ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (Framework Agreement) ជាមួយ​រដ្ឋាភិបាល​ចិន​នៅ​ដើមខែ​វិច្ឆិកា​នៅក្នុង​ការទទួល​ហិរញ្ញប្បទាន​សម្បទាន​ សម្រាប់​ការសាងសង់​ផ្លូវ​ល្បឿន​លឿនទី ​២ ភ្នំពេញ​-​បាវិត​នៃ​ខេត្តស្វាយរៀង ដែល​វិស័យ​ឯកជន​យល់ឃើញ​ថា​ការសាងសង់​ផ្លូវ​ល្បឿន​លឿនទី ​២ នេះ​នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ការដោះដូរ​ទំនិញ​ទ្វេភាគី​ និង​ទេសចរណ៍​រវាង​កម្ពុជា​-​វៀតណាម​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ស្តីពី​សមិទ្ធផល​រយៈពេល ​៥ ​ឆ្នាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី ​២៧ ខែតុលា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បាន​ឱ្យ​ដឹងថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ជា​ផ្លូវ​ថ្មី​ដែល​មាន​ប្រវែង ១៣៨​ គីឡូម៉ែត្រ ត្រើយ​ខាងកើត​ទន្លេមេគង្គ​នឹងមាន​ការសង់ស្ពាន​ថ្មី​ប្រវែង ២,៧​ គីឡូម៉ែត្រ ២ ​គន្លង​ទៅ ២ ​គន្លង​មក​កម្ពស់ ៣៧,៥ ​ម៉ែត្រ​ដូច​ស្ពាន​ហ្សឹបាសា​ (​ស្ពាន​អ្នក​លឿង​)​។

លោក​លើកឡើង​ថា​៖ «​យើង​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ថ្មី ១ ទៀត​ពី​ភ្នំពេញ​-​បាវិត ដើម្បី​តភ្ជាប់​ពី​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ទៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (Framework Agreement) ​យើង​បានធ្វើ​ចប់​សព្វគ្រប់​ហើយ​។ ឥឡូវ​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ យើងខ្ញុំ​កំពុង​ដុតដៃ​ដុតជើង ដោយ​គណៈកម្មការ​អន្តរក្រសួង​កំពុង​ខំប្រឹងប្រែង​ចរចា​ឱ្យបាន​កិច្ចព្រមព្រៀង​សម្បទាន​ ដើម្បី​ចុះហត្ថលេខា​នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា​ខាងមុខ​នៅពេល​នាយករដ្ឋមន្ត្រី លោក លី កេឈាង របស់​ប្រទេស​ចិន​មក​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​»​។

លោក​បន្តថា​៖ «​យើង​ទទួលបាន​ការណែនាំ​អនុសាសន៍​ពី​សម្តេច​ឱ្យ​ខំប្រឹងប្រែង​ធ្វើ​យ៉ាងណា​ចរចា​ឱ្យ​ចប់ ​ដើម្បី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទី​ ២ របស់​យើង​នៅ​ឆ្នាំក្រោយ តាម​ការរំពឹងទុក​របស់​យើង​។ តាម​បទពិសោធ​របស់​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នេះ គេ​យល់ឃើញ​ថា អាច​រៀបចំ​ទាន់​បើក​ការដ្ឋាន​នៅ​ខែ ​៦ ​ឆ្នាំ​ ២០២៣ ​។ នេះ​ជាការ​គ្រោងទុក​របស់​ក្រុមហ៊ុន ប៉ុន្តែ​យើង​ក៏​ជំរុញ​ដែរ​ ដើម្បី​កសាង​ផ្លូវ​ល្បឿនលឿន​ឱ្យបាន ហើយ​នៅពេល​ដែល​យើង​សាងសង់​រួចរាល់​ហើយ​នេះ​ខេត្ត​ទាំងនោះ​នឹងមាន​ការរីកចម្រើន​ដោយសារ​ផ្លូវ​ល្បឿន​លឿន​»​។

ប្រធាន​សមាគម​ភ័ស្ដុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី បាន​ស្វាគមន៍​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំងប្រទេស​។ លោក​បន្តថា សមាគម​បាន​តាមដាន​អំពី​ការសិក្សា​គម្រោង​នៃ​ការរៀបចំ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​នេះ ជា​យូរ​ឆ្នាំ​មកហើយ​។

លោក​និយាយ​ថា​៖ «​ឥឡូវនេះ​រដ្ឋាភិបាល​បាន​ប្រគល់​កិច្ចការ​នេះ​ទៅ​ក្រុមហ៊ុន​ចិន​ ដើម្បី​ទទួល​ការសាងសង់​នៅក្នុង​ឆ្នាំក្រោយ​ដែល​នេះ​ជាការ​ចូលរួម​ចំណែក​យ៉ាងច្រើន​ សម្រាប់​ការជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាមួយ​ប្រទេស​វៀតណាម ជាពិសេស​ប្រទេស​កម្ពុជា​យើង​ និង​វៀតណាម​គឺមាន​ការ​ដោះដូរ​ទំនិញ​យ៉ាងសកម្ម​ក្នុង​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ​»​។

កាលពី​ខែសីហា ឆ្នាំ​ ២០២២ កម្ពុជា និង​វៀតណាម​គ្រោង​នឹង​ដំឡើង​កូតា​រថយន្ត​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង ​២ ​ពី ៥០០ ​គ្រឿង​ទៅ​ ៨០០ ​គ្រឿង នៅ​ចុងឆ្នាំនេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការកើនឡើង​សកម្មភាព​នៃ​ការដោះដូរ​ទំនិញ​។

របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញ​ថា​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​វៀតណាម នៅក្នុង​រយៈពេល ៧ ​ខែ​ដើមឆ្នាំ​ ២០២២ សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ៣ ៧៦៥ ​លាន​ដុល្លារ​កើនឡើង ២២ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ​។ ក្នុងនោះ​ការនាំ​ចេញ​ទៅ​វៀតណាម​មាន​ជាង ១ ៣២៦ ​លាន​ដុល្លារ​កើន ៣,៤​ ភាគរយ និង​កម្ពុជា​នាំ​ពី​វៀតណាម​មាន​ចំនួន​ជាង ២ ៤៣៩ ​លាន​ដុល្លារ កើនឡើង ៣៥,៥ ​ភាគរយ​៕