
ភ្ញៀវទេសចរដើរកម្សាន្តប្រាសាទអង្គរវត្ត។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជានឹងបង្ហាញទៅកាន់ថ្នាក់ដឹកនាំពិភពលោក និងក្នុងតំបន់ថាជាកន្លែងដ៏មានសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្រោយពីបានធ្វើការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យចាប់តាំងពីការបើកដំណើរការសេដ្ឋកិច្ចសង្គមបានរយៈពេលជិត ១ ឆ្នាំកន្លងមកនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថាព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលនឹងរៀបចំនៅខេត្តព្រះសីហនុនាខែក្រោយគឺជាឱកាសដ៏ល្អ សម្រាប់កម្ពុជាក្នុងការបង្ហាញពិភពលោកពីភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ ១៩ និងជាពន្លឺនៃការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសឱ្យធ្វើដំណើរមកកម្ពុជាច្រើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកនារយៈពេលជាង ២ ឆ្នាំរួចមក។
ការថ្លែងនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ ចាប់ពីថ្ងៃទី ៩-១១ ខែធ្នូឆ្នាំ ២០២២ និងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកចាប់ពីថ្ងៃទី ៩-១៤ ខែធ្នូក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាពឆ្នេរនៃក្ដីសង្ឃឹម» នៅសាលាខេត្តព្រះសីហនុកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
លោក ថោង ខុន និយាយថាបុណ្យសមុទ្រនឹងបង្ហាញពិភពលោកអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដោយជោគជ័យជាមួយនឹងការបើកប្រទេសបានយ៉ាងពេញលេញនាពេលនេះ។ ក្រៅពីនេះ វាក៏ជាឱកាសនៃការអប់រំប្រជាពលរដ្ឋពីការចូលរួមថែរក្សាអនាម័យ និងផ្សព្វផ្សាយពីអត្ថន័យនៃពិធីបុណ្យសមុទ្រផងដែរ។ លោកបន្ថែមថាតាមរយៈព្រឹត្តិការណ៍ទាំង ២ ក៏នឹងបង្ហាញពីសមត្ថភាពនៃការខិតខំរបស់រដ្ឋាភិបាលទាំងការគ្រប់គ្រងថែរក្សាសុខសន្តិភាពការអភិវឌ្ឍសមិទ្ធផលនិងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានផងដែរ។
លោកបញ្ជាក់ថា៖ «ពិធីបុណ្យសមុទ្រនេះជាឱកាសបង្ហាញពិភពលោកពីជោគជ័យរបស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ប្រកបដោយជោគជ័យហើយកម្ពុជាបានបើកប្រទេសសេដ្ឋកិច្ចសង្គមមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋភ្ញៀវទេសចរនិងវិនិយោគិន»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា បុណ្យសមុទ្រនឹងផ្តល់ផលវិជ្ជមានច្រើន សម្រាប់ការងើបឡើងវិញវិស័យទេសចរណ៍នៅកម្ពុជាខណៈកូវីដ-១៩ បានធ្វើឱ្យការរៀបចំបុណ្យសមុទ្រឆ្នាំ២០២០ និង ២០២១ ត្រូវអាក់ខាន។ ព្រឹត្តិការណ៍នេះនឹងមានភ្ញៀវអន្តជាតិជាច្រើនចូលរួម ដែលវានឹងក្លាយជាការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់មនុស្សជាច្រើន។
លោកស្រីបន្តថា៖ «ព្រឹត្តិការណ៍នេះជាមោទនភាពដ៏ធំមួយរបស់កម្ពុជាដែលបង្ហាញពីការបើកដំណើរការសេដ្ឋកិច្ច និងសង្គមយ៉ាងពេញលេញនារយៈពេលជិត ១ ឆ្នាំមកនេះ»។
បើតាមក្រសួងទេសចរណ៍ក្នុងព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះនឹងមានស្ដង់ពិព័រណ៍ចំនួន ៣៥០ ស្ដង់ចូលរួមក្នុងនោះក៏មានស្ដង់ពិព័រណ៍របស់ក្រសួងស្ថាប័នពាក់ព័ន្ធស្ដង់តំបន់អភិវឌ្ឍន៍ទេសចរណ៍ស្ដង់បង្ហាញពីឧស្សាហកម្ម៤.០ ស្ដង់សមាជិកក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោកស្ដង់វិស័យទេសចរណ៍ស្ដង់ស្ថានទូត និងវិស័យទេសចរណ៍បរទេស និងស្ដង់ដៃគូឧបត្ថម្ភពិសេសគឺមានស្ដង់ម្ហូបអាហារខ្មែរនិងបរទេស និងមានភូមិម្ហូបអាហារតាមដងផ្លូវទៀតផងដែរ។ ក្រៅពីនេះក៏មានរៀបចំទស្សនីយភាពសិល្បៈរបស់កម្ពុជាព្រមទាំងមានការចូលរួមរបស់ក្រុមសិល្បករបរទេសដូចជាឥណ្ឌូនេស៊ីឥណ្ឌាថៃ និងវៀតណាមជាដើម៕