ភ្នំពេញៈ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​វៀតណាម​ក្នុង​រយៈពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២២ មានតម្លៃ​សរុប​ជាង ៤,៦ ​ពាន់​លាន​ដុល្លារ កើន ២២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ក្នុងនោះ​ទំនិញ​ដែល​នាំ​ពី​វៀតណាម​មក​កម្ពុជា​មាន​ជិត ២/៣ នៃ​ទឹកប្រាក់​នាំចេញ​-​នាំចូល​សរុប​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៣ ត្រីមាស​ដំបូង​ពី​ខែ​មករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២២ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​តម្លៃ​សរុប ៤ ៦៣៣,៦៦ ​លាន​ដុល្លារ កើនឡើង ២២ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៣ ៧៩៧,៣២ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម មាន​ទឹកប្រាក់ ១ ៥៥៩, ៩៩​ លាន​ដុល្លារ កើន ៣,១ ភាគរយ និង​ការនាំចូល​ទំនិញ​ពី​វៀតណាម​មាន​ចំនួន ៣ ០៧៣,៦៨ ​លាន​ដុល្លារ កើន ៣៤,៥ ​ភាគរយ​។ សម្រាប់​ជញ្ជីង​ពាណិជ្ជកម្ម​ទ្វេភាគី គឺ​ភាគី​កម្ពុជា​មាន​ឱនភាព ១ ៥១៣,៦៩ ​លាន​ដុល្លារ​។

បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា វៀតណាម គឺជា​ប្រទេស​ដែល​នាំ​ទំនិញ​ចូលមក​កម្ពុជា​ច្រើន​ទី​ ២ បន្ទាប់ពី​ប្រទេស​ចិន ដែល​មាន​ចំនួន​ ៧ ៩០០,៥៥ ​លាន​ដុល្លារ និង​តាម​ពីក្រោយ​ដោយ​ប្រទេស​សិង្ហបុរី​, ថៃ និង​ស្វ៊ីស ជាដើម​។ ចំណែក​ចំណាត់ថ្នាក់​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​វៀតណាម ស្ថិត​នៅ​លេខ​រៀង​ទី ​២ បន្ទាប់ពី​អាមេរិក ដែល​មាន​ចំនួន ៧ ០៤៦,៧៥ ​លាន​ដុល្លារ និង​លេខ​ ៣ ប្រទេស​ជប៉ុន ចំនួន ៨៩៧,៦៩ ​លាន​ដុល្លារ​, ចិន ៨៩៥,៤៦ ​លាន​ដុល្លារ និង​ប្រទេស​មួយចំនួន​ទៀត​ដូចជា កាណាដា​, អាល្លឺម៉ង់​, ចក្រភព​អង់គ្លេស និង​ថៃ​។

អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា លោក ងួន ម៉េងតិច បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៣១ ខែតុលា​ថា ដោយសារ​មាន​ព្រំដែន​ជាប់​គ្នា ដូច្នេះ​សកម្មភាព​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ បាន​កើតឡើង​ជា​ប្រចាំ​ទោះបី​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​ទូទាំង​សកលលោក​ក៏ដោយ​។

លោក​បន្តថា ទីផ្សារ​ប្រទេស​ទាំង ២ តែង​ជួយ​គ្នា​ទៅវិញ​ទៅមក ពិសេស​ការផ្លាស់ប្តូរ​ផលិតផល​កសិកម្ម​ដូចជា ស្រូវ ស្វាយចន្ទី កៅស៊ូ ពោត ដំឡូងមី ផលិតកម្ម​សត្វ និង​ផលិតផល​វារីវប្បកម្ម​មួយ​ចំនួន​។

លោក​ប្រាប់ទៀត​ថា ដោយសារ​តែ​ការផ្លាស់ប្តូរ​ទំនិញ​របស់​ប្រជាជន​នៅ​តាម​ព្រំដែន​ទាំង ២ មាន​ជាប្រចាំ ដូច្នេះ​ទំហំ​ទឹកប្រាក់​ផ្លាស់ប្តូរ​ទំនិញ​អាច​មាន​ច្រើន​លើសពី​តួលេខ​ខាងលើ​។

លោក​ថ្លែងថា​៖ «​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ គឺ​មាន​ច្រើន​មុខ​ទំនិញ ហើយ​ប្រទេស​ទាំង ២ ក៏បាន​នាំចេញ​-​នាំចូល​ធនធាន​ធម្មជាតិ និង​ផលិតផល​មិនទាន់​កែច្នៃ​មួយចំនួន​ជាមួយ​គ្នា​ផងដែរ​។ កំណើន​សេដ្ឋកិច្ច និង​កិច្ចសហការ​ល្អ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ នឹង​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ មាន​ទំហំ​កាន់តែ​ធំ​បន្ថែម​ទៀត​នៅពេល​អនាគត​»​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់​បាន​និយាយថា កសិផល គឺជា​ទំនិញ​ចម្បង​គេ​ដែល​កម្ពុជា​នាំទៅ​វៀតណាម ចំណែក​ផលិតផល​វៀតណាម​នាំមក​កម្ពុជា​មានដូចជា ដែក សម្ភារ​សំណង់ ប្រេង បន្លែ ផ្លែឈើ ជី និង​គ្រឿង​យន្ត​កសិកម្ម ជាដើម​។

ទិន្នន័យ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៤១ ​ពាន់​លាន​ដុល្លារ​ក្នុងនោះ​ការវិនិយោគ​របស់​វិនិយោគិន​វៀតណាម ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ ៤ ដែលមាន​ចំនួន ២,៥​ ពាន់​លាន​ដុល្លារ ស្មើនឹង ​៦,១​ ភាគ ខណៈ​ប្រទេស​ចិន ឈរ​លេខ ១ ដោយមាន​ចំនួន ១៨ ​ពាន់​លាន​ដុល្លារ ស្មើនឹង ៤៣,៩​ ភាគរយ​, កូរ៉េ ៤,៩​ ពាន់​លាន​ដុល្លារ ស្មើ ១១,៩ ​ភាគរយ​, និង​សិង្ហបុរី ២,៧ ​ពាន់​លាន​ដុល្លារ ស្មើនឹង ៦,៥ ​ភាគរយ​។

កាលពី​ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម មាន​តម្លៃ​សរុប ៥ ១២៨,៦២ ​លាន​ដុល្លារ កើនឡើង ៣១,២ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២០ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន ១ ៩៨៥,០៨ ​លាន​ដុល្លារ កើនឡើង ៥៨,៦ ​ភាគរយ និង​ការនាំ​ពី​វៀតណាម​មាន​ចំនួន ៣ ១៤៣,៥៣ ​លានដុល្លារ កើនឡើង ១៨,៤ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