The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - GDT ប្តេជ្ញា​នឹង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បាន ៣ ៥៧១ លាន​ដុល្លារ

GDT ប្តេជ្ញា​នឹង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បាន ៣ ៥៧១ លាន​ដុល្លារ

Content image - Phnom Penh Post
អគារ​ទីស្នាក់ការ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ។ រូបថត ហុង មិនា​

GDT ប្តេជ្ញា​នឹង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បាន ៣ ៥៧១ លាន​ដុល្លារ

ភ្នំ​ពេញៈ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ (GDT) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ស្ថាប័ន​របស់​លោក​នឹង​នៅតែ​បន្ត​ខិតខំ​ធ្វើ​កំណែទម្រង់ និង​ការ​ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​ពន្ធដារ​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ថែមទៀត​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អ្នកជាប់ពន្ធ​នៅក្នុង​គោលដៅ​សម្រេច​ឱ្យ​បាន​ទៅតាម​ផែនការ​ដែល​រាជរដ្ឋាភិបាល​កំណត់​ឱ្យ​ប្រមូល​ពន្ធ​ឱ្យ​បាន ៣ ៥៧១ លាន​ដុល្លារ​ កើនឡើង ២៦,៧០ ភាគរយ​ ធៀប​នឹង​ផែនការ​ច្បាប់​ថវិកា​ឆ្នាំ ២០២២។

ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី នា​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺ​បានសម្រេច​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣ ដោយ​តម្រូវ​ឱ្យ​អគ្គនាយក​ដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ឱ្យ​បាន ១៤ ៤៦៥,៣៩ ពាន់​លាន​រៀល ស្មើនឹង ៣ ៥៧១,៧០ លាន​ដុល្លារ កើនឡើង ២៦,៧០ ភាគរយ​បើ​ធៀប​នឹង​ផែនការ​ច្បាប់​ថវិកា ឆ្នាំ២០២២ ។

លោក គង់ វិបុល អគ្គនាយក GDT បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១ ខែវិច្ឆិកា ថា លោក​នឹង​ប្តេជ្ញា​ក្នុង​ការសម្រេច​ឱ្យ​បាន​ទៅតាម​ផែនការ​នេះ ទោះបី​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកលលោក​រួម​ទាំង​កម្ពុជា​នឹង​បន្ត​ប្រឈម​ការ​ថមថយ​ដោយសារ​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ និង​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន​ក្តី។ អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​បន្ត​ខិតខំ​ធ្វើ​កំណែទម្រង់​ទាំង​ផ្នែក​ធនធានមនុស្ស ទំនើបកម្ម​បច្ចេកវិទ្យា វប្បធម៌​ក្នុង​ការ​បង់ពន្ធ​របស់​អ្នកជាប់ពន្ធ តម្លាភាព​ក្នុង​ការ​បង់ពន្ធ និង​ជាពិសេស​គឺ​អភិបាលកិច្ច​ល្អ។

លោក​ថ្លែង​ថា៖ «យើង​នឹង​ខំប្រឹង​ប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សម្រេច​បាន​ទៅតាម​ផែនការ​ដែល​រដ្ឋាភិបាល​បាន​កំណត់។ ពិត​ណាស់​ការ​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ គឺ​បាន​ដើរតួ​សំខាន់ណាស់​ក្នុងចំណោម​គោលការណ៍​មួយចំនួន​ទៀត​ដែល​យើង​បាន​ធ្វើ​កំណែទម្រង់។ ចំណែក​ការកែទម្រង់​ធនធានមនុស្ស​គឺ​យើង​បាន​ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​យើង​បាន​ច្រើន។ សម្រាប់​គោលការណ៍​កែទម្រង់​នេះ គឺ​យើង​ឈរ​លើ​គោលការណ៍​អភិបាលកិច្ច​ល្អ តាមរយៈ​ការរៀបចំ​ទំនើបកម្ម​ទាំង​ផ្នែក​ព័ត៌មាន​វិទ្យា និង​ក៏ដូចជា​រដ្ឋបាល​សារពើពន្ធ​នានា»។

លោក​និយាយ​ថា៖ «យើង​ធ្វើ​កំណែទម្រង់​ទំនើបកម្ម​នេះ​ក្នុង​ន័យ​ធ្វើ​ឱ្យ​អ្នកជាប់ពន្ធ​ធ្វើការ​អនុលោម​ភាព​ដោយស្ម័គ្រចិត្ត (Voluntary Compliance) ផង និង​ឱ្យ​មាន​តម្លាភាព​ក្នុង​ការ​បង់ពន្ធ​ផង ធ្វើ​ឱ្យ​អ្នកជាប់ពន្ធ​គាត់​ទុកចិត្ត​ថា ប្រាក់​ពន្ធ​នេះ គឺ​ពិតជា​បង់ពន្ធ​ទៅ​រដ្ឋ​ពិតប្រាកដ​មែន។ មួយទៀត​ដោយសារតែ​យើង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ IT គ្រប់គ្រាន់​ទៅ​អ្នកជាប់ពន្ធ​ក៏​ពិបាក​គេច​ដែរ»។

លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​លើកឡើង​ថា ភាព​ប្រសើរ​ឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច និង​ការ​ភ្ញាក់រឭក​របស់​អ្នកជាប់ពន្ធ​លើ​កាតព្វកិច្ច​ពន្ធ និង​តម្លាភាព​នៅក្នុង​ការ​បង់ពន្ធ​បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​មានការ​បន្ត​កើនឡើង​ចំណូល​ពន្ធ​របស់​កម្ពុជា។

លោក​ថ្លែង​ថា៖ «កត្តា​ទី១ គឺ​ការ​កើនឡើង​សេដ្ឋកិច្ច​ដែល​ជា​កម្លាំង​ចលករ​មួយ​ក្នុង​ការជំរុញ​ឱ្យ​ចំណូល​ពន្ធ ទី២ គឺ​មាន​អាជីវកម្ម​មួយចំនួន​ដែល​គាត់​ពុំ​ទាន់បាន​ចុះបញ្ជី​ត្រឹមត្រូវ​គាត់​បាន​ចុះបញ្ជី​ស្របច្បាប់ ទី៣ ជាគោល​ការណ៍​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​គាត់​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចុះបញ្ជី និង​បង់ពន្ធ​ត្រឹមត្រូវ​ដើម្បី​ធានា​ការប្រកួត​ប្រជែង​ស្មើភាព​រវាង​អ្នកជាប់ពន្ធ​ទាំងអស់ អ៊ីចឹង​ទើបបាន​ជា​យើង​ឃើញថា ការ​ប្រមូល​ចំណូល​ពន្ធ​ការ​កើនឡើង​ខ្ពស់​ជាង​មុន»។

ទាក់ទិន​នឹង​ការ​អូស​បន្លាយពេល​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ និង​បញ្ហា​សង្គ្រាម​ក្នុង​ប្រទេស អ៊ុយក្រែន ត្រូវ​បាន​លោក គង់ វិបុល បញ្ជាក់​ថា បញ្ហា​ទាំង ២ នេះ​ នឹង​ប៉ះពាល់​ដល់​ការ​ប្រមូល​ពន្ធ។

លោក​ថ្លែង​ថា៖ «បញ្ហា​សង្គ្រាម​អ៊ុយក្រែន បាន​ធ្វើ​ឱ្យ​តម្លៃ​ថាមពល​ទូទាំង​ពិភពលោក​ឡើងថ្លៃ ដែល​ធ្វើ​ឱ្យ​កត្តា​សេដ្ឋកិច្ច​មានការ​ថមថយ អតិផរណា​ឡើង​ខ្ពស់​ដែល​ធ្វើ​ឱ្យអំណាច​ទិញ​នៃ​ប្រទេស​អឺរ៉ុប​ថមថយ ដូច្នេះ​តម្រូវការ​ទំនិញ​ពី​ស្រុក​ខែ្មរ​យើង​ក៏អាច​ថមថយ​ដែរ ហើយ​សេដ្ឋកិច្ច​ក៏​រង​ផល​ប៉ះពាល់​ដែរ»។

លោក​បញ្ជាក់​ថា៖ «យ៉ាងណាមិញ​យើង​បន្ត​កំណែទម្រង់​ស៊ីជម្រៅ​នៅ​អគ្គនាយក​ដ្ឋាន​ពន្ធដារ បន្ត​ធ្វើ​ទំនើបកម្ម ដើម្បី​គ្រប់គ្រង​ការ​ប្រមូល​ពន្ធ​បន្ថែម និង​ផ្តល់​សេវា​ឱ្យ​បាន​ល្អ​ដើម្បី​ជំរុញ​ឱ្យ​អ្នក​មិនទាន់​ចុះបញ្ជី​បង់ពន្ធ​ឱ្យមក​ចុះបញ្ជី​ឱ្យ​បាន​ស្មើភាព​គ្នា។ យើង​នឹង​បន្ត​កំណែទម្រង់​បន្ថែម​ទៀត​ដូចជា​ការ​បន្ត​ពង្រឹង​វប្បធម៌​នៃ​ការ​បង់ពន្ធ អ្នកជាប់ពន្ធ​ដែល​មិនដែល​ស្គាល់​ច្បាប់​ពីមុន​មក បន្ត​ពង្រឹង​សមត្ថភាព​មន្ត្រី​បន្ថែម​ទៀត​ឱ្យ​មានចំណេះ​ដឹង​ប្រសើរ​ជាង​មុន»។

បើ​តាម​លោក វិបុល គិត​ត្រឹម​ដំណាច់ខែ​តុលា ឆ្នាំ ២០២២ នេះ GDT បាន​កៀរគរ​ចំណូល​ពន្ធ​បាន​ជាង ២ ៩០០ លាន​ដុល្លារ​កើនឡើង ២៦ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ដោយ​ការ​ប្រមូល​ពន្ធ​នេះ​សម្រេច​បាន​ជាង ១០៤ ភាគរយ​នៃ​ផែនការ​ដែល​រដ្ឋាភិបាល​បាន​កំណត់​សម្រាប់​ឆ្នាំ ២០២២ នេះ​៕

អត្ថបទគួរចាប់អារម្មណ៍