
វេទិកាជំរុញវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ ២០២២ ដែលរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា។ រូបថត SPM
ភ្នំពេញៈ កម្ពុជាលើកទឹកចិត្តធុរជន និងវិនិយោគិនវៀតណាមឱ្យមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ ព្រមទាំងបណ្តាក់ទុនវិនិយោគ ឬសហការវិនិយោគជាមួយនឹងវិនិយោគិនកម្ពុជាឱ្យកាន់តែច្រើន ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ខណៈពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៣ ត្រីមាសដំបូងឆ្នាំ ២០២២ មានទឹកប្រាក់ប្រមាណជាង ៤,៦ ពាន់លានដុល្លារ កើនឡើង ២២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ក្នុងវេទិកាជំរុញវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ ២០២២ ដែលរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា បានលើកឡើងថា កម្ពុជា-វៀតណាមជាប្រទេសមានព្រំដែន និងទំនាក់ទំនងកាទូតល្អជាមួយគ្នាយូរមកហើយ ពិសេសមុនពេលមានវត្តមានជំងឺកូវីដ ១៩ ចំនួនវិនិយោគិនវៀតណាមមកបណ្តាក់ទុននៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់។ វិស័យដែលវិនិយោគិនវៀតណាមចូលមកបណ្តាក់ទុននៅកម្ពុជាភាគច្រើន គឺកសិកម្ម និងទូរគមនាគមន៍ ជាដើម។ លោកបន្តថា ទោះយ៉ាងណាវត្តមានជំងឺកូវីដ ១៩ បានធ្វើឱ្យការបណ្តាក់ទុនរបស់វៀតណាមនៅកម្ពុជាជិត ២ ឆ្នាំមកនេះមិនមានសញ្ញាវិជ្ជមានទេ។
លោក ហ៊ុន សែន ថ្លែងថា៖ «ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជាកសិកម្មទំនើប ឧស្សាហកម្ម កែច្នៃចំណីអាហារ និងឧស្សាហកម្មកម្មន្តសាលធុនស្រាល ជាដើម»។
លោកបញ្ជាក់ថា៖ «តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនបរទេសទាំងអស់ ជាពិសេសវិនិយោគិនវៀតណាមដែលបានជ្រើស-រើស និងមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ខ្ញុំសូមអំពាវនាវដល់ធុរជន និងវិនិយោគិនវៀតណាមដែលធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងវិនិយោគិនមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើទោះបីប្រទេសទាំង ២ ស្ថិតក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានរួមគ្នា ប៉ុន្តែការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីគឺនឹងផ្តល់ផលវិជ្ជមានច្រើន សម្រាប់ប្រទេសទាំង ២ ខណៈបច្ចុប្បន្នដោយសារមិនមានឃ្លាំងស្តុក កន្លែងកែច្នៃ និងវេចខ្ចប់គ្រប់គ្រាន់ កម្ពុជាត្រូវពឹងផ្អែកលើការនាំចេញកសិផលមួយចំនួនទៅលក់នៅទីផ្សារវៀតណាម។
លោកនិយាយថា៖ «ជាការចាំបាច់ណាស់ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរទំនិញ និងបណ្តាក់ទុនទៅវិញទៅមករវាងប្រទេសទាំង ២ ព្រោះប្រទេសទាំង ២ មានព្រំដែនជាប់គ្នា គឺបើសេដ្ឋកិច្ចប្រទេសណាមានបញ្ហា វានឹងបង្កភាពអវិជ្ជមានដល់ប្រទេសក្បែរខាងដែរ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា កម្ពុជា-វៀតណាមជាប្រទេសនៅជាប់គ្នា ដូច្នេះការបង្កើតឱ្យមានលក្ខណៈសម្រាប់ការនាំចេញ នាំចូលទំនិញ និងការវិនិយោគផ្ទាល់ជារឿងចាំបាច់ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសជិតខាងទាំង ២ ។ ការពង្រឹង និងពង្រីកនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿន-លឿនពីភ្នំពេញទៅក្រុងបាវិត (ព្រំដែនវៀតណាម) នឹងក្លាយជាសក្តានុពលថ្មីមួយទៀតរបស់កម្ពុជាក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ កាន់តែរឹងមាំ។
លោកថ្លែងថា៖ «ការពង្រឹងគុណភាព និងផលិតទំនិញដែលមានតម្រូវការខ្ពស់នៅតាមទីផ្សារប្រទេសគោលដៅ គឺមានភាពចាំបាច់ណាស់ក្នុងការលើកកម្ពស់ការនាំចេញរបស់កម្ពុជា»៕