​ភ្នំពេញៈ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ជាង ១,២៦ ​លាន​នាក់​ក្នុង​រយៈ​​ពេល ​៩ ​ខែ ​ឆ្នាំ ​២០២២ កើន​ជាង ៨៦១​ ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ថៃ និង​វៀតណាម មាន​ចំនួន​ជាង ៥៩ ​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​។​

​ទិន្នន័យ​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុនបង្ហាញថា ក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើ​​ដំណើរ​មក​កម្ពុជា ​១ ២៦៥ ៧៧២​ នាក់​ ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២២ គឺ​ភ្ញៀវ​មកពី​ប្រទេស​​ថៃ មាន​ចំនួន ៤៦២ ៧០៥ ​នាក់ កើនឡើង ៦១៧,៨ ​ភាគ​រយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ដែល​ស្មើនឹង ៣៦,៦ ​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​សរុប និង​ភ្ញៀវ​ជនជាតិ​វៀតណាម មាន​ចំនួន ២៨៥ ១៦៣​ នាក់ កើនឡើង ៣ ៦២៨,១​ ភាគរយ ស្មើ ២២,៥​ ភាគរយ​។​

​ក្រៅពី​ប្រទេស​ទាំង ២ គឺមាន​មកពី​ប្រទេស​ចិន ៦២ ៤២៥ ​នាក់ ស្មើ​ចំណែក ៤,៩​ ភាគរយ​, ឥណ្ឌូនេស៊ី ៤៩ ៩០៣​ នាក់ ស្មើ ៣,៩​ ភាគរយ​, អាមេរិក ៤៩ ៨០២​ នាក់ ស្មើ ៣,៩​ ភាគរយ​, ឡាវ ៣៨ ៧៨៣ ​នាក់ ស្មើ ៣,១​ភាគរយ​, កូរ៉េ ៣៦ ៤០៤ ​នាក់ ស្មើ​ ២,៩​ ភាគរយ និង​ប្រទេស​មួយចំនួនទៀត​ដូចជា ម៉ាឡេស៊ី បារាំង និង​ចក្រភព​អង់គ្លេស​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី ​៣០ ខែតុលា​ថា ចំនួន​ភ្ញៀវ​​ទេសចរ​បរទេស​មក​ទស្សនា​ប្រាសាទអង្គរវត្ត​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ ភ្ញៀវ​ភាគច្រើន គឺ​មកពី​ប្រទេស​នៅជាប់​ព្រំដែន​កម្ពុជា ជាពិសេស​ជនជាតិ​ថៃ ខណៈ​មុនពេល​ការ​​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ ​១៩ ភាគ​​ច្រើន​ជា​ជនជាតិ​ចិន​។

​លោក​បន្តថា ទោះ​ពេលនេះ​កម្ពុជា​មិនទាន់​ទទួលបាន​ភ្ញៀវ​ពី​ប្រទេស​ឆ្ងាយៗ​ច្រើន​ដូច​មុន ប៉ុន្តែ​ភ្ញៀវ​ប្រទេសជិតខាង ​គឺ​ពិតជា​កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​​កម្ពុជា​អាច​រក្សា​និរន្តរភាព​របស់ខ្លួន​ឡើងវិញ​បន្ទាប់ពី​ធ្លាក់ចុះ​ដល់​សូន្យ​ក្នុង​រយៈពេល​ជាង ២ ​ឆ្នាំកន្លងមក​។​

​លោក​ប្រាប់ថា​៖ «​ក្នុងអំឡុង​​ពេល​ការបើក​ទទួលភ្ញៀវ​បរទេស​ឡើងវិញ​ជិត ១ ​ឆ្នាំ​មកនេះ ភ្ញៀវ​មកពី​ប្រទេសជិតខាង ពិសេស​មកពី​ប្រទេស​ថៃ គឺមាន​ចំនួន​លើសលប់​។ ទោះយ៉ាងណា​យើង​រំពឹងថា នៅពេល​ឆាប់ៗ​នេះ​នឹងមាន​ភ្ញៀវ​មកពី​ប្រទេស​ឆ្ងាយៗ​ចូលមក​កម្សាន្ត​ដែរ​»​។​

​បើតាម​លោក ខៀវ ធី ភាគ​ច្រើន​នៃ​ភ្ញៀវ​មកពី​ប្រទេស​ជិត​​ខាង គឺ​ធ្វើដំណើរ​មក​កម្ពុជា​តាម​រយៈផ្លូវ​គោក​។​

