នៅ​ថ្ងៃ​សុក្រ ទី​ ១១ ​វិច្ឆិកា ឆ្នាំ​ ២០២២ ក្រុមហ៊ុន​ឥណ្ឌូនេស៊ី​ចំនួន​ ៩ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យាលក់​ផលិតផល​ប្រេងដូង​ចំនួន ២,៥ លាន​តោន ដែលមាន​តម្លៃ ២,៦ ពាន់​លាន​ដុល្លារ​ទៅឱ្យ​អ្នកទិញ​ចិន​ចំនួន​ ១៣ ​រូប​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​។

កិច្ចព្រមព្រៀង​នេះ បាន​កើតឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ នៅ​ប្រទេស​ចិន​កាលពី​ខែកក្កដា​។ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​និយាយថា​ចិន​បាន​ប្តេជ្ញា​ចិត្តនឹង​នាំចូល​ប្រេងដូង​ឆៅ​របស់​ឥណ្ឌូនេស៊ី​បន្ថែមចំនួន ១ លាន​តោន​។

យ៉ាងណា​ក៏ដោយ គេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា​តើ​កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​អនុវត្ត​ក្នុង​រយៈពេល​ប៉ុន្មាន​នោះ​។

បើតាម​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី ប្រទេស​ឥណ្ឌូនេស៊ី​បាន​នាំចេញ​ផលិតផល​ប្រេងដូង​ចំនួន ៦,៦ លាន​តោន​ទៅកាន់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២១ ​។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​លោក ហ្ស៊ុលគីហ្វ្លី ហាសាន (Zulkifli Hasan) បាន​និយាយថា ការនាំចេញ​ទៅកាន់​ប្រទេស​ចិន នឹងមិន​រំខាន​ដល់​ការផ្គត់ផ្គង់​ប្រេង​ចម្អិន​អាហារ​ក្នុងស្រុក​ទេ ក្រោម​ហេតុផល​ថា​រដ្ឋាភិបាល​បាន​កំណត់​ឱ្យ​អ្នក​នាំចេញ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ ដើម្បី​ទទួលបាន​ការអនុញ្ញាត​នាំចេញ​។

«​កាតព្វកិច្ច​ទីផ្សារ​ក្នុងស្រុក និង​កាតព្វកិច្ច​តម្លៃ​ក្នុងស្រុក​សម្រាប់​អ្នក​ផលិត​ប្រេង​ចម្អិន​អាហារ ព្រមទាំង​ឧស្សាហកម្ម​ប្រេងដូង​ឆៅ​នៅតែមាន​ដដែល ដើម្បី​ធានាឱ្យ​មាន​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ប្រេង​ចម្អិន​អាហារ​»​។ នេះ​បើតាម លោក ហ្ស៊ុលគីហ្វ្លី និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​។

គួរ​ជ្រាបថា ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​នាំចេញ​ប្រេងដូង​កំពូល​របស់​ពិភពលោក​បាន​ហាមឃាត់​ការនាំចេញ​ប្រេងដូង​រយៈពេល ៣ ​សប្តាហ៍ ដោយ​ចាប់ផ្តើម​ពី​ចុងខែ​មេសា ដើម្បី​ទប់ទល់​នឹង​ការកើនឡើង​នៃ​តម្លៃ​ប្រេង​ចម្អិន​អាហារ ដែលជា​ហេតុនាំឱ្យ​ចំនួន​ស្តុក​ផ្គត់ផ្គង់​កើនឡើង​ច្រើន​។

រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា បាន​លើកលែង​ការយកពន្ធ​តាំងពី​ពាក់កណ្តាល​ខែកក្កដា ដើម្បី​លើក​ទឹកចិត្ត​ដល់​ការនាំចេញ ក៏ប៉ុន្តែ​អាច​នឹង​ណែនាំ​ការយកពន្ធ​ឡើងវិញ​នៅ​ពាក់កណ្តាល​ទី​ពីរ​នៃ​ខែវិច្ឆិកា​៕