ភ្នំពេញៈ កម្ពុជា​រំពឹង​ថា វេទិកា​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​នៃ​ពិព័រណ៍​បច្ចេក​វិទ្យា​កម្ពុជា ២០២២ នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​មាន​ដំណើរ​ការ​ទៅ​មុខ​កាន់​តែ​លឿន ព្រម​ទាំង​អាច​ប្រមូល​បាន​នូវ​ធាតុ​ចូល​ល្អ​ៗ​ ដើម្បី​រៀបចំ​សេចក្តី​ព្រាង​គោល​នយោ​បាយ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​កម្ពុជា​ផង​ដែរ​។

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​គណៈ​កម្មការ​សេដ្ឋ​កិច្ច និង​ធុរកិច្ច​ឌីជីថល(គសធឌ) កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​តុលា ​ឱ្យ​ដឹង​ថា អម​ជាមួយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ឧស្សាហ​កម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យានិង​នវានុវត្តន៍ រៀបចំ​ពិព័រណ៍​បច្ចេក​វិទ្យា​កម្ពុជា ២០២២ នា​ថ្ងៃ​ទី​ ១១ ដល់​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត និង​ពិព័រណ៍​កោះ​ពេជ្រ។​ វេទិកា​នេះ ត្រូវ​បាន​សហការ​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ គណៈ​កម្មាធិការ​សេដ្ឋកិច្ច និង​ធុរ​កិច្ច​ឌីជីថល​ ធនាគារ​ជាតិ​នៃ​កម្ពុជា មជ្ឈ​មណ្ឌល​បណ្តុះ​​ធុរកិច្ច​ថ្មី «តេជោ» និង CamTech Summit ដែល​គាំទ្រ​ដោយ​ក្រុម​ហ៊ុន​ព្រូដិន​សល​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា និង​សមាគម​សហ​ព័ន្ធ​ហិរញ្ញ​វត្ថុ និង​បច្ចេក​វិទ្យា​នៃ​កម្ពុជា។ វេទិកា​នេះ គឺ​ជា​ពិព័រណ៍​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​លើក​ដំបូង​នៅ​កម្ពុជា ហើយ​ក៏​ត្រូវ​បាន​ធ្វើ​បញ្ចូល​គ្នា​ជាមួយ​នឹង​ព្រឹត្តិ​ការណ៍ CamTech Summit ប្រចាំឆ្នាំ​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា៖​ «​វេទិកា​នេះ​មាន​គោល​បំណង​គាំទ្រ និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឌីជីថល និង​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ដោយ​កៀរគរ​និយត​ករ វិស័យ​ឯកជន ក៏​ដូច​ជា​ស្ថាប័ន​ជាតិ និង​អន្តរ​ជាតិ​ពាក់​ព័ន្ធ​មក​ជួប​ជុំគ្នា យល់​ដឹង​បន្ថែម និង​កាន់​តែ​ច្បាស់​ពី​និន្នាការ និង​នវានុវត្តន៍ ឬ​ផលិត​ផល​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ ព្រម​ទាំង​ពិភាក្សា​ពី​កាលានុវត្ត​ភាព និង​បញ្ហា​ប្រឈម​នានា​ដើម្បី​ពង្រឹ និង​ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី ​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​កម្ពុជា ដោយ​ក្ដោប​យក​ឱកាស​ជា​អតិបរមា​ពីនវានុវត្តន៍​ទាំង​នោះ ព្រម​ទាំង​សម្រប និង​ត្រៀម​ខ្លួន​សម្រាប់​ការ​វិវឌ្ឍ​ដ៏​រហ័ស​នៃ​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា»។

លិខិត​បាន​បន្ត​ថា៖​ «​វេទិកា​នេះ ក៏​មាន​បំណង​ដើម្បី​ប្រមូល​ធាតុ​ចូល​ល្អៗ និង​ជាក់​លាក់​បន្ថែម​ក្នុង​ដំណើរ​ការ​រៀបចំ​សេចក្តី​ព្រាង​គោល​នយោ​បាយ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​កម្ពុជា ដែល​មាន​លក្ខណៈ​មុត​ស្រួច និង​ងាយបត់​បែន»។

