ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង និង​ស្ថាប័ន​ដើម្បី​បង្កើត​យន្តការ​ដោះស្រាយ​បញ្ហា​អគារ​ដែល​កំពុង​ជាប់គាំង​មិនទាន់​សាងសង់​រួច​នៅ​ខេត្ត​ព្រះ​​សីហនុ​ ដែល​​គម្រោង​ភាគច្រើន​កាន់​កាប់​ដោយ​វិនិយោគិន​ជនជាតិ​ចិន​។​

​យោងតាម​មន្ដ្រីជាន់ខ្ពស់​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បច្ចុប្បន្ន​មាន​សំណង់​អគារ​ជាប់គាំង​ជិត ១០០ នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​បើតាម​លិខិត​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី ​១២ ខែតុលា ឆ្នាំ ​២០២២ ផ្ញើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ដើម្បី​ជាការ​ផ្តល់​ការលើកទឹកចិត្ត និង​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​គម្រោង​វិនិយោគ​របស់​វិស័យ​ឯកជន​ដែល​ជាប់​​គាំង​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ «​រាជរដ្ឋាភិបាល​បាន​យល់ព្រម​ឱ្យមាន​វិធានការ​គោលនយោបាយ​បន្ថែម ដោយ​ផ្តល់​ការលើកទឹកចិត្ត​ដល់​ម្ចាស់​អគារ ឬ​គម្រោង​វិនិយោគ​ដែល​ជាប់គាំង​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុងស្ថានភាព​ចំពោះមុខ​សិន ដើម្បី​ជំរុញ​ការវិនិយោគ​បង្កើត​តម្រូវការ និង​បង្កើន​ទំនុកចិត្ត សំដៅ​ស្តារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច ពិសេស​ក្នុងខណៈ​ពេលដែល​កម្ពុជា​នៅ​បន្ត​ទទួលរង​ផល​​ប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩, សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​, ​គោលនយោបាយ​សូន្យ​កូ​វីដ​របស់​ចិន និង​ម្យ៉ាងទៀត​ស្ថានភាព​ជាប់គាំង​នេះ​មាន​រយៈពេល​ច្រើន​ឆ្នាំ ហើយ​ខេត្ត​ព្រះ​​សីហនុ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​រៀបចំ​ផែនការមេ ប្រែក្លាយជា​តំបន់​​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​»​។​

​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​​ពីថ្ងៃ​ទី ​២ ខែវិច្ឆិកាថា លោក​ក៏​ជាស​មា​​ជិ​ក​នៃ​គណៈកម្មការ​នេះដែរ ដោយ​ពេលនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានរៀបចំ​ជា​យន្តការ​កំពុង​ឱ្យ​ក្រុមការងារ​របស់​ក្រសួង​ប្រមូល​ឈ្មោះ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​

​លោក​ប្រាប់ថា​៖ «​លិខិត​ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី ​គឺជា​គោល​​ការណ៍​ដោះស្រាយ និង​លើកទឹកចិត្ត​ផ្សេងៗ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ​ឱ្យ​រួចរាល់​។ ដំណាក់កាល​បន្តទៀត​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​រៀបចំ​សិក្ខាសាលា​នៅ​ចុងខែ​វិច្ឆិកា​នេះ​ ដើម្បី​ចូលរួម​មតិ​ជាមួយ​អ្នកពាក់ព័ន្ធ ពិសេស​ គឺ​វិស័យ​ឯកជន​ដើម្បី​រៀបចំ​ជា​គោល​​ការណ៍​ថា តើ​ត្រូវ​ថា​តើ​ដោះស្រាយ​តាមរបៀប​ណា​?»​។​

​លោក​បន្តថា​៖ «​កិច្ចការ​នេះ ​គឺជា​រឿង​សំខាន់​គឺ​បាន​ចូលរួម​លើកស្ទួយ​បញ្ហា​សេដ្ឋកិច្ច​បាន​ច្រើន មុខមាត់​របស់​ខេត្ត ក៏ដូចជា​បញ្ហា​សុវត្ថិភាព​នៃ​អគារ​ទាំង​នេះដែរ​។ យើង​សង្ឃឹមថា​ វា​នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​របស់​យើង​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ទៅតាម​ប្លង់​មេ​រួម​ដែល​បាន​កំពុង​សិក្សា​»​។​

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានលើកឡើង​ចំណុច​គន្លឹះ​សំខាន់ៗ​ដែល​រដ្ឋាភិបាល​គួរ​យកទៅអនុវត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាប់គាំង​សំណង់​អគារ​មិនទាន់​សាងសង់​នេះ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​លើក​នូវ​យន្ត​ការ ​២ ​ដើម្បី​ដាក់ជូនទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​យកទៅ​ពិចារណា គឺ​ទី​១ ត្រូវ​ជ្រើសរើស​នូវ​អាជ្ញាកណ្តាល​ឯករាជ្យ​ពី​វិស័យ​ឯក​​ជន​ក្នុង​វិស័យ​អចលនទ្រព្យ​ដែលមាន​អាជ្ញាប័ណ្ណ និង​ជំនាញ​ច្បាស់លាស់​ក្នុងការ​សម្របសម្រួលរ​វាង​ម្ចាស់​អចលន​​វត្ថុ និង​អ្នកវិនិយោគ​នៃ​អគារ​នោះ​។ ទី​២ បើ​អ្នកវិនិយោគ​ដែល​បាន​ជួល​ដី​​វិនិយោគ​ពី​ក្នុងស្រុក​បោះបង់ចោល គឺ​ទុក​សិទ្ធិ​ឱ្យ​អាជ្ញាកណ្តាល​ឯករាជ្យ​ធ្វើការ​ស្វែងរក​វិនិយោគិន​ថ្មី​។ ខ្ញុំ​គិតថា​ប្រទេស​ណា​ក៏​គេ​ប្រើ​យន្តការ​បែបនេះ​ដើម្បី​ដោះស្រាយ​រឿងនេះ​»៕