ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បាន​លើក​ឡើង​ថា វិបត្តិ​កូវីដ ១៩ បាន​ធ្វើឱ្យ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​មើលឃើញ​ពី​សារៈសំខាន់​របស់​វិស័យ​ទេសចរណ៍​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ក៏ដូចជា​តួនាទី​សំខាន់​របស់​វា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង និង​សាមគ្គីភាព​រវាង​ប្រជាជាតិ និង​ប្រជាជាតិ។​

​ថ្លែង​ក្នុង​សារលិខិត​ស្វាគមន៍​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អេកម៉ិក (ACMECS) លើក​ទី ៥ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ CLMV លើក​ទី ៦ ដែល​រៀបចំ​ធ្វើ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី ៣ ខែវិច្ឆិកា លោក ហ៊ុន សែន បាន​លើកឡើង​ថា ក្នុងនាម​ប្រជា​ពលរដ្ឋ និង​រាជរដ្ឋាភិបាល​កម្ពុជា លោក​ពិត​ជាមាន​ក្តី​រីករាយ និង​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​ជាតិ​-​អន្តរជាតិ ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​យុទ្ធសាស្ត្រ កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាយ៉េយ៉ា​វ៉ាឌីចៅ​ប្រាយ៉ា​មេគង្គ (អេកម៉ិក) លើកទី ៥ និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-វៀតណាម (CLMV) លើក​ទី ៦ នា​ថ្ងៃទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០២២។ កិច្ចប្រជុំ​ខាងលើ​ពិតជា​បង្ហាញ​សាមគ្គីភាព​ក្នុង​តំបន់ ជាពិសេស​ជា​ឱកាស​ដែល​ថ្នាក់​ដឹកនាំ​ទេសចរណ៍​អេកម៉ិក និង CLMV ធ្វើការ​វាយតម្លៃ​ផលប៉ះពាល់​នៃ​វិបត្តិ​កូវីដ ១៩ មកលើ​វិស័យ​ទេសចរណ៍ ព្រមទាំង​អាច​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សមស្រប​ក្នុងការ​ស្តារ​ឡើងវិញ និង​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​ថែមទៀត។​

​លោក​លើកឡើង​ទៀតថា អេក​ម៉ិ​ក និង CLMV បាននិងកំពុង​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ​ឱ្យ​មាន​កំណើន​នៃ​រំហូរ​ទេសចរ​រវាង​ប្រទេស​សមាជិក ក៏ដូចជា​កិច្ចសហការ​ផ្សព្វផ្សាយ​ទេសចរ​ពី​ប្រទេស​ទី ៣ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ក្រោម​យុទ្ធនាការ «​ប្រទេស ៥ គោលដៅ​ទេសចរណ៍​តែ ១» និង «​ប្រទេស ៤ គោលដៅ​ទេសចរណ៍​តែ ១»។​

​លោក​ថ្លែងថា​៖ «​ឆ្លងកាត់​វិបត្តិ​កូ​វីដ ១៩ រយៈពេល ២ ឆ្នាំ​កន្លងមកនេះ តួនាទី​នៃ​វិស័យ​ទេសចរណ៍​ត្រូវ​បាន​មើល​ឃើញ​កាន់តែ​ចាំបាច់​ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច និង​ភាព​រីកចម្រើន​របស់​សង្គម​ជាតិ ហើយ​ជាពិសេស​តួនាទី​ដ៏សំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជាតិ និង​ប្រជាជាតិ​, សាមគ្គីភាព និង​មិត្តភាព​នៃ​ប្រទេស​ក្នុង​តំបន់»។​

​ក្នុង​លិខិត​ខាងលើ លោក ហ៊ុន សែន ក៏បាន​ចែករំលែក​គំនិត​សំខាន់ៗ​ចំនួន ៤ ដូចជា ទី​១.​អេកម៉ិក និង CLMV គួរ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​ផលិតផល​ថ្មីៗ​បំពេញ​ឱ្យ​គ្នា​ទៅវិញ​ទៅមក និង​ផ្តល់នូវ​ភាពសម្បូរ​បែប​ដល់​ទេសចរ ស្របតាម​ការប្រែប្រួល​និន្នាការ​ទេសចរណ៍​ក្រោយ​វិបត្តិ​កូវីដ ១៩, ទី​២. ក្នុង​បរិបទ​ឌីជីថលូប​នីយកម្ម អេកម៉ិក និង CLMV គួរ​ជំរុញ​ការផ្លាស់ប្តូរ​បទពិសោធ​លើ​ដំណើរការ​បរិវត្តកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍​, ទី​៣. អេកម៉ិក និង CLMV គួរ​គិតគូរ​ជំរុញ​រំហូរ​ទេសចរ​ផ្ទៃក្នុង​តំបន់​អាស៊ិក (ACMECS-Intra Traveler) និង​រំហូរ​ទេសចរ​ផ្ទៃក្នុង​តំបន់ CLMV (CLMV-Intra Traveler) ដោយ​ត្រូវ​គិតគូរ​ផងដែរ​លើ​ការបង្កើន​ការ​តភ្ជាប់​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវទឹក បន្ថែម​ទៀត ព្រមទាំង​ជំរុញ​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង​សម្រាប់​ការ​ទាក់ទាញ​ទេសចរ​ពី​ប្រទេស​ទី​៣, និង​ទី​៤. ដើម្បី​សម្រប​សម្រួល​ការអនុវត្ត​ផែនការ​សកម្មភាព​ទេសចរណ៍​អេកម៉ិក និង CLMV ដែល​បាន​ដាក់​ចុះ ហើយ​កម្ពុជា​ក៏​គាំទ្រ​នូវ​ការ​គិតគូរ​បង្កើតឱ្យមាន​យន្តការ​ស្ថាប័ន​ទេសចរណ៍​អេកម៉ិក និង CLMV ដែល​អាចជា​លេខាធិ​ការដ្ឋាន ឬ​រចនា​សម្ព័ន្ធ​ណាមួយ ហើយ​កម្ពុជា​រីករាយ​ក្នុងការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​និយាយ​ថា វិស័យ​ទេសចរណ៍​ដើរ​តួនាទី​ជា​ផ្នែក​សំខាន់​មួយ​នៅ​ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ និង​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស និង​ប្រទេស​។ ទោះយ៉ាង​ណា វិបត្តិ​កូវីដ ១៩ បាន​ធ្វើឱ្យ​វិស័យនេះ​ត្រូវ​ជាប់គាំង​ស្ទើរ​ទាំងស្រុង​នៅ​គ្រប់​ប្រទេស។​

​លោកស្រី​ថ្លែងថា​៖ «​នៅពេល​វិស័យ​ទេសចរណ៍​មានដំណើរ​ការល្អ​ឡើងវិញ វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​ប្រទេស ហើយក៏​នឹង​ជួយ​ឱ្យ​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​នានា​លើ​ពិភពលោក​កាន់តែ​ល្អ​ផងដែរ»៕