ភ្នំពេញៈ​ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចុះ​បញ្ជី​ស្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​ដល់​ពលរដ្ឋ​បាន​ចំនួន​ ៣ ២៧១ ​ស្លាក ​ទទួលបាន​ចំណូល​ ២៣​ ប៊ីលាន​រៀល ​និង​បាន​ចុះបញ្ជី​ស្លាកលេខ​ពិសេស (​ថ្នាក់​រាជធានី​-​ខេត្ត​)បាន​ ១៦ ៤៩៥ ស្លាក និង​បាន​ចំណូល​ជាង ១៩ ប៊ីលាន​រៀល ខណៈ​គោលដៅ​បន្ត​ក្រសួង​នឹង​ជំរុញ​បញ្ចប់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​។

នេះ​បើ​តាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥ ​ឆ្នាំ​កន្លង​មក របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​» រៀបចំ​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ២៧ តុលា​ នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី។

លោក​ ស៊ុន​ ចាន់ថុល បាន​ឱ្យដឹង​ថា ចាប់តាំងពី​បើក​ដំណើរការ​ចុះ​បញ្ជី​ស្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៅ​ថ្ងៃទី ៧​ ខែ​មករា ឆ្នាំ​ ២០២០ ​មកដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ​ ២០២២ ​កន្លង​ទៅ​នេះ​ គណៈ​កម្មការ​អន្តរ​ក្រសួង​ចុះ​បញ្ជី​បាន​ចំនួន ១២ ​២៧៨ ស្លាក ​បាន​ចំណូល​ជាង ៩១ ប៊ីលាន​រៀល​។

លោក​បញ្ជាក់​ថា​៖ «​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ការចុះបញ្ជី​ស្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ចំនួន ​៣ ២៧១ ស្លាក ​ដោយ​បាន​ចំណូល​ ២៣ ប៊ីលានរៀល និង​ការ​ចុះបញ្ជី​ស្លាកលេខ​ពិសេស (​ថ្នាក់​រាជធានី​-​ខេត្ត​) បាន​ ១៦ ៤៩៥ ​ស្លាក​ និង​បាន​ចំណូល​ជាង ១៩ ប៊ីលាន​រៀល​»​។

លោក ចាន់ថុល បាន​ឱ្យ​ដឹង​ថា ចាប់ពី​បើក​ដំណើរការ​ចុះបញ្ជី​ស្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​មក​គណៈកម្មការ​អន្តរ​ក្រសួង​បាន​សម្ពោធ​បើកឱ្យ​ដំណើរការ​ជា​ផ្លូវការ​មណ្ឌល​ផ្តល់​សេវា​សាធារណៈ​នៅ​ទីស្តីការ​ក្រសួង ផ្សារទំនើប ​AEON,AEON SEN SOK, Chipmong Noro Mall, “The Heritage Walk” ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប និង​នៅ​ផ្សារទំនើប​ FURI Times Square Mall ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះសីហនុ​។

ទន្ទឹម​នឹង​នេះ​ ក្រសួង​សម្ពោធ​បើក​ឱ្យ​ប្រើ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ្នក​បើកបរ​រថយន្ត​ធុន​ធ្ងន់ បាន​ដាក់​ឱ្យដំណើរការ​សាកល្បង​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ផាកពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​លើ​ទូរស័ព្ទដៃ​។ បាន​ផ្តល់​ម៉ាស៊ីន ​POS ចំនួន​ ៣០០ ​គ្រឿង ដោយ​កំពុង​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្នុងការ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែ​កញ្ញា ឆ្នាំ​នេះ។ ​ចាប់តាំងពី​បើក​ដំណើរការ​ចុះ​បញ្ជី​ស្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​មក​ ក្រសួង​បាន​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដើម្បី​ឆ្មក់​ត្រួតពិនិត្យ​លើ​ការប្រើ​ឯកសារ​យានយន្ត​ក្លែងបន្លំ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ១ បាន​ទទួល​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន ​៥​ ទីតាំង​ក្នុងនោះ​ ១ ទីតាំង​នៅ​ទីស្តី​ការក្រសួង ​និង ៤ ទីតាំង​ទៀត​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ​ក្រោម​កម្មវិធី​អភិវឌ្ឍន៍​របស់ ​UNDP។