វេទិកា​ត្រូវ​បាន​រំពឹង​ថា នេះ​នឹង​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ គណៈ​កម្មាធិការ​សេដ្ឋកិច្ច និង​ធុរកិច្ច ឌីជីថល ធនាគារ​ជាតិ​នៃ​កម្ពុជា មជ្ឈ​មណ្ឌល​បណ្តុះ​ធុរ​កិច្ច​ថ្មី «តេជោ» សមាគម​សហព័ន្ធ​ហិរញ្ញ​វត្ថុ​និង​បច្ចេក​វិទ្យា​នៃ​កម្ពុជា គ្រឹះ​ស្ថាន​ធនាគារ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ គ្រឹះ​ស្ថាន​អប់រំ ស្ថាប័ន​ស្រាវ​ជ្រាវ ដៃគូ​អភិ​វឌ្ឍន៍ ព្រម​ទាំង​សមាគម និង ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ក្នុង​វិស័យ​ឯក​ជន។ ក្នុង​ដំណើរ​ការ​វេទិកា​នេះ វា​គ្មិន​កិត្តិយស​ជាតិ​និងអន្តរ​ជាតិ​នៃ​បណ្តា​និយតករ គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ ក្រុមហ៊ុន​ធានា​រ៉ាប់​រង និង​សមាគម​ជា​ច្រើន​នឹង​ធ្វើ​បទ​បង្ហាញ ក៏​ដូច​ជា​ជជែក​ពិភាក្សា​គ្នា​ស៊ី​ជម្រៅ​លើ​ប្រធាន​បទ​មួយ​ចំនួន ដែល​ទាក់​ទង​នឹង​ធនាគារ​ឌីជីថល បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​ក្នុង​វិស័យ​ធានា​រ៉ាប់រង សន្តិ​សុខ​សាយប័រ ក្នុង Open Finance និង​ការ​ដាក់​ឱ្យ​ដំណើរ​ការ​នៃ​ថ្នាល Cambodia Distributed Ledger ជាដើម។

ប្រធានសមាគម​បចេ្ចកវិទ្យា​ឌីជីថលកម្ពុជា លោក ឈិន កេន បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ទី ​៣១ ខែ​តុលា ថា វេទិកា​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ​នៃ​ពិព័រណ៍​បច្ចេក​វិទ្យា​កម្ពុជា ២០២២ ​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​ប្រទេស​កម្ពុជា ពិសេស​អ្នក​នៅ​ក្នុង​វិស័យ​បចេ្ចកវិទ្យា​ឌីជីថល​ ដែល​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​កាន់​តែ​ទូលំទូលាយ​នា​ពេល​នេះ​។ នៅ​ក្នុង​វេទិកា​នេះ​នឹង​មាន​ដាក់​តាំង​បង្ហាញ​នូវ​បច្ចេក​វិទ្យា​ថ្មីៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយជន​ជាតិ​ខ្មែរ ដើម្បី​បង្ហាញ​ដល់​អ្នក​ដឹក​នាំ និង​អ្នក​ជំនាញ​របស់​ប្រទេស​នានា ដែល​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ផង​ដែរ។

លោក​​បញ្ជាក់​ថា៖​ «​វេទិកាបច្ចេក​វិទ្យា​ឌីជីថល ដែល​កម្ពុជា​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​អាស៊ាន​នឹង​មិន​ត្រឹម​តែ​បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​បច្ចេក​វិទ្យា​នៅ​កម្ពុជា​ទៅ​ដល់​ភ្ញៀវ​បរទេស​ដែល​បាន​ទៅ​ទស្សនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​វិនិយោគ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​​នៅ​កម្ពុជា​ផង​ដែរ​»​៕​