
លោក ឌិត ទីណា (ស្តាំ) និងលោក Yu Jianhua លើកពិធីសារ បន្ទាប់ពីចុះហត្ថលេខា។ រូបថត SPM
ភ្នំពេញៈ ផ្នែកឯកជនផលិតកម្មម្រេច និងអ្នកជំនាញផ្នែកកសិកម្មយល់ឃើញថា ការចុះហត្ថលេខានៅលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិនរវាងអាជ្ញាធរនៃប្រទេសទាំង ២ នឹងជួយឱ្យការដាំដុះ វិនិយោគ និងទីផ្សារនាំចេញម្រេចកម្ពុជាកាន់តែមានភាពល្អប្រសើរ។
ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានធ្វើឡើងរវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាជាមួយនឹងលោក Yu Jianhua រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី កេឈាង នាយករដ្ឋមន្ត្រីចិននៅវិមានសន្តិភាពកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ ខែវិច្ឆិកាថា ទោះបីគុណភាពម្រេចកំពតត្រូវបានស្ថាប័នជាតិ និងអន្តរជាតិ ជាច្រើនទទួល និងគោរពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញទៅប្រទេសជាច្រើនរួចហើយក៏ដោយ ក៏លោកមានក្តីរីករាយចំពោះអ្វីដែលរដ្ឋាភិបាលកម្ពុជាបានធ្វើជាមួយនឹងអាជ្ញាធរចិនក្នុងន័យឆ្ពោះទៅនាំចេញផលិតផលម្រេចកម្ពុជាជាផ្លូវការទៅប្រទេសចិន។ លោកបានបន្តថា ការចុះកិច្ចព្រមព្រៀងលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅចិននឹងជួយលើកទឹកចិត្ត ក៏ដូចជាពង្រីកទីផ្សារនាំចេញបាន ១ កម្រិតទៀត។
លោកនិយាយថា៖ «សម្រាប់ម្រេចកំពតបញ្ហាលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៅពេលនាំចេញគឺមិនមានបញ្ហាទេ ព្រោះកន្លងមកម្រេចកំពតត្រូវបាននាំចេញទៅប្រទេសជាច្រើនមកហើយ។ ការនាំចេញម្រេចកំពតសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យគុណភាពពីសមាគម និងការបញ្ជាក់របស់ក្រសួងកសិកម្មទៅលើបញ្ហាភូតគាមអនាម័យផងដែរ»។ លោកបន្ថែមថា៖ «ម្រេចកម្ពុជានឹងមានទីផ្សារទទួលទិញកាន់តែច្រើន នៅពេលប្រទេសចិនអនុញ្ញាតឱ្យនាំចូល»។
សម្រាប់តម្លៃម្រេចកំពតក្នុងឆ្នាំ ២០២២ នេះគឺដូចនឹងឆ្នាំមុនដដែល ដោយម្រេចខ្មៅមានតម្លៃ ១៥ ដុល្លារក្នុង ១ គីឡូក្រាម ម្រេចក្រហម ២៥ ដុល្លារ, និងម្រេចស ២៨ ដុល្លារ។ នេះបើតាមលោក ងួន ឡាយ ។
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានលើកឡើងថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយភាគីចិននឹងជួយធ្វើឱ្យផលិតផលម្រេចកម្ពុជាអាចមានទីផ្សារនាំចេញជាផ្លូវការដោយផ្ទាល់ទៅប្រទេសចិន ខុសពីពេលបច្ចុប្បន្នដែលឆ្លងកាត់តាមរយៈប្រទេសជិតខាង (វៀតណាម) ដែលនាំឱ្យកម្ពុជាត្រូវបាត់ផលប្រយោជន៍មួយចំនួន។ លោកបន្តថា នេះជាអ្វីដែលអ្នកក្នុងផលិតកម្មម្រេចកម្ពុជាចង់បាន ព្រោះមុននឹងឈានដល់ដំណាក់កាលនេះ គឺភាគីចិនបានចំណាយពេលសិក្សាយ៉ាងតិច ២-៣ ឆ្នាំ។
លោកបញ្ជាក់ថា៖ «តាមរយៈការចុះពិធីសារនេះខ្ញុំសង្ឃឹមថាការនាំចេញម្រេចជាផ្លូវការទៅចិននឹងអាចកើតឡើងនៅក្នុងពេលឆាប់ៗ»។
ទោះបីយ៉ាងណាក្នុងនាមអ្នកជំនាញ លោក សុផល បានឱ្យដឹងថា ពិធីសារនេះ គឺគ្រាន់តែជាការបោះជំហានទៅមុខមួយផ្នែកប៉ុណ្ណោះ ព្រោះការនាំចេញជាក់ស្តែង គឺគេត្រូវសិក្សាទៅលើតម្លៃនៃការដឹកជញ្ជូនដោយផ្ទាល់ផងដែរ ខណៈកន្លងមកការបញ្ជូនទំនិញដោយឆ្លងកាត់តាមវៀតណាមទៅប្រទេសចិន (មានព្រំដែនជាប់គ្នា) គឺមានភាពងាយស្រួល និងអាចមានតម្លៃទទួលយកបាន។
លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាកាលពីខែសីហា បានប្រាប់ថា នៅកម្ពុជាមានផ្ទៃដីចម្ការម្រេចប្រហែល ៦ ០០០ ហិកតា (នៅខេត្ត ១៨) ក្នុងនោះចម្ការម្រេចមានច្រើននៅខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ ការនាំចេញម្រេចមានចំនួន ៧ ៣៣៥,៦០ តោនថយចុះ ៧០,៤៨ ភាគរយ ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ៦ ៤៦៧,៨៩ តោន, អាល្លឺម៉ង់ ៧៧៨,២ តោន, កោះតៃវ៉ាន់ ២១ តោន, បារាំង ១៦,៧៨ តោន, ម៉ាឡេស៊ី ១៣,៦៤ តោន, បែលហ្ស៊ិក ១៣,២៤ តោន, ឆេក ៩,៤៤ តោន, កូរ៉េ ៤,៣៥ តោន, ជប៉ុន ២,៩៨ តោន, ស៊ុយអែត ២,៧៨ តោន, កាណាដា ១,២៨ តោន និងប្រទេសមួយចំនួនទៀតដូចជា អាមេរិក, ឥណ្ឌា, ចក្រភពអង់គ្លេស ជាដើម៕