ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​នឹង​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​ក្នុង​ទឹក​ប្រាក់ ២០០ លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០២៣ ខាងមុខ​បន្ថែម​ពីលើ​ចំនួន​ទឹកប្រាក់​ដែល​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២២ បាន​អនុញ្ញាត​ឱ្យ​បោះ​ផ្សាយ​ចំនួន ៣០០ លាន​ដុល្លារ​តាមរយៈ​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ដែល​បានធ្វើ ២ លើក​រួច​មកហើយ។​

​លោក មាស សុខ​សេន​សាន អ្នកនាំពាក្យ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ៣ ខែ​វិច្ឆិកា ថា សម្រាប់​ឆ្នាំ ២០២៣ រដ្ឋាភិបាល​គ្រោង​បោះផ្សាយ​លក់​មូលបត្រ​រដ្ឋ ប្រមាណ ២០០ លានដុល្លារ​អាមេរិក គឺជា​ទំហំ​ទឹកប្រាក់​ថ្មី​បន្ថែម​លើ​ទំហំ​ដែល​បោះផ្សាយ​ប្រមាណ ៣០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២។​

​លោក​បញ្ជាក់ថា ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២ បានអនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល​បោះ​ផ្សាយ​លក់​មូលបត្រ​រដ្ឋ​ក្នុង​ទំហំ​ប្រមាណ ៣០០ លាន​ដុល្លារ​ក្នុងនោះ​ក្រសួង​សេដ្ឋកិច្ច​បាន​ចាត់ចែង​ការ​បោះផ្សាយ​លក់​មូលបត្រ​រដ្ឋ​ចំនួន ២ លើក​រួច​មក​ហើយ​តាមរយៈ​ការដេញថ្លៃ​នៅលើ NBC Platform ក្នុងនោះ​លើក​ទី ១ ក្នុង​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២ និង​លើកទី ២ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ឆ្នាំ ២០២៣ អាច​នឹង​ចាប់ផ្តើម​ដើមឆ្នាំ​តែម្តង ដែល​ផែនការ​លម្អិត​នៃ​ការបោះ​ផ្សាយ​នឹងត្រូវ​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នាពេល​ខាងមុខ​។ ចំពោះ​កាល​បរិច្ឆេទ​ជាក់លាក់​នៃ​ការបោះ​ផ្សាយ​នឹង​អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ទីផ្សារ»។​

​លោក ស៊ូ សុជាតិ អគ្គនាយក​និយតករ​មូល​ប​ត្រ​កម្ពុជា បាន​និយាយថា ការចាប់ផ្តើម​ធ្វើការ​បោះ​ផ្សាយ​មូលបត្រ​រដ្ឋ គឺជា​ធម្មតា​នឹងធ្វើ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ទំហំ​ទឹកប្រាក់​នៃ​ការសម្រេច​របស់​រដ្ឋាភិបាល​តាមរយៈ​ការ​ប្រជុំ​របស់​រដ្ឋសភា និង​តាមរយៈ​ការអនុម័ត​ច្បាប់​ថវិកា​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ។​

​លោក​បញ្ជាក់ថា​៖ «​ការបោះ​ផ្សាយ​នឹងមិន​ខុសពី​ឆ្នាំ ២០២២ ទេ គ្រាន់តែ​ការបោះ​ផ្សាយ​ឆ្នាំ ២០២៣ គឺ ២០០ លានដុល្លារ ហើយ​ឆ្នាំ ២០២៤ យើង​នឹងមាន​ទំហំ​មួយទៀត​នៃ​ការបោះ​ផ្សាយ​។ ជាធម្មតា​រដ្ឋាភិបាល​តែង​ធ្វើ​ពិពិធ​កម្ម​បំណុល មានន័យ​ថា យើង​អាច​ខ្ចី​បំណុល​ពី​ក្រៅ​ប្រទេស និង​យើង​ក៏​អាច​ខ្ចី​បំណុល​ក្នុង​ប្រទេស​ដែល​ធ្វើឡើង​តាមរយៈ​ការបោះ​ផ្សាយ​មូលបត្រ​រដ្ឋ​នេះ​។ ការណ៍​នេះ​មិនមែន​ជា​រឿង​ប្លែក​ទេ​។ ចាប់​ពី​ពេល​នេះ​តទៅ​យើង​នឹង​ធ្វើការ​បោះផ្សាយ ១ ឆ្នាំម្តងៗ»។​

​កាលពី​ថ្ងៃទី ៧ ខែកញ្ញា​កន្លងមក NBC បានធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​លើក​ទី ១ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២៥ លានដុល្លារ ដោយ​មាន​គ្រឹះស្ថាន​ចូលរួម​ចំនួន ៨ បាន​ចូល​ដេញថ្លៃ ជាមួយនឹង​បរិមាណ​សរុប ៤១ ៨០០ ឯក​តា និង​អត្រា​ចំណូល​ដេញថ្លៃ​ឈ្នះ ២,២ ភាគរយ​។ ចំណែក​ការបោះ​ផ្សាយ​មូល​បត្រ​រដ្ឋ លើក​ទី ២ ក្នុង​ទំហំ ២០០ ពាន់​លាន​រៀល ឬ​ស្មើនឹង ៥០ លាន​ដុល្លារ កាលពី​ថ្ងៃទី ២១ ខែកញ្ញា ដោយមាន​គ្រឹះស្ថាន​ចូលរួម ៦ ស្ថាប័ន ប៉ុន្តែ​ពុំមាន​គ្រឹះស្ថាន​ណាមួយ​ដេញថ្លៃ​បាន​ជោគជ័យ​នោះ​ឡើយ។​

​លោក មាស សុខ​សេន​សាន បាន​ពន្យល់ថា អនុលោម​តាម​ក្របខ័ណ្ឌ​គោល​នយោបាយ​បឋម​ស្តីពី​ការអភិវឌ្ឍ​មូល​បត្រ​រដ្ឋ ការបោះ​ផ្សាយ​លក់​មូលបត្រ​រដ្ឋ​នឹងត្រូវ​អនុវត្ត​ជា​ជំហានៗ ដែល​ក្នុង​ជំហាន​ដំបូង រាជ​រដ្ឋាភិបាល​ផ្តោត​តែ​លើ​ទីផ្សារ​ដំបូង (Primary Market) ដោយ​មានតែ​វិនិយោគិន​ស្ថាប័ន​សក្តានុពល​ប៉ុណ្ណោះ​ដែល​អាច​ចូលរួម​វិនិយោគ​លើ​មូល​បត្រ​រដ្ឋ​បាន​ដូចជា គ្រឹះស្ថាន​ធនាគារ និង​ហិរញវត្ថុ ក្រុមហ៊ុន​មូលបត្រ ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​បេឡាជាតិ​សន្តិសុខ​សង្គម។​

​លោក​បញ្ជាក់ថា​៖ «​ចំពោះ​វិនិយោគិន​ផ្សេងទៀត រួមទាំង​សាធារណជន នឹង​អាច​ចូលរួម​វិនិយោគ​លើ​មូលបត្រ​រដ្ឋ​បាន​ក្នុង​ទីផ្សារ​បន្ទាប់ (Secondary Market) ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និង​កំពុង​ជំរុញ​ការរៀបចំ​កិច្ចការ​នេះ​ឱ្យបាន​ឆាប់»៕