ភ្នំពេញៈ នៅ​ឆ្នាំ​ ២០២៣ ខាងមុខនេះ កម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹងមាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៦,៦ ភាគរយ ដែល​កំណើន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​សំខាន់ៗ​ចំនួន​ ៣ ក្នុង​ឆ្នាំ​ ២០២២ គឺ​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង វិស័យ​សេវាកម្ម​។ នេះ​បើតាម​លទ្ធផល​នៃ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី ២៨ ខែតុលា​។

​សេចក្តីប្រកាស​ព័ត៌មាន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី​លទ្ធផល​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ពិនិត្យ​ពិភាក្សា​លើ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​ ២០២៣​ បានឱ្យដឹងថា សម្រាប់​ឆ្នាំ​២០២៣ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​សម្រេចបាន​អត្រាកំណើន​ក្នុង​រង្វង់ ៦,៦% ដែល​ធ្វើឱ្យ ផ​.​ស​.​ស​. ថ្លៃ​បច្ចុប្បន្ន​ស្ថិតក្នុង​រង្វង់ ១៣១ ២៧៦ ប៊ី​លាន​រៀល សមមូល​នឹង​ប្រមាណ ៣២ ២៩១ លាន​ដុល្លារ​អាមេរិក ស្រប​ពេលដែល ផ​.​ស​.​ស​. សម្រាប់​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ១ ៩២៤ ​ដុល្លារ​អាមេរិក បើ​ធៀប​នឹង ១ ៧ ៨៥​ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​ ២០២២​។

​សេចក្តីប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់ថា​៖ «​កំណើន​នេះ ត្រូវបាន​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​នៃ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​ក្នុង​ឆ្នាំ​ ២០២២ ដូចជា វិស័យ​ឧស្សាហកម្ម​មាន អត្រាកំណើន ៩,២% (៩% ក្នុង​ឆ្នាំ​ ២០២២) វិស័យ​សេវាកម្ម​មាន​អត្រាកំណើន ៦,៦% (៤,៣% ក្នុង​ឆ្នាំ​ ២០២២) និង​វិស័យ កសិកម្ម​មាន​អត្រាកំណើន​១,១% (០,៧% ក្នុង​ឆ្នាំ​ ២០២២)»​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា នៅក្នុង​ឆ្នាំ​ ២០២៣ អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ ត្រូវបាន​រំពឹងថា កើនឡើង​ក្នុង​រង្វង់ ២,៥%​។ អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​ប៉ាន់​ស្មានថា នឹង​នៅតែ​បន្ត​មាន​ស្ថិរភាព ក្នុង​រង្វង់ ៤ ០៦៥ ​រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក​។ ឱនភាព​គណនី​ចរន្ត​(​រួមបញ្ចូល​បង្វែរ​) ត្រូវបាន​ព្យាករ ថា​រួម​តូច​មក​ត្រឹម ១៤,១% នៃ ផ​.​ស​.​ស​.​។ ដោយឡែក ទុនបម្រុង អន្តរជាតិ​សរុប​ត្រូវបាន​រំពឹងថា​នឹង បន្ត​កើន​ឡើងដល់ ២២ ១៤៩ លាន​ដុល្លារ​អាមេរិក ដែល​ធានា​ការនាំ​ចូល​បាន ៧,៦ ​ខែ​។

​ចំពោះ​ក្របខ័ណ្ឌ​ថវិកា​ឆ្នាំ​ ២០២៣ ចំណូល​ក្នុងប្រទេស​ថវិការដ្ឋ ត្រូវបាន​គ្រោង​ចំនួន ២៩ ៣១២ ប៊ី​លាន​រៀល ត្រូវជា​ ២២,៣៣% នៃ ផ​.​ស​.​ស​. ដែលមាន​ការកើនឡើង​ ១៤,៥% ធៀប​នឹង​ច្បាប់​ថវិកា ឆ្នាំ​ ២០២២​។ ក្របខ័ណ្ឌ​ថវិកា​ឆ្នាំ​ ២០២៣ មាន​គោលដៅ បង្កើន​ចំណូល​ចរន្ត​ថវិការដ្ឋ​ឱ្យបាន​ស្មើនឹង ២១,៤៦% នៃ​ផ​.​ស​.​ស​. ដែលមាន​ការកើនឡើង​ចំនួន ១,២៧ ពិន្ទុ​ភាគរយ នៃ ផ​.​ស​.​ស​. ធៀប​នឹង ច្បាប់​ថវិកា​ឆ្នាំ​ ២០២២ ពោលគឺ​នឹង​សម្រេចបាន​ខ្ពស់ ជាង​គោលដៅ​នៃ​ការប្រមូល ចំណូល​ចរន្ត​ថវិការដ្ឋ ដែល​ត្រូវបាន​កំណត់ឱ្យ​កើន​ជា​មធ្យម ០,៣ ពិន្ទុ​ភាគរយ នៃ ផ​.​ស​.​ស​. ក្នុង​មួយឆ្នាំ នៅក្នុង​យុទ្ធសាស្ត្រ កៀរគរ​ចំណូល ឆ្នាំ​ ២០១៩-២០២៣៕