ភ្នំពេញៈ កម្ពុជា​នឹងធ្វើ​ការសិក្សា​អំពី​ឱកាស​ក្នុងការ​អភិវឌ្ឍ​លើ​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ (GW)​។ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​កៀរគរ​ការវិនិយោគរ​ហូត​ដល់ ១០០ លាន​ដុល្លារ និង​ធ្វើជា​គំរូ​ក្នុងការ​ចម្លង​ការទិញ​ថាមពល​កកើត​ឡើងវិញ​ដែលមាន​តម្លៃ​សមរម្យ និង​ឆាប់​រហ័ស​នៅ​កម្ពុជា ដើម្បី​អនុវត្តតាម​ការប្តេជ្ញា​ចិត្ត​នៃ​គោលដៅ​របស់​ប្រទេស​សម្រាប់​កាបូន​សូន្យ​ត្រឹម​ឆ្នាំ ២០៥០។​

​គម្រោង​នេះ​ត្រូវបាន​ប្រកាស​បន្ទាប់​ពី​ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី ​២ ខែវិច្ឆិកា លើ​អាណត្តិ​ផ្តល់​សេវា​ប្រឹក្សា​ប្រតិបត្តិការ​ជាមួយ​អគ្គិសនី​កម្ពុជា (EDC) ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ ២​ ជីហ្គាវ៉ាត់ (GW) នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម ADB នៅ​ថ្ងៃទី ​៣ ខែវិច្ឆិកា។​

​ស្ថិតក្រោម​អាណត្តិ​នេះ ADB នឹង​ជួយ EDC ធ្វើការ​សិក្សា​ទូទាំងប្រទេស​ស្តីពី​ឱកាស​សម្រាប់​សមត្ថភាព​ថាមពល​ពន្លឺ​ព្រះអាទិត្យ​បន្ថែម រួម​ជាមួយនឹង​ប្រព័ន្ធ​ផ្ទុក​ថាមពល​ថ្ម (BESS) ដែល​នឹងត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំនេះ​រហូតដល់​ឆ្នាំ ២០៣០​។ ADB ក៏​នឹង​ជួយ EDC ផងដែរ​ក្នុងការ​ដេញថ្លៃ​គម្រោង​សាកល្បង ១០០ មេហ្គាវ៉ាត់​ដែល​កំណត់​ក្រោម​ការសិក្សា​ខាងលើ​ទៅ​វិស័យ​ឯកជន​ដែល​នឹង​សាងសង់​ផ្តល់​ហិរញ្ញប្បទាន និង​ដំណើរការ​គម្រោង​។

គម្រោង​សាកល្បង​នេះ​ត្រូវបាន​រំពឹងថា នឹង​ប្រមូល​ទុន​រហូត​ទៅដល់ ១០០ លាន​ដុល្លារ និង​ធ្វើជា​គំរូ​ក្នុង​ការពង្រីក​វិសាលភាព​ផ្គត់ផ្គង់​ថាមពល​កកើត​ឡើងវិញ​ដែលមាន​តម្លៃ​សមរម្យ និង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ «​ការអភិវឌ្ឍ​ថាមពល​ពី​ពន្លឺ​ព្រះ​អា​ទិ​ត្យ ២ ​ជីហ្គាវ៉ាត់​នេះ ​គឺ​ស្របតាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បំពេញ​តម្រូវការ​ថាមពល​ដែល​កំពុង​កើនឡើង​របស់​ប្រទេស​តាមរយៈ​ការបង្កើន​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ និង​ប្រសិទ្ធភាព​ថាមពល​។​គន្លឹះ​នៃ​យុទ្ធសាស្ត្រ​នេះ​គឺជា​ការទាញ​យក​ធនធាន​ពន្លឺ​ព្រះអាទិត្យ​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា ខណៈ​ការរួម​ចំណែក​របស់​ថាមពល​ព្រះអាទិត្យ​នេះ​បាន​កើនឡើង​ជាក់ស្តែង​ពី​សូន្យ​ក្នុង​ឆ្នាំ ២០១៦ ដល់​ប្រមាណ​១២ ភាគរយ​នៅ​ចុងឆ្នាំ ២០២១»​។ នេះ​បើ​យោងតាម ADB។​

​លោកស្រី F. Cleo Kawawaki ប្រធានការិយាល័យ​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន​របស់ ADB បាន​លើកឡើង​ថា កម្មវិធី​នេះ​ប្រកបដោយ​មហិច្ឆតា​ខ្ពស់​របស់​កម្ពុជា​ក្នុង​វិស័យ​ថាមពល​កើតឡើង​វិញ។​

​លោកស្រី​បាន​ថ្លែងថា​៖ «​វា​នឹង​កាត់​បន្ថយថ្លៃ​អគ្គិសនី និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​ថាមពល​ដោយ​ការ​ទាញយក​អត្ថប្រយោជន៍​ពី​ធនធាន​នៅក្នុង​ស្រុក​។ យើង​សង្ឃឹមថា នឹង​រួមចំណែក​ដល់​កិច្ច​ខំ​ប្រឹងប្រែង​នេះ​តាមរយៈ​ការ​គាំទ្រ​ការដេញថ្លៃ​ប្រកបដោយ​តម្លាភាព​ដែល​បាន​ត្រៀម​យ៉ាង​ល្អ និង​ដែល​បាន​ទាក់ទាញ​ការ​ប្រកួត​ប្រជែង​យ៉ាង​សកម្ម​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ភាព​ច្នៃ​ប្រឌិត និង​ទុន​ពី​វិស័យ​ឯកជន​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន»។​

​នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា​លោកស្រី Jyotsana Varma បានឱ្យ​ដឹង​ថា ADB តែងតែ​គាំទ្រ​ថាមពល​បៃតង​នៅ​កម្ពុជា ព្រោះ​វា​នឹង​ចូលរួម​ចំណែក​ក្នុង​ការធ្វើ​ផែនការ​ថាមពល​របស់​ប្រទេស។​

​លោកស្រី​លើកឡើងថា​៖ «ADB រីក​រាយ​ក្នុង​ការគាំទ្រ​ការផ្លាស់ប្តូរ​ទៅរក​ថាមពល​បៃតង​នៅ​កម្ពុជា​ដែល​នឹង​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ស្អាត​ប្រកបដោយ​និរន្តរភាព និង​បរិយាប័ន្ន​តាមរយៈ​ការ​កែទម្រង់​គោល​នយោបាយ​ក្នុង​ផែនការ និង​អភិបាលកិច្ច​ថាមពល​ការកែលម្អ​ស្ថិរភាព​បណ្តាញ​អគ្គិសនី​និង​ប្រសិទ្ធភាព​ថាមពល»។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​កាលពី​ថ្ងៃទី​ ១៥ កញ្ញា នៅក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី៤០ កិច្ចប្រជុំ​ពាក់ព័ន្ធ និង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន​ឆ្នាំ ២០២២ ក្រោម​ប្រធានបទ «​ការ​ពន្លឿន​ការផ្លាស់ប្តូរ​ថាមពល​៖ ការស្តារ​សេដ្ឋកិច្ច និង​កំណើន​ប្រកប​ដោយ​ចីរភាព»។​

​លោក​លើកឡើងថា ប្រទេស​កម្ពុជា​ បានដាក់​បញ្ចូល​ប្រភព​ថាមពល​កកើត​ឡើងវិញ​យ៉ាងសកម្ម​ទៅក្នុង​ល្បាយ​ថាមពល​ចម្រុះ​របស់​ប្រទេស​។ នៅ​ឆ្នាំ ២០២១ ថាមពល​បាន​ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ រួមទាំង​វារីអគ្គិសនី ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពល​ជីវម៉ាស បាន​កើន​ដល់ ៤០ ភាគរយ​នៃ​ថាមពល​សរុប​របស់​កម្ពុជា។​

​លោក​បាន​ថ្លែងថា​៖ «​បើ​និយាយ​ពី​សមត្ថភាព​ថាមពល​នៃ​ប្រភព​ថាមពល​របស់​ប្រទេស​កម្ពុជា ការ​រួមចំណែក​នៃ​ប្រភព​ថាមពល​កកើត​ឡើងវិញ​មាន​ប្រហែល ៥៥​ ភាគរយ​នៃ​សមត្ថភាព​ថាមពល​ដំឡើង​សរុប​។ សម្រាប់​ដំណើរ​ឆ្ពោះទៅមុខ កម្ពុជា​នឹង​បន្ត​ផ្តោតលើ​ការអភិវឌ្ឍ​ប្រសិទ្ធភាព​ថាមពល និង​ថាមពល​កកើត​ឡើងវិញ ឱ្យអស់​សក្ដានុពល​នៃ​ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល​របស់​កម្ពុជា»។​

​លោក​បញ្ជាក់ថា​៖ «​ដើម្បី​សម្រេចបាន​នូវ​គោលបំណង​នេះ កម្ពុជា​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​សិក្សា និង​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ថាមពល​កម្ពុជា​រហូតដល់​ឆ្នាំ ២០៤០ គោល​នយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភាព​ថាមពល ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការផ្លាស់ប្តូរ​ថាមពល​ស្អាត​ឆ្ពោះទៅរក​កាបូន​សូន្យ និង​គោល​នយោបាយ​អភិវឌ្ឍន៍​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​លើដំបូល​នៅ​កម្ពុជា»។​

​ផែនការមេ​អភិវឌ្ឍន៍​ថាមពល​ថ្មី​របស់​កម្ពុជា បានទទួល​ស្គាល់​សក្តានុពល​ក្នុងការ​ពង្រីក​បន្ថែម​នូវ​សមត្ថភាព​នៃ​ថាមពល​ពន្លឺ​ព្រះអាទិត្យ PV ដែល​រំពឹងថា​នឹង​លើសពី ៣​ជីហ្គាវ៉ាត់​ក្នុង​ឆ្នាំ ២០៤០​។ ដោយសារ​ការ​រួមចំណែក​នៃ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កើនឡើង​ចាំបាច់​ត្រូវមាន​ការកែលម្អ​បណ្តាញ​តាមរយៈ​ការអនុម័ត BESS។​

​អាណត្តិ​កម្មវិធី​នេះ​ ផ្អែកលើ​ការគាំទ្រ​ពីមុន​របស់ ADB ដល់​វិស័យ​ថាមពល​ព្រះអាទិត្យ​របស់​កម្ពុជា​ដែល​រួមមាន​ឧទ្យាន​ជាតិ​សូឡា​ដំបូង​បង្អស់​របស់​ប្រទេស​មាន​ទីតាំង​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​ដែល​នឹង​ផលិត​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​រហូតដល់ ១០០ មេហ្គាវ៉ាត់៕