ភ្នំពេញៈ ប្រាក់​បញ្ញើ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ (MDI) ទាំង ​៥ សម្រេច​បាន​ចំនួន ៤,៧ ​ពាន់​លាន​ដុល្លារ កើន​ជាង ២២ ​ភាគរយ​ ខណៈ​អ្នកតំណាង​ក្នុង​វិស័យនេះ​អះអាង​ថា កំណើន​ដ៏ច្រើន​នេះ​ឆ្លុះបញ្ចាំង​អំពី​ការទទួល​បាន​ទំនុកចិត្ត និង​ការយល់ដឹង​អំពី​សារប្រយោជន៍​របស់​សាធារណជន​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​។

យោងតាម​របាយការណ៍​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​(CMA) ​គិត​ត្រឹម​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២២ គ្រឹះស្ថាន-​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ទាំង​ ៥ បាន​ទទួល​ប្រាក់​បញ្ញើ​សរុប ៤,៧ ​ពាន់​លាន​ដុល្លារ​កើន​ជាង ២២ ​ភាគរយ​ពី​អតិថិជន​ប្រមាណ ២,៦ ​លាន​នាក់​។

លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល CMA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែ​តុលា​ថា ចំនួន​ប្រាក់​បញ្ញើ​បាន​កើន​ជា​លំដាប់ តាមរយៈ​សេវាកម្ម​ដែល​មាន​ភាពច្នៃប្រឌិត និង​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ការ​កើនឡើង​នេះ គឺ​ឆ្លុះបញ្ចាំង​អំពី​ការខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​របស់​គ្រឹះស្ថាន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​អំពី​សារប្រយោជន៍​នៃ​ការសន្សំ​ប្រាក់​ដល់​សាធារណជន​។ លើសពីនេះ​ទៀត ពេលបច្ចុប្បន្ន MDIs ទាំងអស់​បាន​ខិតខំ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ខ្លួន​ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ថ្មីៗ និង​កាន់តែ​ងាយស្រួល​ដូច​ធនាគារ​ដែរ ដូចជា​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ជាដើម​។ ជាមួយ​គ្នា​នេះ​យើង​បានផ្តល់​នូវ​អត្រា​ការប្រាក់​អាច​លើស​ធនាគារ​ពាណិជ្ជ​មួយ​ចំនួន​សម្រាប់ Fixed Deposit ដែលជា​ការទាក់ទាញ​មួយ​ធ្វើឱ្យ MDIs អាច​ទទួល​បាន​ប្រាក់​បញ្ញើ​ច្រើន​»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ យល់ឃើញ​ថា ប្រជាពលរដ្ឋ​មានការ​យល់ដឹង​កាន់តែ​ច្រើន​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ស្រប​ពេល​ការបន្ត​កើនឡើង​សន្សឹមៗ​នៃ​សេដ្ឋកិច្ច​ជា​កត្តា​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការសន្សំ​កាន់តែ​ច្រើន​។

លោក​ថ្លែងថា​៖ «​ការកើនឡើង​ប្រាក់​បញ្ញើ​របស់​គ្រឹះស្ថាន​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ក៏​ជា​ការយល់ឃើញ​អំពី​កំណើន​សន្សឹមៗ​នៃ​សេដ្ឋកិច្ច​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការប្រយ័ត្ន​ប្រយែង​ទៅលើ​ការចាយវាយ​ដោយ​ជំនួស​មកវិញ​នូវ​ការ​សន្សំ​»​។

ទោះយ៉ាងណា លោក​នៅតែ​លើក​ទឹកចិត្ត​ឱ្យ​ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បន្ត​ជំរុញ​យន្តការ​នានា​ក្នុង​ការកៀរគរ​ប្រាក់​សន្សំ​ក្នុង​ស្រុក​ជាជាង​ការរក​ទុន​ពី​ខាងក្រៅ​។ លោក​បន្តថា នាពេល​បច្ចុប្បន្ន​ទុន​ដែល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ពឹងផ្អែក​ខ្លាំង​គឺ​ពី​ខាងក្រៅ​ដែល​ស្មើនឹង ១០ ​ដង​នៃ​ទុន​ក្នុងស្រុក​។

ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) កាលពី​ថ្ងៃ​ទី​ ៦ ខែធ្នូ ឆ្នាំ ​២០២១ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ស្តីពី​ការបញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​ថ្មី​ សម្រាប់​ប្រកប​អាជីវកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ដោយ​លើកឡើង​ថា ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​សមត្ថភាព​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក៏​ដូចជា​ការត្រួតពិនិត្យ សំដៅ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។

លោក សុខ វឿន រំពឹង​ថា ប្រាក់​បញ្ញើ​របស់ MDIs នឹងមាន​កំណើន​ដល់ ៣០ ​ភាគរយ​នៅត្រឹម​ដំណាច់​ឆ្នាំនេះ ធៀប​ឆ្នាំ​ ២០២១ ​។ លោក​បញ្ជាក់ថា​៖ «​ការកើនឡើង​ចំនួន​គណនី និង​សមតុល្យ​ប្រាក់​បញ្ញើ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការ​សន្សំ​»៕