​ភ្នំពេញៈ អ្នក​ក្នុង​វិស័យ​ទេស​​ចរណ៍បាន​លើកឡើងថា ការ​​ចាប់ផ្តើម​ហោះហើរ​ឡើងវិញ​នៃ​ក្រុមហ៊ុន Lao Airlines មក​កម្ពុជា គឺ​មិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​ភ្ញៀវទេសចរ​នៃ​ប្រទេស​ទាំង ២ ​កើនឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កញ្ចប់​ដំណើរ​ទស្សនកិច្ច​តំបន់​ឥណ្ឌូចិន​ទាំងមូល​។​

​បន្ទាប់ពី​ផ្អាក​មួយរយៈ​ដោយ​​សារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ Lao Airlines បានចាប់ផ្តើម​ដំណើរការ​ជើងហោះហើរ​លើក​​ទី​១ របស់ខ្លួន​ឡើងវិញ​ កាលពី​ថ្ងៃទី ​១ ខែវិច្ឆិកា ដោយមាន​ជើង​​ហោះហើរ​ចំនួន ៣​ ជើង​ ក្នុង ១ ​សប្តាហ៍ ​(​អង្គារ​, ព្រហស្បតិ៍​, សៅរ៍​) ​រវាង​ទីក្រុង​ហ្លួងព្រះបាង​-​ប៉ាក់​សេ​-​សៀមរាប​។​

​ការហោះហើរ​ឡើងវិញ​លើក​ទី​១ នេះ​ធ្វើឡើង​ក្នុង​ដំណើរ​មក​ប្រទេស​កម្ពុជា​របស់លោក​ស្រី Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ ដើម្បី​ចូល​រួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អេក​ម៉ិ​ក​(ACMECS) លើក​ទី​៥, កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ CLMV លើក​ទី​៦, ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ទេសចរណ៍​អេក​ម៉ិ​ក​លើក​ទី​៥ និង​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ទេស​​ចរណ៍ CLMV អម​ទៅដោយ​កិច្ចសន្ទនា​ទេសចរណ៍​អេក​ម៉ិ​ក​-CLMV លើក​ទី​១ ចាប់ពី​ថ្ងៃទី ​១-៥ ខែវិច្ឆិកា ឆ្នាំ​ ២០២២ នៅ​ខេត្តសៀមរាប​។​

​ក្រសួងទេសចរណ៍​បាន​លើកឡើងថា​៖ «​ការហោះហើរ​ឡើងវិញ​នេះ​បង្ហាញ​ពី​សញ្ញាណ​នៃ​ការ​ងើបឡើង​នៃ​វិស័យ​ទេសចរ​​ណ៍​កម្ពុជា​»​។​

​លោកស្រី ឆាយ ស៊ីវ​លីន ប្រ​ធាន​សមាគម​ទីភ្នាក់ងារ​ទេស​​ចរណ៍​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ នា​ថ្ងៃទី ​២ ខែវិច្ឆិកា​ថា ការ​​បើក​ដំណើរការ​នូវ​ផ្លូវ​ហោះហើរ​ឡើងវិញ​រវាង​កម្ពុជា​-​ឡាវ​ របស់​ក្រុមហ៊ុន Lao Airlines នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​ធ្វើឱ្យ​វិស័យនេះ​រីក​ធំធាត់​ឡើងវិញ​។​

​លោកស្រី​បញ្ជាក់ថា ទោះបី​ចំនួន​ភ្ញៀវទេសចរ​រវាង​ប្រទេសជិតខាង​ទាំង ២ នៅមាន​ចំនួន​តិច ប៉ុន្តែ​អ្វីដែល​សំខាន់​ គឺ​ការ​ត​ភ្ជាប់​សម្រាប់​កញ្ចប់​ទេសចរ​​ណ៍​នៅក្នុង​តំបន់​។ ការតភ្ជាប់​ផ្លូវ​ហោះហើរ​រវាង​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម គឺជា​ការតភ្ជាប់​ក្រុម​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន​ទាំងមូល ព្រោះ​កន្លងមក​មាន​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ​ជាច្រើន​បាន​លក់​ដំណើរ​ទស្សន​​កិច្ច​នៃ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ​​ចិន ជា​កញ្ចប់​។​

​លោកស្រី​ថ្លែងថា​៖ «​ឥណ្ឌូចិន ជា​ក្រុម​ប្រទេស​ដែល​ធ្លាប់មាន​រឿងរ៉ាវ​ប្រវត្តិ​សាស្ត្រ​ជាច្រើន និង​ជាទី​តាំង​មាន​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​ច្រើន ដូច្នេះ​នៅពេល​មាន​ការតភ្ជាប់​បែបនេះ វា​នឹង​ធ្វើឱ្យ​ការផ្សព្វផ្សាយ​ពីការ​ទៅ​ទស្សនា​ប្រទេស​ទាំង ៣​ បាន​កាន់តែ​ទូលំទូលាយ​»​។​

លោកស្រី​បន្ថែមថា ប្រទេស​ឡាវ​ មាន​កន្លែង​សម្រាប់​ទទួល​ទេសចរ​ជាច្រើន​ដូចជា ប្រាសាទបុរាណ ទឹកជ្រោះ តំបន់ភ្នំ និង​កន្លែង​កសិកម្ម​ជាច្រើន​ទៀត​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ថា បើ​និយាយ​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ឡាវ​ចូលមក​ទស្សនា​ក្នុង​ខេត្តសៀមរាប​ គឺ​មិនមាន​ចំនួន​ច្រើន​ទេ ប៉ុន្តែ​លោក​រំពឹងថា នៅពេល​ស្ថានភាព​ការរីក​​រាលដាល​កូ​វីដ​ ១៩ ធូរស្រាល និង​សេដ្ឋកិច្ចពិភពលោក​ល្អ​ឡើងវិញ នឹងមាន​ភ្ញៀវ​ជនជាតិ​ឡាវ​កាន់តែច្រើន​មក​កម្សាន្ត​នៅ​កម្ពុជា​។ បច្ចុប្បន្ន​ដោយសារ​ប្រ​​ទេស​ទាំង ​២ មាន​ព្រំដែន​គោក​ជាប់​គ្នា ហេតុនេះ​ក៏មាន​ប្រជា​ជន​ប្រទេស​ទាំង ២ ធ្វើដំណើរ​តាមផ្លូវ​គោក​ច្រើន​ផងដែរ​។​

​លោក​ប្រាប់ថា​៖ «​យើង​ស្វា​​គម​ន៍​គ្រប់​ការបើក​ជើង​ហោះ​​ហើរ​។ ទោះជា​តិច ឬ​ច្រើន គឺ​ប្រាកដ​ជាមាន​ភ្ញៀវ គឺ​ទាំង​ភ្ញៀវ​ជនជាតិ​ឡាវ និង​ជនបរទេស​នៅក្នុង​ប្រទេស​ឡាវ​»​។​

​ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ក្នុង​រយៈពេល ៩​ ខែ​ដើមឆ្នាំ​ ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​ជនជាតិ​ឡាវ​សរុប ៣៨ ៧៨៣​ នាក់ កើនឡើង​ពី ៨៣ នាក់​ កាលពី​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ សម្រាប់​ឆ្នាំ ​២០១៩ ដែលជា​ពេល​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ច្រើន​បំផុត​ចំនួន ៦,៦១​ លាន​នាក់ គឺមាន​ជនជាតិ​ឡាវ ៣៦៣ ៩៥១​ នាក់ ស្មើនឹង​ចំណែក​ទីផ្សារ ៥,៥ ​ភាគរយ​៕