
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ភាគីជប៉ុន កាលពីថ្ងៃទី ៩ ខែវិច្ឆិកា។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានស្នើថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ឱ្យបន្តចូលរួមទាក់ទាញវិនិយោគិនជប៉ុនចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន និងជួយទិញផលិតផលកម្ពុជា ព្រមទាំងជួយសម្របសម្រួលពិនិត្យលទ្ធភាពសិក្សាបន្ថែមពីការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងជប៉ុន-កម្ពុជា។
សំណើនេះត្រូវលោក ប៉ាន សូរស័ក្តិ លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Nobuhiko Sasaki ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ JETRO កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ដើម្បីជំរុញបរិយាកាសធុរកិច្ច និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ជប៉ុន។
លោក សូរស័ក្តិ បានលើកឡើងថា កម្ពុជា-ជប៉ុនមានទំនាក់ទំនងល្អជាមួយគ្នាជាយូរមកហើយ ហើយតាមរយៈជំនួបនេះ លោកសូមលើកទឹកចិត្ត និងស្នើឱ្យ JETRO ជួយទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាកាន់តែច្រើន និងពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ចលនាភូមិ ១ ផលិតផល ១ ជាពិសេសការរៀបចំពិព័រណ៍ និងលក់ផលិតផលខ្មែរនៅទីផ្សារជប៉ុន។
លោកថ្លែងថា៖ «ខ្ញុំសូមស្នើ JETRO សហការចូលរួមពិព័រណ៍ OVOP 2022 ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងជួយសម្របសម្រួលក្នុងការពិនិត្យលទ្ធភាពសិក្សាបន្ថែមអំពីកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងជប៉ុន និងកម្ពុជា ព្រមទាំងស្នើ JETRO ឱ្យកៀរគរក្រុមហ៊ុនជប៉ុនដែលមានទីតាំងនៅប្រទេសជិតខាងពិសេសថៃ+១ និងវៀតណាម+១ ពិចារណា ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនមកកម្ពុជា»។
លោក Nobuhiko Sasaki បានថ្លែងអំណរគុណដល់កម្ពុជា សម្រាប់ការគាំទ្រយ៉ាងខ្លាំងលើ RCEP ជាពិសេសក្រសួងពាណិជ្ជកម្មដែលតែងគាំទ្រដល់ក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះលោកក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីជំរុញការនាំចេញផលិតផលជប៉ុន ជាពិសេសផលិតផលគ្រឿងសម្អាង និងអាហារមកកាន់ទីផ្សារកម្ពុជា។
លោក Nobuhiko Sasaki បាននិយាយថា៖ «JETRO គ្រោងនឹងរៀបចំសិក្ខាសាលាថៃ+១ នៅប្រទេសថៃក្នុងខែមករា ឆ្នាំ ២០២៣ ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលមានទីតាំងក្នុងប្រទេសថៃ ឱ្យពិនិត្យលទ្ធភាពពង្រីកអាជីវកម្មរបស់ពួកគេឱ្យមកវិនិយោគនៅប្រទេសកម្ពុជា ពិសេសតាមរយៈច្រកអន្តរជាតិប៉ោយប៉ែត»។
យោងតាមធនាគារជាតិនៃកម្ពុជាគិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់ជប៉ុននៅកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី ៥ ដោយមានតម្លៃសរុប ២,៤ ពាន់លានដុល្លារ ឬស្មើ ៥,៩ ភាគរយនៃការវិនិយោគផ្ទាល់បរទេស (FDI) នៅកម្ពុជា ដែលមានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ។ ក្នុងនោះការវិនិយោគរបស់ចិនចំនួន ៤៣,៩ ភាគរយ, កូរ៉េ ១១,៩ ភាគរយ, សិង្ហបុរី ៦,៥ ភាគរយ, វៀតណាម ៦,១ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ជប៉ុន គឺជាទីផ្សារទទួលទិញទំនិញធំមួយរបស់កម្ពុជាដោយទឹកប្រាក់នាំចេញទំនិញពីកម្ពុជាទៅជប៉ុនកើនឡើងជាបន្តបន្ទាប់។ ចំនួននេះត្រូវរំពឹងថានឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីសភាពាណិជ្ជកម្មកម្ពុជា កាលពីពេលថ្មីៗនេះទើបបានបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងតំបន់សេនដាយ ក្នុងប្រទេសជប៉ុន។
លោកប្រាប់ទៀតថា៖ «ការវិនិយោគផ្ទាល់របស់ជប៉ុននៅកម្ពុជា មានភាគច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងមានផលិតកម្មសំខាន់ៗដូចជា គ្រឿងសំណង់ គ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គិសនី ជាដើម»។
បច្ចុប្បន្នផលិតផលសំខាន់ៗដែលកម្ពុជានាំទៅជប៉ុន រួមមាន សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំ និងកសិផល ចំណែកទំនិញជប៉ុននាំចូលមកកម្ពុជា គឺជាគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម។ នេះបើតាមលោក លឹម ហេង ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ១ ៤៩៩,៥ លានដុល្លារ កើន ១៥,១ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ។ ក្នុងនោះកម្ពុជានាំទៅជប៉ុនមានចំនួន ៨៩៧,៦៩ លានដុល្លារ កើន ៨,៥ ភាគរយ និងការនាំទំនិញពីប្រទេសជប៉ុនមកកម្ពុជាមានចំនួន ៦០១,៨ លានដុល្លារ កើនឡើង ២៦,៦ ភាគរយ៕