នៅពេល​ចាប់ផ្តើម​កាន់តំណែង​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី ៣ គោលដៅ​របស់​លោក ស៊ី ជីនពីង គឺ​ធ្វើឱ្យ​ចិន​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​កម្រិត​មធ្យម​ក្នុង​ទសវត្សរ៍​ក្រោយ ដែល​មានន័យ​ថា​សេដ្ឋកិច្ច​នឹងត្រូវ​មាន​កំណើន​ក្នុង​អត្រា​ប្រមាណ ៥%​។ ប៉ុន្តែ​និន្នាការ​សំខាន់ៗ​មាន​ជាអាទិ៍ ប្រជាសាស្ត្រ​មិនល្អ បញ្ហា​បំណុល​ធ្ងន់ធ្ងរ និង​ការធ្លាក់​ចុះ​នៃ​កំណើន​ផលិតភាព ជា​សញ្ញា​បង្ហាញថា​សេដ្ឋកិច្ច​ចិន នឹង​មិន​អាច​វ៉ាដាច់​សេដ្ឋកិច្ច​អាមេរិក​បាន​ឡើយ​ក្នុង​រយៈពេល ៣៨ ទៀត។

​បញ្ហា​ប្រជាសាស្ត្រ​មិនល្អ បំណុល​ធ្ងន់ធ្ងរ និង​ការធ្លាក់ចុះ​នៃ​កំណើន​ផលិតភាព កំពុង​បង្ហាញ​ថា​សក្តានុពល​នៃ​កំណើន​សរុប​របស់​ចិន មាន​ចំនួន​ស្មើនឹង​ពាក់កណ្តាល​នៃ​អត្រា​ដែល​បាន​កំណត់ ៥%។​

​បើ​និយាយ​ត្រឹម​កំណើន​នៃ​សេដ្ឋកិច្ច​ចិន​ក្នុង​អត្រា ២,៥ % គឺ​មកទល់នឹង​ពេលនេះ ចិន​នៅ​មិន​ទាន់​អាច​ធ្វើ​បាន​នៅ​គ្រប់​ទីកន្លែង​នៅ​ឡើយ​ទេ រួមទាំង​ទីក្រុង​ប៉េកាំង​ផងដែរ​។ ឧទាហរណ៍​ក្នុង​ករណី គេ​សន្មត​ថា សហរដ្ឋអាមេរិក​មាន​កំណើន​សេដ្ឋកិច្ច ១,៥% ជាមួយ​នឹង​អត្រា​អតិផរណា​ប្រហាក់​ប្រហែល​គ្នា និង​អត្រា​ប្តូរប្រាក់​ដែល​មាន​ស្ថិរភាព ប្រទេស​ចិន​នឹង​មិន​វ៉ា​ដាច់​អាមេរិក​ក្លាយជា​ប្រទេស​មហា​សេដ្ឋកិច្ច​ពិភពលោក​បាន​ទេ​មុន​ឆ្នាំ ២០៦០។​

​កំណើន​ក្នុង​រយៈពេល​វែង គឺ​អាស្រ័យទៅលើ​ចំនួន​ពលករ​ច្រើន​ជាមុន ចាយលុយ​កាន់​តែច្រើន និង​ចាយ​លុយ​ទាំង​នោះ​កាន់តែ​មាន​ប្រសិទ្ធភាព (​ផលិតភាព​)​។ ប្រទេស​ចិន​ដែលមាន​ចំនួន​ប្រជាជន​ធ្លាក់ចុះ និង​ការ​ថយចុះ​នៃ​កំណើន​ផលិតភាព បាន​និង​កំពុង​ចម្រើន​លូតលាស់​ដោយ​ការចាក់​បញ្ចូល​ដើមទុន​កាន់តែ​ច្រើន​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​អត្រា​មួយ​មិន​ស្ថិតស្ថេរ។​

​ប្រាក់ចំណូល​សម្រាប់​មនុ​ស្សម្នាក់​របស់​ប្រទេស​ចិន​នាពេល​បច្ចុប្បន្ន គឺ ១២ ៥០០ ដុល្លារ ស្មើនឹង​មួយ​ភាគ​ប្រាំ (២០%) នៃ​សហរដ្ឋអាមេរិក​។ សព្វថ្ងៃនេះ នៅ​ក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ចំនួន ៣៨ ប្រាក់​ចំណូល​សម្រាប់​មនុ​ស្សម្នាក់​ក្នុង​ប្រទេស​ពួកគេ មាន​ចំនួន​លើស​ពី​កម្រិត ១២ ៥០០០ ដុល្លារ នា​ប៉ុន្មាន​ទសវត្សរ៍ ក្រោយ​សម័យ​សង្គ្រាម​លោក​លើកទី ២។​

