ភ្នំពេញៈ ប្រតិបត្តិករ​រថភ្លើង Royal Railway Plc ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ក្រុមហ៊ុន​ពហុវិស័យ​នៅក្នុង​ស្រុក Royal Group បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​នៅ​ថ្ងៃទី​ ៣១ ខែតុលា ដើម្បី​ប្រមូល​មូលនិធិ ១០ ​លាន​ដុល្លារ​ សម្រាប់​ការពង្រីក​អាជីវកម្ម​ផ្លូវដែក​នៅក្នុង​ប្រទេស​កម្ពុជា​។

ថ្លែង​ក្នុង​ពិធី​ចុះបញ្ជី​ជា​ផ្លូវការ លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បានឱ្យ​ដឹងថា ការចុះបញ្ជី​នេះ​ជា​ប្រវត្តិសាស្ត្រ​ សម្រាប់​ការចុះបញ្ជី​ផ្លូវការ​របស់​ក្រុមហ៊ុន Royal Railway PLC នៅ CSX​។ លោក​បន្តថា ផ្លូវដែក​គឺជា​ក្តី​ប្រាថ្នា​របស់​ក្រុមហ៊ុន​លោក​ខាង​សេវាកម្ម​ដឹកជញ្ជូន ក្នុង​ការជួយ​គាំទ្រ​ដល់​ការរីកចម្រើន​ប្រទេស​ជាតិ​។ នេះ​គឺជា​ការបោះ​ជំហាន​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​។

លោក​បាន​រំឭកថា ផ្លូវដែក ឈប់​ដំណើរការ​នៅ​ឆ្នាំ ​២០០៧ ប៉ុន្តែ​បច្ចុប្បន្ន​មិន​ត្រឹមតែ​ដំណើរការ​ទេ គឺ​ថែមទាំង​រីកចម្រើន និង​ត្រូវការ​ធនធាន​ក្បាលរថភ្លើង និង​ទូរថភ្លើង​ជាច្រើន​គ្រឿង និង​ការកែលម្អ​លើកកម្ពស់​ផ្លូវរថភ្លើង​ផងដែរ​។ សញ្ញាបណ្ណ​នេះ គឺជា​ការវិនិយោគ​ទៅលើ​ការរីកចម្រើន​នៃ​ផ្លូវដែក​បន្ថែម​នូវ​សេវាកម្ម​ថ្មីៗ​ សម្រាប់​ប្រជាជន​កម្ពុជា​។

លោក​បន្តថា ផ្លូវដែក​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​នៅក្នុង​ឆ្នាំ ២០១០ បន្ទាប់ពី​ក្រុមហ៊ុន​វិនិយោគ​ជាង ១០០ លាន​ដុល្លារ និង​បាន​អភិវឌ្ឍ​ផ្លូវដែក​រហូត​មក​ដល់​ស្ថានភាព​ដូច​បច្ចុប្បន្ន​។ ឥឡូវនេះ​រថភ្លើង​ដឹក​អ្នកដំណើរ និង​ដឹកទំនិញ​ដំណើរការ ៧ ​ថ្ងៃ​ក្នុង ១ ​សប្ដាហ៍​ទាំង​ ២ ​ខ្សែ គឺ​ភ្នំពេញ​-​ប៉ោយប៉ែត និង​ភ្នំពេញ-​ព្រះសីហនុ​។ ការដឹក​ទំនិញ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មកនេះ​បាន​កើន​ ៣៤ ​ភាគរយ ពី​ឆ្នាំ​ ២០១៧-២០២១ ​។ បច្ចុប្បន្ន ក្រុមហ៊ុន​ដំណើរការ រថភ្លើង​ដឹក​កុងតឺន័រ ដឹក​ប្រេង ដឹក​ស៊ីម៉ងត៍ ដឹក​ថ្ម និង​ដឹក​អ្នកដំណើរ ៧​ ថ្ងៃ​ក្នុង​ ១ ​សប្ដាហ៍​ទៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​បាត់ដំបង​។