លោក​បាន​ឱ្យ​ដឹង​ថា ​ចាប់តាំងពី​បើក​ដំណើរការ​ចុះបញ្ជី​ស្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​​មក​ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ​ ២០២២ ​ក្រសួង​បាន​បញ្ចប់​ការ​កែសម្រួល​អនុក្រឹត្យ​ស្ដី​អំពី​ការ​កំណត់​ល្បឿន​សម្រាប់​យានជំនិះ បាន​ចែក​មួក​សុវត្ថិភាព​សរុប​ ១០ ម៉ឺន និង​បាន​ចែក​ស្ទិកឃ័រ​ចំណាំង​ប្លាត​ជូន​ពលរដ្ឋ​ ៣,៦ លាន​សន្លឹក​បន្ថែមទៀត​,បាន​ឧបត្ថម្ភ​រនាំង​ចំនួន​ ៣ ០០០ ​, កាមេរ៉ា​ចាប់​ល្បឿន ៥ គ្រឿង​ជូន​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ និង​បាន​បញ្ចប់​ការសិក្សា​ផ្លូវ​រថភ្លើង​ក្រោមដី​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ក្រុមហ៊ុន ​CRBC។

ចំពោះ​ការងារ​ត្រៀម​អនុវត្ត​បន្ត​លោក ចាន់ថុល ​បញ្ជាក់​ថា​ក្រសួង​បាន​ជំរុញ​បញ្ចប់​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ និង​ការរៀបចំ​គោល​នយោបាយ​ជាតិ​ដឹកជញ្ជូន​ផ្លូវគោក និង​ជំរុញ​ការសិក្សា និង​រៀបចំ​គោលនយោបាយ​សម្រាប់​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ (EV) ផងដែរ​។

លោក​បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​ជំរុញ​ការអនុវត្ត​កម្មវិធី​ដក​ពិន្ទុ​លើ​ការបើកបរ​លើស​ល្បឿន​កំណត់​ដោយ​មាន​កិច្ចសហការ​ជាមួយ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​នៅ​ទាប​បំផុត ដោយ​បន្ត​សហការ​ឆ្មក់​ត្រួតពិនិត្យ (Spot Check) លើការ​ប្រើប្រាស់​ឯកសារ​យានយន្ត​ក្លែងបន្លំ​ជា​សាធារណៈ​។

ក្រៅពីនោះ​ ក្រសួង​ក៏បាន​បន្ត​ពង្រីក​មណ្ឌល​​ផ្តល់​សេវា​សាធារណៈ​បន្ថែម​នៅតាម​ផ្សារ​ទំនើប​តាម​រាជធានី​​-​ខេត្ត​។ បន្ត​អនុវត្ត​ការងារ​ឆ្មក់​ចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹកជ​ញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ ដើម្បី​បន្ត​បង្ក្រាប បទល្មើស​នៃ​ការដឹក​ជញ្ជូន​លើស​ទម្ងន់​ឱ្យ​កាន់តែ មាន​ប្រសិទ្ធភាព និង​បន្ត​កែលម្អ​ស្ថានីយ​ថ្លឹង​រថយន្ត​ទូទាំង ប្រទេស និង​សាងសង់​ស្ថានីយ​ថ្លឹង​រថយន្ត​បន្ថែម​នៅ​តាម​បណ្តា​ផ្លូវ​សំខាន់ៗ​។

បន្ថែម​ពីនោះ ​ក្រសួង​ក៏​បន្ត​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ចាប់​ល្បឿន​ និង​ទម្ងន់ (AI,Weight in Motion) នៅតាម​ស្ថានីយ​ជញ្ជីង​នីមួយៗ ​និង​ជំរុញ​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ និង​វិស័យ​ឯកជន​ក្នុងការ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល ​និង​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​​ផ្លូវគោក​ផងដែរ​​៕