​នៅក្នុង​ប្រទេស​ចំនួន ១៩ ដែលមាន​និរន្តរភាព​កំណើន​សេដ្ឋកិច្ច ២,៥% បន្ទាប់ពី​ឈាន​ដល់​កម្រិត​ប្រាក់​ចំណូល​បច្ចុប្បន្ន​របស់​ប្រទេស​ចិន គ្មាន​ប្រទេស​ណា​មាន​បំណុល​ខ្ពស់​ដូច​ចិន​ទេ​។ បំណុល​សរុប​របស់​ចិន មាន​ចំនួន​ដល់​ទៅ ២៧៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​ភាគច្រើន​នៃ​បំណុល​កើត​ចេញ​ពី​ការផ្តល់​មូលនិធិ​ដល់​ការវិនិយោគ​ផ្នែក​អចលនទ្រព្យ (​ពពុះ​) ដែល​ភាគច្រើន​គឺជា​ការ​ចំណាយ​ខ្ជះខ្ជាយ។​

​ជាការ​ពិតណាស់ មានមតិ​យល់ស្រប​ដែលថា​ប្រទេស​ចិន អាច​សម្រេចបាន​នូវ​គោល​ដៅ​អ្វី​ក៏ដោយ​ដែល​រដ្ឋាភិបាល​បាន​កំណត់​និង​ដាក់ចេញ​។ ក៏ប៉ុន្តែ បញ្ហា​ប្រជាសាស្ត្រ​មិនល្អ បំណុល​ធ្ងន់ធ្ងរ និង​ការ​ធ្លាក់ចុះ​នៃ​កំណើន​ផលិតភាព នាំ​ឱ្យគេ​ព្យាករ​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​របស់​លោក ស៊ី ជីន​ពីង ទំនងជា​មិនអាច​ធ្វើឱ្យ​សេដ្ឋកិច្ច​កើនឡើង​ក្នុង​អត្រា ៥% បាន​ដូច​កម្មវត្ថុ​ដែល​បាន​កំណត់​នោះទេ ហើយ​កំណើន​ទំនង​មាន​ចំនួន​ក្រោម ៣%​។​

​ក្នុង​ឆ្នាំ ២០១០ អ្នក​ព្យាករ​លេចធ្លោ​ជាច្រើនរូប បាន​គិតថា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន អាច​វ៉ា​ដាច់​សេដ្ឋកិច្ច​អាមេរិក តាំងពី​ឆ្នាំ ២០២០​។ ចំណែក​នៅ​ឆ្នាំ ២០១៤ វិញ អ្នកជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន​ថែមទាំង​បាន​អះអាង​ទៀតថា​ ចិន​គឺជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក ទាក់ទង​នឹង​ភាព​ស្មើគ្នា​នៃ​អំណាច​ទិញ។​

​ផ្ទុយទៅវិញ រូបិយប័ណ្ណ​ចិន បាន​ធ្លាក់ចុះ ហើយ​សេដ្ឋកិច្ច​របស់​មហា​យក្ស​អាស៊ី​មួយ​នេះ នៅ​តែ​តូច​ជាង​សហរដ្ឋអាមេរិក​ប្រមាណ ៣៣% ហើយ​បន្ទុក​បំណុល គឺជា​ក្តី​ព្រួយបារម្ភ​ដ៏​ចម្បង​សម្រាប់​រដ្ឋអំណាច​ក្រុង​ប៉េកាំង​ក្នុង​ការឈាន​ជើង​ទៅ​ក្តោប​ក្តាប់​តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី ១។​

​លើសពីនេះ ក្រុម​អ្នកជំនាញ បាន​ព្យាករ​ថា​កំណើនសេដ្ឋកិច្ច​ចិន​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ឆ្នាំ ២០២២ នេះ មាន​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន រាប់​គិតពី​តាំងពី​ឆ្នាំ ២០២០ មក​។ រដ្ឋាភិបាល​ចិន ក្រោម​ការ​គ្រប់គ្រង​របស់​លោក ស៊ី ធ្លាប់​បាន​ដៅ​កំណើន​សេដ្ឋកិច្ច​ឱ្យបាន ៥,៥% សម្រាប់​ឆ្នាំ ២០២២ ក៏ប៉ុន្តែ សម្រាប់​អ្នក​ជំនាញ ចិន​ទំនង​មិន​អាច​សម្រេច​តាម​គោលដៅ​របស់​ខ្លួន​នេះ​ទេ​។ កាលពី​សប្តាហ៍​ទី ២ នៃ​ខែតុលា​នេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ចិន នៅ​ត្រឹម ៣,៣% ក្នុង​ឆ្នាំ ២០២២។​

​ជារួម​មក កំណើនសេដ្ឋកិច្ច​ក្នុង​ចំនួន ២,៥% ជះ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​មហិច្ឆតា​របស់​ប្រទេស​ចិន ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ឈោង​ចាប់​តំណែង​មហាអំណាច​ពិភពលោក​ផុត​លេខ ទាំង​ផ្នែក​សេដ្ឋកិច្ច ការទូត និង​យោធា៕

វីដេអូ៖