លោក​ថ្លែងថា​៖ «​សញ្ញា​បណ្ណ​នេះ​នឹងត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​លើកកម្ពស់​ខ្សែ​ផ្លូវ​រថភ្លើង ទូរថភ្លើង និង​ក្បាល​រថភ្លើង រួមផ្សំ​នឹង​សម្ភារ​ថ្មីៗ ដែល​បង្កើត​ភាពទាន់​សម័យ​ផ្លូវដែក​។ នៅពេល​ឆាប់ៗ​ខាងមុខ កម្ពុជា​នឹង​ទទួល​បាន​ទូរថភ្លើង​ចំនួន ១៣០ និង​ក្បាលរថភ្លើង ៤ ដែល​ជា​ដំណាក់កាល​ដំបូង​នៃ​ការបញ្ជាទិញ​ទូ ៣៤០»​។

លោក​បន្តថា​៖ «​សញ្ញា​បណ្ណ​ដំបូង​គឺ ១០ ​លាន​ដុល្លារ ហើយ​សញ្ញា​បណ្ណ​បន្ទាប់​គឺ ២០ ​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ខ្ញុំ និង​ការវិនិយោគ​ជា​បន្តបន្ទាប់​ទៅលើ​ផ្លូវដែក​។ ការ​នេះ​គឺ​ដើម្បី​ផ្តល់ជូន​ប្រទេស​ជាតិ និង​ប្រជាជន​នូវ​សេវាកម្ម​ដែល​មាន​សុវត្ថិភាព​ជឿជាក់​បាន និង​សន្សំសំចៃ​»​។

លោក ហុង សុហួរ អគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា​បានឱ្យ​ដឹងថា CSX បាន​ក្លាយជា​ប្រភព​មូលនិធិ​ថ្មី​មួយ​ សម្រាប់​ក្រុមហ៊ុន និង​សហគ្រាស​ដែល​ត្រូវការ​ដើមទុន​បន្ថែម​ សម្រាប់​ពង្រីក​សក្តានុពល​អាជីវកម្ម​ពួកគេ​។

លោក​ថ្លែងថា​៖ «​ផ្សារមូលបត្រ​កម្ពុជា​ក៏​ជា​ប្រភព​ប្រាក់ចំណូល​អកម្ម​សម្រាប់​ការវិនិយោគ​សាធារណៈ​ផងដែរ​។ ជារួម​ផ្សារមូលបត្រ​មិន​ត្រឹមតែ​បង្កើន​ការវិនិយោគ និង​ប្រភព​ចំណូល​សម្រាប់​វិនិយោគិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ការវិនិយោគ​នៅ​កម្ពុជា​ផងដែរ​»​។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល CSX ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះបញ្ជី​នេះ បានឱ្យ​ដឹងថា Royal Railways បាន​ក្លាយជា​ក្រុមហ៊ុន​មូលបត្រ​បំណុល​សាជីវកម្ម​ទី ៨ ដែល​ប្រមូល​មូលនិធិ​ចំនួន ១០ ​លាន​ដុល្លារ​ពី​ផ្សារហ៊ុន​។

លោក​បន្តថា Royal Railway គឺជា​ក្រុមហ៊ុន​មាន​សិទ្ធិ​ផ្តាច់មុខ​នៅ​ក្នុង​ការដំណើរការ​ផ្លូវដែក​នៅ​កម្ពុជា ដែល​បាន​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ផ្លូវដែក​-​កម្ពុជា​ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការលើក​កម្ពស់ និង​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ភ័ស្តុភារ​។

លោក​ថ្លែងថា​៖ «​សមិទ្ធផល​នេះ​នឹង​ក្លាយជា​គំរូ​មួយ​សម្រាប់​សហគ្រាស​ផ្សេងទៀត ដែល​មាន​ឆន្ទៈ ហើយ​ស្ទាក់ស្ទើរ​ក្នុង​ការចូល​ទីផ្សារ​មូលបត្រ​កាន់​តែមាន​ទំនុកចិត្ត និង​ចាប់​ឱកាស​ប្រមូល​មូលនិធិ​ពី​ទីផ្សារ​ភាគហ៊ុន​នេះ​ ដើម្បី​ពង្រឹង និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​»៕