ភ្នំពេញៈ កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ ​២០២៣ ខាងមុខ​ត្រូវ​ព្យាករ​ថា នឹង​សម្រេចបាន​អត្រាកំណើន ៦,៦​ ភាគរយ ខណៈ​ផលិតផល​ក្នុងស្រុក​សរុប ​(​ផសស​) ​សម្រាប់​មនុស្ស​ម្នាក់ នឹង​កើន​ដល់ ១ ៩២៤ ​ដុ​​ល្លារ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ហិ​រញ្ញ​វត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣ ដែល​រៀបចំ​ដោយ​ក្រ​​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត​ទាំងស្រុង​ក្នុង​កិច្ចប្រជុំ​ កាលពី​ថ្ងៃទី ​២៨ ខែតុលា បានឱ្យដឹងថា តាម​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ​២០២៣ ខាងមុខ នឹង​សម្រេចបាន​កំណើន​អត្រា ៦,៦ ​ភាគរយ ដែល​ធ្វើឱ្យ ផសស ថ្លៃ​បច្ចុប្បន្ន​ស្ថិតក្នុង​រង្វង់ ​១៣១ ២៧៦​​ ពាន់​ ​លាន​រៀល ឬ​សម​​មូល​នឹង ៣២ ២៩១​​ លាន​ដុល្លារ ​ស្រប​ពេលដែល ផសស សម្រាប់​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ១ ៩២៤​ ដុល្លារ បើ​ធៀប​នឹង ១ ៧៨៥​ ដុល្លារ ​ក្នុង​ឆ្នាំ​ ២០២២​។​

​ក្រសួង​សេដ្ឋកិច្ច​បានលើកឡើង​ថា​៖ «​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​​ ២០២៣ នឹងត្រូវ​គាំទ្រ​ដោយ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​ចំនួន ៣ គឺ​ឧស្សាហកម្ម​, សេវាកម្ម​, និង​កសិកម្ម​»​។​

​យោងតាម​សេចក្តីព្រាងច្បាប់​ខាងលើ គឺ​វិស័យ​ឧស្សាហកម្ម ត្រូវ​ព្យាករ​ថា នឹង​បន្ត​និន្នាការ​កើនឡើង​ក្នុង​អត្រា ៩,២ ​ភាគរយ ​ក្នុង​ឆ្នាំ ​២០២៣ គឺ​ប្រហាក់​​ប្រហែល​នឹង​កំណើន​ឆ្នាំ​ ២០២២ ក្នុង​អត្រា ៩,០ ​ភាគរយ ដោយសារ​ការរំពឹងទុក​លើ​ការបន្ត​កំណើន​រឹងមាំ​នៃ​អនុ​​វិស័យ​កាត់ដេរ និង​កម្មន្តសាល​មិនមែន​កាត់ដេរ ខណៈ​អនុវិស័យ​សំណង់​ត្រូវបាន​ព្យាករ​ថា ​នៅ​បន្ត​ងើប​ឡើងវិញ​ក្នុង​អត្រាកំណើន​ទាប​ជាង​និន្នាការ​ធម្មតា ​(​មុន​វិបត្តិ​កូ​វីដ​ ១៩), វិស័យ​សេវាកម្ម ត្រូវបាន​ព្យាករ​ថា ​នឹង​បន្ត​កើនឡើង​ក្នុង​អត្រា ៦,៦ ​ភាគរយ ​ក្នុង​ឆ្នាំ ​២០២៣ ពី​កំណើន ៤,៣ ​ភាគរយ​ក្នុង​ឆ្នាំ ​២០២២ ដោយសារ​ការបន្ត​ងើបឡើង​នូវ​សកម្ម​​ភាព​សេដ្ឋកិច្ច​ក្នុងស្រុក ពិសេស​អនុ​​វិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន និង​វិស័យ​គាំទ្រ​ទេសចរណ៍​ផ្សេងៗ​​ទៀត​, និង​វិស័យ​កសិកម្ម ត្រូវបាន​រំពឹងថា នៅ​បន្ត​និន្នាការ​កើនឡើង​ក្នុង​អត្រា ១,១ ​ភាគរយ ​ក្នុង​ឆ្នាំ ​២០២៣ ធៀប​នឹង ០,៧​ ភាគរយ​ ក្នុង​ឆ្នាំ ​២០២២ ដោយ​​សារ​ការរំពឹងទុក​លើ​ការបន្ត​រក្សា​កំណើន​ល្អប្រសើរ​នៃ​អនុវិស័យ​ដំណាំ និង​ចិញ្ចឹមសត្វ ស្របពេល​អនុវិស័យ​នេសាទ ត្រូវបាន​រំពឹងថា​នឹង​ងើប​ឡើងវិញ​។​

