ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) បាន​លើកឡើង​ថា ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅតែ​រក្សាបាន​នូវ​កំណើន​ដ៏រឹងមាំ បើទោះបី​ទទួល​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ដែល​បាន​អូសបន្លាយ​ពេល​ជាង ​២ ​ឆ្នាំ​មកនេះ​ក្តី​។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ «​ទិវា​សន្សំ អាស៊ាន​»​ ក្រោម​ប្រធានបទ​ «​សន្សំ​តិច​ប្រសើរ​ជាង​មិន​បាន​សន្សំ​» ​នៅក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​ ៣១ ខែតុលា បាន​លើកឡើង​ថា ប្រព័ន្ធ​ធនាគារ​បាននិង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​។ លោក​បន្តថា NBC បន្ត​រក្សាបាន​នូវ​ភាពធន់ ភាពរឹងមាំ និង​វឌ្ឍនភាព​ក្នុង​ប្រព័ន្ធ​ធនាគារ តាមរយៈ​ការត្រួតពិនិត្យ​ផ្អែកលើ​ហានិភ័យ និង​ទស្សនៈ​អនាគត ការដាក់​ចេញ​នូវ​វិធានការ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​នានា​ជា​បន្តបន្ទាប់ និង​ទាន់​ពេលវេលា ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​ឱ្យ​កាន់​តែមាន​ភាពទំនើប ដែល​បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​មកលើ​ប្រព័ន្ធ​ធនាគារ ក៏ដូចជា​បង្កើន​ភាព​ធន់​នឹង​វិបត្តិ និង​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​ជា​ប្រព័ន្ធ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ក្នុង​ការគាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​អំឡុងពេល​ការរាលដាល​ជំងឺ​កូវីដ​ ១៩ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន​ ដើម្បី​សម្រាល​បន្ទុក​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់ មានដូចជា ការអនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផ្ដល់​ការរៀបចំ​ឥណទាន​ឡើងវិញ និង​បន្ធូរបន្ថយ​ការ​ផាក​ប្រាក់​ពិន័យ​ចំពោះ​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​កូវីដ​ ១៩ ​។

លោក​បាន​ថ្លែងថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ដើម្បី​ផ្ដល់​លទ្ធភាព​ទៅដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផ្តល់​ការយោគយល់ និង​ការអនុគ្រោះ​ដល់​អតិថិជន​ជា​កូនបំណុល​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ ការពន្យារពេល​ទូទាត់​សង​ការបន្ធូរបន្ថយ​អត្រា​ការប្រាក់​ការលើកលែង​ការពិន័យ និង​ការចៀសវាង​រឹបអូស​ទ្រព្យ​ធានា​ជាដើម​»​។

លោក អ៊ិន ចាន់នី សមាជិក​ក្រុម​ប្រឹក្សាភិបាល​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ទទួល​ស្គាល់​ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បន្ត​រក្សា​បាន​នូវ​ភាពរឹងមាំ និង​ដើរតួនាទី​យ៉ាងសកម្ម​នៅក្នុង​ការគាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច ទោះបី​ការរីក​រាលដាល​កូវីដ ​១៩ បន្ត​អូសបន្លាយ​ក្តី​។

លោក​បញ្ជាក់​ថា​៖ «​បើទោះបី​ប្រទេស​កម្ពុជា​បាននិង​កំពុង​ស្ថិតក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្តី ក៏​ស្ថានភាព​ធនាគារ​នៅតែ​ទទួល​បាន​កំណើន បន្ត​រក្សាបាន​ភាពធន់ និង​បាន​ចូលរួម​ចំណែក​ការគាំទ្រ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​»​។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក សុខ វឿន បាន​លើកឡើង​ថា ការរីក​រាលដាល​កូវីដ​ ១៩ រយៈពេល​ជាង ២ ​ឆ្នាំ​មកនេះ​បាន​បង្កើត​នូវ​កាលានុវត្តភាព​ថ្មី​មួយ​ សម្រាប់​ដំណើរ​វិវឌ្ឍន៍​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឱ្យ​ឈាន​ទៅរក​ការអភិវឌ្ឍ​តាម​ប្រព័ន្ធ​ឌីជីថល​ក្នុង​ការ​រក្សាបាន​នូវ​និរន្តរភាព និង​កំណើន​។

លោក​ថ្លែងថា​៖ «​ការរីក​រាលដាល​នេះ បាន​ក្លាយជា​ឱកាស​ថ្មី​ សម្រាប់​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​ការសម្រប​ខ្លួន​ឱ្យ​ដើរ​ទាន់​បច្ចេកវិទ្យា​ដែល​កំពុង​វិវឌ្ឍ​ទៅមុខ​ឥតឈប់ឈរ​។ យើង​សង្កេតឃើញ​យ៉ាង​ច្បាស់​ថា ផលិតផល​ឌីជីថល​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​កំពុង​ទទួល​បាន​ការពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន ក៏ដូចជា​សាធារណជន ដែល​ផ្តល់នូវ​ភាពងាយស្រួល សម្បូរបែប ឆាប់រហ័ស ជាពិសេស​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​បាន​ដោយ​ខ្លួនឯង គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​»​។

បើតាម​លោក សុវណ្ណនរៈ គិត​ត្រឹម​ខែសីហា ឆ្នាំ​ ២០២២​ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បាន​និង​បន្ត​ចូលរួម​លើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ជាពិសេស​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់ ១៦០,៦ ​ភាគរយ​នៃ​ ផ.ស.ស. ស្មើ ១៧០,៦ ​ពាន់​លាន​រៀល​ (៤១,៥ ពាន់​លាន​ដុល្លារ​)​។ ចំនួន​គណនី​ប្រាក់​បញ្ញើ​អតិថិជន​ក៏បាន​កើនឡើង​គួរ​កត់សម្គាល់​ដល់​ប្រមាណ ១៤,៣ លាន​គណនី ក្នុង​នោះ ១១,៧ លាន​គណនី​នៅ​ធនាគារ​ពាណិជ្ជ និង ២,៦ លាន​គណនី​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​៕