កាលពី​ថ្ងៃ​ពុធ ទី ២ ខែ​វិច្ឆិកា ឆ្នាំ ២០២២ រដ្ឋបាល​គយ​ចិនបានធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ប្រេស៊ីលដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​នាំ​កសិផល​ពោត​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។ សម្រាប់​មន្ដ្រី​កសិកម្ម​ប្រេស៊ីលតាមរយៈ​ការ​អនុម័ត​នេះប្រេស៊ីលសង្ឃឹម​ថា នឹង​អាច​ជំរុញ​ការនាំចេញ​ពោត​របស់ខ្លួន ខណៈ​ចិន គឺ​ជា​ប្រទេសដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី​២ នៅលើ​ពិភពលោក។

ការ​ជ្រៀត​ចូល​នៃ​កសិផល​ពោត​ទៅ​ក្នុង​ទីផ្សារ​ចិនទំនង​ជា​នឹង​ធ្វើ​ឱ្យមាន​ការផ្លាស់ប្ដូរ​លំហូរ​ពាណិជ្ជកម្ម​សកលជាពិសេសវា​អាច​ទាញ​ទម្លាក់​ការលក់​ពោត​របស់​អាមេរិក។ អាមេរិក​ដែលជា​អ្នកផ្គត់ផ្គង់​កសិផល​ពោត​ធំជាងគេសម្រាប់​ទីផ្សារ​ពិភពលោក។ កន្លងមកប្រទេស​ចិន ​ពឹង​ផ្អែកលើ​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន សម្រាប់​ការផ្គត់ផ្គង់​ពោត​ភាគច្រើន​របស់ខ្លួន ប៉ុន្តែ​ការនាំចេញ​ពោត​ពី​អ៊ុយក្រែន​មកកាន់​ប្រទេស​ចិន ត្រូវបាន​រំខានចាប់តាំងពី​អ៊ុយក្រែន​រង​ការឈ្លានពាន​ពី​រុស្ស៊ី​មក។

មន្ដ្រី​កសិកម្ម​ទទួលបន្ទុក​ផ្នែក​កសិផល​បន្លែ​នៃ​ក្រសួង​កសិកម្ម​ប្រេស៊ីល លោក​ Glauco Bertoldo ថ្លែងថា វា​គឺជា​រឿង​ដ៏​ល្អ​មួយសម្រាប់​ប្រទេស​ប្រេស៊ីលដែលមាន​ទីផ្សារ​នាំចេញ​កសិផលកាន់តែ​ច្រើនឡើង។ លោក​បន្ត​ថា សព្វថ្ងៃនេះរដ្ឋបាល​គយ​ចិនបាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ប្រេស៊ីល​ចំនួន ១៣៦ ​ក្រុមហ៊ុន នាំចេញ​ពោត​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន និង​ថា ចំនួន​នេះ​អាច​នឹង​កើន​ឡើង​បន្ថែមទៀតនា​សប្ដាហ៍ក្រោយ។

បើតាម​គម្រោង​ការនាំចេញ​ពោត​របស់​ប្រេស៊ីល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន អាច​នឹង​ចាប់ផ្តើម​ក្នុងពេលឆាប់ៗ​នេះ ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ ខណៈ​ការនាំចេញក្នុង​ទ្រង់ទ្រាយ​ធំនឹង​អាច​ធ្វើឡើងនៅក្នុង​រដូវកាល​ប្រមូល​ផល​បន្ទាប់ដែល​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​ ២០២៣។ នៅពេលដែល​ប្រេស៊ីលចាប់ផ្ដើម​នាំចេញ​ពោត​ទៅកាន់​ទីផ្សារ​ចិនប្រទេស​មួយ​ចំនួនដែល​ធ្លាប់​ទិញ​ពោត​របស់​ប្រេស៊ីលនាពេល​កន្លងមក ដូចជាអេស្ប៉ាញ និង​អេហ្ស៊ីប ត្រូវបាន​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​មួយ​ចំនួន​ព្យាករណ៍​ថា អាច​នឹង​ងាក​ទៅ​ទិញ​ពោត​ពី​សហរដ្ឋ​អាមេរិក​ជំនួស​វិញ។

សូម​រំឭកថា ប្រទេស​ចិន និង​ប្រេស៊ីល បាន​ចុះហត្ថលេខា​លើ​ពិធីសារសម្រាប់​ការនាំចេញ​ពោត​ពី​ប្រទេស​ប្រេស៊ីល ​ទៅ​កាន់​ប្រទេស​ចិនតាំង​ពី​ឆ្នាំ​ ២០១៤ មក​ម្ល៉េះ ប៉ុន្តែ​ការជួញដូរ​មាន​បរិមាណ​តិចតួច​ណាស់ ដោយសារតែ​លក្ខខណ្ឌ​ភូតគាម​អនាម័យ​ដ៏​ស្មុគស្មាញ។

ទិន្នន័យ​ប៉ាន់ស្មាន​បង្ហាញថា ប្រទេស​ចិន​ មាន​តម្រូវការ​នាំចូល​ពោត​ចំនួន ១៨​ លាន​តោន ចាប់ពី​ខែតុលា ​ឆ្នាំ​ ២០២២ សម្រាប់​ការប្រើប្រាស់ក្នុង​ឆ្នាំ​ ២០២២ និង​ឆ្នាំ​ ២០២៣។ ការនាំ​ចូល​ពោត​ពី​ប្រទេស​អ៊ុយក្រែន ​ទៅក្នុង​ទីផ្សារ​ប្រទេស​ចិន បាន​ធ្លាក់​ចុះមក​នៅត្រឹម​តិចជាង ២ ០០០ តោន ក្នុង​ខែកញ្ញា ​ឆ្នាំនេះ ​ដែលជា​ហេតុ​ធ្វើឱ្យ​ប្រទេស​ចិន ត្រូវ​ពឹង​ផ្អែកលើ​សហរដ្ឋ​អាមេរិកសម្រាប់​ការ​ផ្គត់ផ្គង់​កសិផល​ពោត​ភាគច្រើន​របស់ខ្លួន៕