននឹងផ្តល់ផលកាន់តែច្រើន នៅពេលដែលវាកាន់តែធំ។ ដើមមៀន អាចផ្តល់ផលចាប់ពីដាំបាន ៥ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ។
លោកថ្លែងថា៖ «ទីផ្សារចិននឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយដល់កសិករខ្មែរដែលកំពុងដាំមៀន ព្រោះរៀងរាល់ឆ្នាំការប្រើប្រាស់ក្នុងស្រុក គឺមានបរិមាណមិនដល់ ៥០ ភាគរយទេ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ងិន ឆាយ បាននិយាយថា ការចរចាបើកទីផ្សារនាំចេញផ្លែមៀនកម្ពុជាទៅទីផ្សារប្រទេសចិន បានចាប់ផ្តើមកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ និងត្រូវបានអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋ ប្រជាមានិតចិន (GACC) សម្រេចយល់ព្រមបើកឱ្យនាំចូលជាផ្លូវការទៅប្រទេសចិនកាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២ ដោយបានអនុម័តចុះបញ្ជីជាផ្លូវការនូវចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
យោងទិន្នន័យនាំចេញកសិផលទៅក្រៅប្រទេស ដែលកត់ត្រាដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញកសិផលទៅចិនចំនួនជាង ៨៣ ម៉ឺនតោន គិតជាប្រាក់ជិត ៧០០ លានដុល្លារ។ សម្រាប់រយៈពេល ៩ ខែ ឆ្នាំ ២០២២ ការនាំចេញកសិផលទៅចិនសម្រេចបានជាង ៥៨ ម៉ឺនតោនគិតជាប្រាក់ជាង ៤៩១ លានដុល្លារ៕