ភ្នំពេញៈ ប្រធាន​ពន្ធដារ​កម្ពុជា​បាន​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង​ការលាង​លុយកខ្វក់ ដើម្បី​នាំយក​ប្រទេស​កម្ពុជា ចេញ​ពី​បញ្ជី​ពណ៌​ប្រផេះ​ទៅជា​បញ្ជី​ពណ៌​ស ក្នុង​គោលបំណង​បង្កើត​បរិយាកាស​វិនិយោគ​ដ៏ល្អ​មួយ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរ​បន្ថែមទៀត​។

ថ្លែង​នៅក្នុង​វេទិកាពន្ធ​ប្រចាំឆ្នាំ EuroCham កាលពី​ថ្ងៃទី​ ២៦ ខែតុលា លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) ​បាន​ប្រាប់​ឱ្យដឹងថា អាទិភាព​ចម្បង​របស់ GDT រួមមាន​ការ​ធានា​ឱ្យ​មាន​ការប្រកួតប្រជែង​ដោយ​ស្មើភាព ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការបាត់បង់​ប្រាក់​ចំណូល ​តាមរយៈ​ផែនការ​គេចពន្ធ និង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការលាង​លុយកខ្វក់​។

លោក​ថ្លែងថា​៖ «​យន្តការ​នេះ (​ការប្រឆាំង​នឹង​ការលាង​លុយកខ្វក់​) ​អាចជួយ​នាំឱ្យ​ប្រទេស​កម្ពុជា​ត្រឡប់មក​ក្នុង​បញ្ជី​ពណ៌​ «​ស​» ​វិញ​។ នៅពេល​យើង​ស្ថិត​នៅក្នុង​បញ្ជី​ពណ៌​ស អាជីវកម្ម​កាន់តែ​ច្រើន​នឹង​ចូលមក ហើយ​វា​នឹង​ទាក់ទាញ​នូវ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​។ ប៉ុន្តែ​នៅពេលនេះ​យើង​កំពុង​ស្ថិតក្នុង​បញ្ជី​ពណ៌​ប្រផេះ នាំឱ្យ​មាន​ការសង្ស័យ​ច្រើន ហើយ​វិនិយោគិន​សក្តានុពល​ជាច្រើន​ទទួល​យក​វិធីសាស្ត្រ​រង់ចាំ​មើល​សិន​»​។

កាល​ពីពេល​ថ្មីៗ​នេះ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) បាន​ចែករំលែក​បទពិសោធរ​បស់​ពួកគេ​ជាមួយ​មន្ត្រី​គយ​កម្ពុជា ស្តីពី​បច្ចេកទេស​ស៊ើបអង្កេត ការលាង​លុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ក្នុង​សិក្ខាសាលា​រួមគ្នា​មួយ​រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDC-E) និង IMF ក្រោម​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​ជប៉ុន នា​ថ្ងៃទី​ ២៤-២៨ ខែតុលា​។

ប្រទេស​កម្ពុជា​បាន​ឈាន​ឆ្ពោះ​ទៅរក​ការដកខ្លួន​បន្តិច​ម្ដងៗ​ចេញពី​បញ្ជី​ពណ៌​ប្រផេះ​នៃ​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​លាងលុយ​កខ្វក់ បន្ទាប់ពី​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជាប់​ក្នុង​បញ្ជី​នេះ​អស់​រយៈពេល​ ៣ ​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២២ ​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) បាន​សាទរ​ចំពោះ​ផែនការ​សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុង​ការផ្លាស់ប្តូរ​បញ្ជី​ពណ៌​ប្រផេះ​របស់​ប្រទេស​នេះ​ទៅជា​ពណ៌​ស ដោយសារ​វា​ចាំបាច់​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​សំខាន់​ ដើម្បី​ប្រឆាំង​នឹង​ការលាង​លុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ បញ្ហា​នេះ​គឺជា​វិស័យ​ដែល​ប្រទាក់​ក្រឡា​គ្នា ដូច្នេះ​ចាំបាច់​ត្រូវមាន​ស្ថាប័ន​សំខាន់​មួយ ដើម្បី​ដឹកនាំ​ដោយ​មាន​យន្តការ និង​គំនិត​ផ្តួចផ្តើម​ច្បាស់លាស់​ព្រមទាំង​ធនធាន​មនុស្ស ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​ការជាប់​ទាក់ទង​ជាមួយ​អង្គការ​អន្តរជាតិ​ផងដែរ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​សង្កេតឃើញ​ថា​កម្ពុជា​កំពុង​ដំណើរការ​លើផ្លូវ​ត្រូវ​លើ​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ (FATF) ដែល​ជា​អង្គការ​អន្តររដ្ឋាភិបាល​ដែលមាន​ភារកិច្ច​បង្កើត​គោលនយោបាយ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការលាង​លុយកខ្វក់​អន្តរជាតិ និង​ការផ្តល់​មូលនិធិ​នៃ​អំពើ​ភេរវកម្ម​ទាក់ទង​នឹង​ការអនុម័ត​ស្ដីពី​ច្បាប់​ប្រឆាំង​ការលាង​លុយកខ្វក់​។ កម្ពុជា​បាន​ចាត់​ឱ្យ​អន្តរក្រសួង​ធ្វើការ​លើ​បញ្ហា​នេះ​រួចហើយ ​ប៉ុន្តែ​អ្វីដែល​នៅ​ខ្វះចន្លោះ​នោះ​គឺ​ការអនុវត្ត​ច្បាប់ ពិសេស​ទាក់ទង​នឹង​ការស៊ើបអង្កេត​ជា​ប្រព័ន្ធ​ការចាប់ខ្លួន និង​ការ​ផ្តន្ទាទោស​លើ​ជនសង្ស័យ​ជាដើម​»​។ លោក​បាន​បន្ថែមថា បញ្ហា​ទី​២ ដែល​សំខាន់​ផងដែរ គឺ​ត្រូវមាន​ការចូលរួម ជាពិសេស​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងទៀត គណនេយ្យករ ឬ​មេធាវី អ្នក​មកពី​ល្បែងស៊ីសង​ដែល​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការលាង​លុយកខ្វក់​ ដើម្បី​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិតថា បើ​យើង​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់ និង​ធ្វើការ​ជា​ប្រព័ន្ធ​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការប្រឆាំង​ការលាង​លុយកខ្វក់ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​តំបន់ និង​អន្តរជាតិ​អនុលោម​តាម FATF នោះ ខ្ញុំ​ជឿថា យើង​អាច​ផ្លាស់ប្តូរ​ពី​បញ្ជី​ពណ៌​ប្រផេះ​ទៅជា​ពណ៌​ស វិញ​»​។

កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​ក្រុម​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការលាង​លុយ​កខ្វក់​ (APG)​ ក្នុង​ឆ្នាំ​ ២០០៤ ​។ ជាមួយ​នឹង​ការចូលរួម​នេះ កម្ពុជា​ត្រូវតែ​រាយការណ៍​អំពី​កាតព្វកិច្ច​ហិរញ្ញប្បទាន​ប្រឆាំង​ការលាង​លុយកខ្វក់ និង​ប្រឆាំង​អំពើ​ភេរវកម្ម​របស់ខ្លួន​ជាប្រចាំ ស្រប​តាម​បញ្ហា និង​វិធានការ​ចុងក្រោយ​ដែល​កំណត់​ដោយ APG និង​ FAFT​។

ប្រទេស​កម្ពុជា​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការប្រឆាំង​ការលាង​លុយ​កខ្វក់ និង​ការផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម​តាំងពី​ឆ្នាំ ២០២០៕