ភ្នំពេញៈ កម្ពុជា​បាន​ទទួល​ការ​គាំទ្រ​ពី​សមាជិក​ទាំងមូល​ដើម្បី​ដឹកនាំ​កិច្ច​ប្រជុំ​លើក​ទី​២០ នៃ​ក្រុម​ការងារ​ស្ដីពី​ការ​អភិវឌ្ឍ​ច្បាប់​នៃ​ប្រព័ន្ធ​ម៉ាឌ្រីដ​សម្រាប់​ការ​ចុះ​បញ្ជី​ម៉ាក​អន្តរជាតិ នៃ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក (WIPO) រយៈពេល ៥​ថ្ងៃ ពី​ថ្ងៃទី ៧-១១ ខែ​វិច្ឆិកា។

កម្ពុជា​គឺ​តំណាង​ដោយ​លោក ឡុង កែមវិចិត្រ តំណាង​អចិន្ត្រៃយ៍​នៃ​កម្ពុជា​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធនឹង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុង ហ្សឺណែវ ប្រទេស ស៊្វីស។

ហ្វេសប៊ុក ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បញ្ជាក់​នា​ថ្ងៃទី​៨ ខែ​វិច្ឆិកា ថា៖ «អគ្គរាជទូត​កម្ពុជា [លោក ឡុង កែមវិចិត្រ] បាន​សម្ដែង​នូវ​សេចក្ដីសោមនស្សរីករាយ និង​កិត្តិយស​យ៉ាង​ក្រៃលែង​ដែល​កម្ពុជា ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ពី​សមាជិក​ទាំងមូល ដើម្បី​ដឹកនាំ​កិច្ច​ប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ»។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំនេះ​នាថ្ងៃទី​៧ ខែ​វិច្ឆិកា នៅ​ទីក្រុង ហ្សឺណែវ លោក ឡុង កែមវិចិត្រ ដែល​ជា​អគ្គរាជទូត​កម្ពុជា បាន​តាំង​ចិត្ត​ខ្ពស់ក្នុង​ការ​ដឹកនាំ និង​សម្របសម្រួល​កិច្ច​ប្រជុំ​ឱ្យ​ទទួល​បាន​លទ្ធផល​ដែល​បាន​រំពឹង​ទុក។

អគ្គរាជទូតកម្ពុជា​រូបនេះ​បន្ថែមថា កិច្ច​ពិភាក្សា​ដែល​នឹង​ធ្វើឡើង​នៅ​ក្នុង​កិច្ច​ប្រជុំទី​២០ នេះ​នឹង​នាំ​មក​នូវ​ការ​អភិវឌ្ឍ និង​ភាព​ប្រសើរ​ឡើង​បន្ថែមទៀត​ចំពោះ​ប្រព័ន្ធ​ម៉ាឌ្រីដ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ចុះ​បញ្ជី​ម៉ាក​អន្តរជាតិ​នេះ​ រឹតតែ​មាន​ភាព​ទាក់ទាញ ភាព​ងាយស្រួល និង​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​ដល់​អ្នក​ប្រើប្រាស់​សម្រាប់​បម្រើ​ដល់​តម្រូវ​ការ​នៃ​ធុរកិច្ច។

សម្រាប់​បម្រើ​ដល់​តម្រូវការ​នៃ​ធុរកិច្ច ជាពិសេស​នោះ​គឺ​សហគ្រាស​ធុនតូច និង​មធ្យម ក្នុង​ការ​ទទួល​បាន​ផល​ប្រយោជន៍​ពី​កម្មសិទ្ធិ​បញ្ញា​ដើម្បីជំរុញ​ដល់​គោលដៅ​ធុរកិច្ច​របស់​ខ្លួន។

ប្រព័ន្ធម៉ាឌ្រីដ គឺជា​ប្រព័ន្ធ​ចុះ​បញ្ជី​ម៉ាក​អន្តរជាតិ​ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា​ដែល​គ្រប់គ្រង​ដោយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក ដោយប្រព័ន្ធ​នេះ បាន​ផ្ដល់​ភាព​ងាយស្រួល និង​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​ការ​ចុះ​បញ្ជី​ម៉ាក​នៅ​ក្នុង​ប្រទេស​នានា​ជា​សមាជិក។ នាពេល​បច្ចុប្បន្ន​ប្រព័ន្ធនេះ​មាន​សមាជិក​ចំនួន ១២៨ ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ ដែល​បាន​ចូលរួម​ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​តាម​រយៈការ​ចូលជាសមាជិក​នៃ​ពិធីសារ​ទីក្រុង ម៉ាឌ្រីដ ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង ម៉ាឌ្រីដ ទាក់ទង​នឹង​ការ​ចុះឈ្មោះ​អន្តរជាតិ​នៃ​ម៉ាក នៅ​ថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ​២០១៥។

នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​២០ នៃ​ក្រុម​ការងារ​ម៉ាឌ្រីដ​នេះ សមាជិក​នឹង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់ និង​វិធាន​មួយ​ចំនួន​ពាក់ព័ន្ធនឹង​ការ​ចុះ​បញ្ជី​ម៉ាក ព្រម​ទាំង​ប្រឹក្សា​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​បន្ថែម សំដៅ​លើក​កម្ពស់​ការ​ប្រើប្រាស់ ធ្វើ​ឱ្យ​ប្រព័ន្ធ​មាន​ភាព​ងាយស្រួល និងប្រសិទ្ធភាព​ខ្ពស់​សម្រាប់​អ្នក​ប្រើប្រាស់ និង​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​បច្ចុប្បន្ន៕