ភ្នំពេញៈ កូរ៉េ​ខាងត្បូង​សន្យា​នឹង​ជំរុញ​អ្នកវិនិយោគ​របស់ខ្លួន​មក​កម្ពុជា​បន្ថែមទៀត​នៅពេល​ខាងមុខ និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

នា​ថ្ងៃទី​ ១១ ខែវិច្ឆិកា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​អាស៊ាន​បាន​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក Yoon Suk Yeol ក្នុង​ឱកាស​ដែល​លោក​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េ នៅ​រាជធានី​ភ្នំពេញ​។

ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ក្រោយ​ជំនួប​ថា មេដឹកនាំ​ទាំង​ ២​ បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​តំបន់​ផង និង​បញ្ហា​ទ្វេភាគី​ផង ខណៈ​លោក Yoon បាន​សម្ដែង​ការគាំទ្រ​ចំពោះ​មជ្ឈភាព​អាស៊ាន​នាពេលនេះ និង​សម្ដែង​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កូរ៉េខាងត្បូង និង​ប្រទេស​កម្ពុជា ជាពិសេស​ទៅលើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​។

ហ្វេសប៊ុក​ដដែល​បាន​ដកស្រង់​សម្ដី​លោក Yoon ថា ប្រទេស​ទាំង​ ២ មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ជាច្រើន ដូចជា ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល វិស្ស័យ​ឯកជន និង​ឯកជន​រវាង​ប្រជាជន និង​ប្រជាជន ហើយ​ក្នុង​រយៈពេល​ត្រឹមតែ​ ២៥ ​ឆ្នាំ​តែប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​ការ​កើនឡើង​ជាង​ ២០ ​ដង​។

លោក​បន្តថា ជំនួយ​ក្រៅ​ប្រទេស​របស់​កូរ៉េ​មក​កម្ពុជា​ត្រូវបាន​បង្កើន​ឡើង​បន្ថែមទៀត សម្រាប់​ជួយ​ដល់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​។

លោក Yoon ត្រូវបាន​ស្រង់​សម្ដី​ថា​៖ «​កូរ៉េ​នឹង​ជំរុញ​អ្នកវិនិយោគ​មក​កម្ពុជា​បន្ថែមទៀត​នៅពេល​ខាងមុខ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ជាពិសេស​ដើម្បី​ចាប់យក​ឱកាស​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ការមិន​យកពន្ធ​ត្រួតគ្នា​រវាង​ប្រទេស​ទាំង​ ២ ​ជាដើម​»៕