​ទោះយ៉ាងណា​ជាមួយ​សុទិដ្ឋិនិយម​ខាងលើ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​កំណើន​សេដ្ឋ​​កិច្ច និង​បង្ក​ភាពរអាក់រអួល​ដល់​កិច្ច​​អភិវឌ្ឍន៍​ជារួម​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ ​២០២៣ បាន​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ជំរុញ​អនុវត្ត ​«​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្ម​វិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ ២០២១-២០២៣» ក្នុង​គោលបំណង​ស្តារ និង​ពង្រឹង​សក្តានុពល​នៃ​ចន្ទល់​កំណើនសេដ្ឋកិច្ច​ឱ្យ​រស់​រវើក និង​ត្រឡប់​ទៅ​កំ​​ណើ​ន​សក្តានុពល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​, ចាប់យក​ឱ្យបាន​នូវ​កា​​លា​នុ​វត្ត​ភាព​ថ្មីៗ​ដែល​កំពុង​លេចឡើង ស្រប​នឹង​និន្នាការ​តំបន់ និង​សកល​និង​កសាង​ភាព​ធន់​នៃ​សង្គម​-​សេដ្ឋកិច្ច​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៣០ ខែតុលា​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹងមាន​ភាពល្អប្រសើរ​កាន់​តែ​ខ្លាំង​ចាប់ពី​ឆ្នាំ ​២០២២ នេះតទៅ ព្រោះ​ក្រៅពី​លក្ខណៈ​អំណោយ​​ផល​នៃ​កត្តា​ក្នុងស្រុក ​(​ស្ថិរភាព​ន​យោ​​បាយ ច្បាប់​វិនិយោគ និង​មាន​ប្រព័ន្ធ​ដឹកជញ្ជូន​ល្អ​) កម្ពុជា​ក៏​ជា​ប្រទេស​មាន​ទីផ្សារ​អន្តរជាតិ​ធំ​ទូលាយ​សម្រាប់​នាំ​​ចេញ​ទំនិញ​ផងដែរ​។

លោក​បន្តទៀតថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​កន្លងមក​ដូចជា CCFTA, CKFTA, និង RCEP រួមទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយចំនួន​ដូចជា EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​អាមេរិក នឹង​អាច​នាំ​កម្ពុជា​ឱ្យទទួល​បានការ​រីកលូតលាស់​សេដ្ឋ​​កិច្ច​កាន់តែ​លឿន និង​រឹងមាំ​។​

​លោក​បន្ថែមថា ចំនួន​ក្រុមហ៊ុន​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​យល់ព្រម​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ក៏មាន​ចំនួន​កាន់តែច្រើន​ផងដែរ​រៀងរាល់ឆ្នាំ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​​ ចាប់ពី​ឆ្នាំ​ ២០២២ និង​ឆ្នាំ​បន្តបន្ទាប់​ទៅមុខ​នឹងមាន​កំណើន​ទាំង​ការនាំ​ចូល​-​នាំចេញ ទំនិញ ព្រោះ​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ដែល​កម្ពុជា​បាន​ចុះ​ហត្ថ​លេ​​ខា នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​នូវ​ភាព​វិ​ជ្ជ​មាន​កាន់តែច្រើន​»​។​

​លោក​លើកឡើង​ទៀតថា ខណៈ​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ​នឹងមាន​ថ្នាក់​ដឹក​​នាំ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​រៀបចំ​នៅ​ប្រទេស​កម្ពុជា​នោះ វា​នឹង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ជាច្រើន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​ធនាគារពិភពលោក​ (WB) កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៣ នឹង​កើន​ឡើងដល់ ៥,២​ ភាគរយ​ដែល​ត្រូវបាន​គាំទ្រ ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ការប្រើប្រាស់​ក្នុងស្រុក ខណៈ​អត្រា​ការងារ​កើនឡើង​រួមជាមួយ​នឹង​ការប្រើប្រាស់​របស់​រដ្ឋាភិបាល​ដ៏​រឹងមាំ ក្នុងអំឡុងពេល​ឆ្នាំ​បោះឆ្នោត ហើយ​អតិផរណា​បាន​ធ្លាក់ចុះ​។ ឧស្សាហកម្ម​ធ្វើដំណើរ ទេសចរណ៍ និង​ប​ដិ​ស​ណ្ឋា​រ​កិច្ច ត្រូវ​រំពឹងថា​ នឹងមាន​ការជំរុញ​ដែល​បាន​គាំទ្រ​ដោយ​ការស្ដារ​ឡើងវិញ​នៃ​តម្រូវការ​ក្នុងស្រុក និង​ទេសចរណ៍​។​

​សម្រាប់​អត្រា​អតិផរណា​នៅក្នុង​ឆ្នាំ ​២០២៣ ត្រូវ​រំពឹងថា កើនឡើង​ក្នុង​រង្វង់ ២,៥ ​ភាគរយ ​ដោយសារ​ការរំពឹងទុក​លើ​ការវិលត្រឡប់​ទៅរក​និន្នាការ​ធម្មតា​វិញ​នៃ​ថ្លៃ​ប្រេង​អន្តរជាតិ​។ ចំពោះ​អត្រា​ប្តូរប្រាក់​រៀល​ធៀប​ទៅនឹង​ប្រាក់​ដុល្លារ​អាមេរិក ត្រូវប៉ាន់​ស្មានថា នឹង​នៅ​បន្ត​មាន​ស្ថិរភាព​ក្នុង​រង្វង់ ៤ ០៦៥ រៀល​ ក្នុង​ ១ ​ដុល្លារ​៕