​យោងតាម​ក្រសួងទេសចរណ៍ ក្នុងចំណោម​ភ្ញៀវ​បរទេស​ដែល​បានមក​កម្ពុជា​ទាំង ១ ២៦៥ ៧៧២​ នាក់ គឺ​មក​តាម​ផ្លូវគោក ចំនួន ៧៨៨ ៥៨០ ​នាក់ ស្មើនឹង ៦២,៣​ ភាគរយ ភ្ញៀវ​តាមផ្លូវ​អាកាស ៣៧​ ភាគរយ និង​តាម​ផ្លូវទឹក ០,៧​ ភាគរយ​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវ​លីន បាន​និយាយថា ក្នុងដំណាក់កាល​ពិភពលោក​នៅ​មិនទាន់​អាច​គ្រប់គ្រង​ជំងឺ​កូ​វីដ ​១៩ បាន ព្រមទាំង​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​មិនទាន់​ច្បាស់លាស់ វិស័យ​ទេសចរណ៍​របស់​ប្រទេស​នីមួយៗ​គឺ​ត្រូវ​ពឹងផ្អែក​ប្រទេសជិតខាង ឬ​ក្នុង​តំបន់​ជាសំខាន់​។ ក្នុងដំណាក់កាល​នេះ​ការរៀបចំ​គោលការណ៍​ផ្សេងៗ​ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ពី​ប្រ​ទេស​ជិតខាង គឺ​ចាំបាច់​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ភ្ញៀវ​ពី​ប្រទេសជិតខាង​កំពុង​ក្លាយជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​នៃ​ការស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូ​វីដ ​១៩​។ ទោះ​ពួកគេ​មិន​ចំណាយ​ច្រើន​ដូច​ភ្ញៀវ​មកពី​តំបន់​អឺរ៉ុប និង​អាមេរិក ប៉ុន្តែ​វត្តមាន​របស់​ពួកគេ គឺ​ពិតជា​សំ​​ខាន់​ណាស់​ក្នុង​ពេលនេះ​»​។​

​កាលពី​ថ្ងៃទី​ ១៩ ខែកញ្ញា លោក ហោ សារុន រដ្ឋលេខា​ធិ​​ការ​ក្រសួងទេសចរណ៍បានឱ្យដឹងថា ថ្នាក់ដឹកនាំ​ក្រសួង​ទេស​​ចរណ៍​ចង់​ធ្វើសំណើ​ទៅ​រដ្ឋា​ភិ​បាល​ដើម្បី​អនុញ្ញាតឱ្យ​ប្រជាជន​​ថៃ​ដែល​រស់នៅ​ខេត្ត​ជាប់​ព្រំដែន​​កម្ពុជា អាច​ឆ្លង​មក​ខេត្ត​សៀម​​រាប ដែលជា​ខេត្ត​ទី​២ (​បន្ទាប់​ពី​ខេត្ត​ទី​១ នៅជាប់​ព្រំដែន​) ដោយ​គ្រាន់តែ​ប្រើប្រាស់​បណ្ណ​​ព្រំដែន Border Pass (​មិនចាំបាច់​មាន​លិខិតឆ្លងដែន​)​។​

​លោក​ពន្យល់ថា បើ​ប្រជាជន​​ថៃ​រស់នៅ​ខេត្ត​ស្រះកែវ ពេល​ចូលមក​ខេត្តបន្ទាយមានជ័យ ហើយ​អាច​ចូលមក​ខេត្ត​សៀម​​រាប​, អ្នក​នៅ​ខេត្ត​សុ​រិ​ន្ទ្រ ពេល​ចូលមក​ខេត្ត​ឧ​ត្ត​រ​មានជ័យ អាច​ចូល​បន្ត​មក​ខេត្តសៀមរាប​បាន និង​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ភ្ញៀវ​ពី​ប្រទេស​ថៃ​កាន់តែច្រើន​។​

​លោក សារុន បាន​ថ្លែងថា​៖ «​ប្រជាជន​ថៃ​ខ្លះ​ពួកគាត់​ចង់​មកលេង​ប្រាសាទអង្គរវត្ត តែ​គាត់​អត់​មាន​លិខិតឆ្លងដែន ដូច្នេះ​បើ​គាត់​រស់នៅ​ខេត្ត​ជាប់​ព្រំដែន​គាត់​អាច​ស្នើសុំ​បណ្ណ​ព្រំដែន​នឹង​អាច​ចូលមក​ទស្សនា​រមណីយ​​ដ្ឋា​ន​អង្គរ​បាន​»​។​

​បើតាម លោក សារុន បើ​ការ​​អនុវត្ត​យ៉ាង​ដូច្នេះ កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​បន្ថែម​ពី​វិស័យ​ទេសចរណ៍ តាមរយៈ​ការ​មក​ទស្សនា​ផ្ទាល់​របស់​ភ្ញៀវ​ដែលជា​ប្រជាជន​ថៃ​រស់​នៅតាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​៕