ការបណ្តាក់ទុន​រួមគ្នា​ដើម្បី​ស្វែងរក​លទ្ធភាព​នៃ​ការនាំយក​ដំណោះស្រាយ Web3 ដើម្បី​ជំរុញ​កំណើន​​ប្រកបដោយ​បរិ​យា​ប័ន្ន​នៅ​កម្ពុជា​

​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម និង​ការវិនិយោគ​អាស៊ាន ឆ្នាំ 2022 ក្រុមហ៊ុន Binance​ ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រព័ន្ធ​អេកូឡូស៊ី blockchain ឈានមុខ​គេ​លើ​ពិភពលោក និង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ប្រទេសជាតិ ចូលទៅក្នុង​យុគសម័យ​នៃ​ដំណោះស្រាយ Web3 បន្ទាប់ពី​បាន​ចុះ​អនុស្សរណៈ​កាលពីដើមឆ្នាំ​នេះ ហើយ​កំពុង​រងចាំ​ការអនុញ្ញាត​។​

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃនេះ ត្រូវបាន​រៀបចំ​ក្រោម​អធិបតីភាព ឯកឧត្តម លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​និយតករ​មូល​ប​ត្រ​កម្ពុជា​។​

​លោក Leon Foong​ប្រធាន​ក្រុមហ៊ុន Binance​ប្រចាំ​តំបន់​អាស៊ី​បា​ស៊ី​ហ្វិ​កបាន​ឲ្យ​ដឹងថា​៖ “​យើង​ពិតជា​រំភើប​ក្នុង​ការពង្រឹង​ទំនាក់ទំនង និង​ការសហការ​ដ៏​រឹងមាំ​របស់​យើង​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​។ ការបណ្តាក់ទុន​រួមគ្នា​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​រីករាយ​ជាមួយនឹង​បទពិសោធន៍​ប្រើប្រាស់​ដែល​រលូន ដើម្បី​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​ក្នុងការ​ស្វែងយល់​អំពី blockchain និង​ចូលទៅ​កាន់​បណ្តាញ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​ដើម្បី​ស្វែងរក​វិធី​ដើម្បី​ចាប់ផ្តើម​ដំណើរ web3.0 របស់​ពួកគេ​។ យើង​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដូច្នេះ​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ពី​ការរីកចម្រើន​នៃ​ប្រព័ន្ធ​អេកូឡូស៊ី Blockchain ហើយ​យើង​រួមគ្នា​ខិតខំ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ជំរុញ​ការធ្វើ​ឌីជីថល​កម្ម​នៅក្នុង​ប្រទេស​។​

​នៅក្នុង​កិច្ចព្រមព្រៀង​បណ្តាក់ទុន​រួមគ្នា​ដែល​បាន​ចុះហត្ថលេខា​នៅថ្ងៃនេះ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ក្នុងការ​ស្វែងរក​​លទ្ធភាព​នៃ​ការបង្កើត​ដំណោះស្រាយ និង​ថ្នាល​ដោយ​ផ្អែកលើ​កម្មវិធី Web3 ព្រមទាំង​ប្រើប្រាស់​ចំណេះដឹង​បច្ចេកវិទ្យា និង​សមត្ថភាព​វេទិកា blockchain របស់ Binance​ដើម្បី​ជួយ​ថែរក្សា​កំណើនសេដ្ឋកិច្ច​ដែល​ផ្តោតលើ​ផ្នែក​ជាក់លាក់​នៃ​សង្គម​។​

​អ្នកឧកញ៉ា គិត ម៉េង ប្រធាន និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​បាន​មានប្រសាសន៍ថា​៖ “​យើង​រស់នៅក្នុង​ពេលវេលា​ដ៏​រំភើប​មួយ​ដោយសារតែ​យើង​មាន​ដំណោះស្រាយ​Web3 ព្រមទាំង​ការរីកចម្រើន​នាពេល​អនាគត​។ ក្រុមហ៊ុន​​បច្ចេកវិទ្យា​កំពុង​គិត​អំពី​អ្វីដែល​មិន​នឹកស្មាន​ដល់ ហើយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ពិភពលោក​នេះ​ទៅជា​សង្គម​រួមបញ្ចូល​គ្នា និង​បើកចំហ ដែល​ពាណិជ្ជកម្ម​ពហុភាគី​អាច​នាំមក​នូវ​វិបុលភាព​សេដ្ឋកិច្ច​សម្រាប់​ទាំងអស់គ្នា​។​

​អ្នកឧកញ៉ា គិត ម៉េង បាន​មានប្រសាសន៍​បន្ថែមថា​៖«​យើង​ចង់​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​នាំមុខគេ​ក្នុងការ​ផ្លាស់ប្តូរ​នេះ ហើយដោយ​មានការ​យល់​ព្រម​ពី​រាជរដ្ឋាភិបាល​កម្ពុជា យើង​ចង់​ឲ្យ​បច្ចេកវិទ្យា​ជួយ​យើង​ឲ្យ​ចូល​ទៅដល់​សេដ្ឋកិច្ច​មួយ​ដែលមាន​ការអភិវឌ្ឍ​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​Binance​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​ពិភពលោក​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី blockchain ហើយ​ប្រាកដថា​ការបណ្តាក់ទុន​រួមគ្នា​នេះ​នឹង​ដំណើរការ​ដ៏​វែងឆ្ងាយ​ក្នុងការ​បង្កើនល្បឿន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​នៅក្នុង​ប្រទេស​កម្ពុជា​។​”

​សព្វថ្ងៃនេះ ដោយសារតែ​បច្ចេកវិទ្យា ពិភពលោក​បានរួម​តូច​នៅក្នុង​ទូរ​សព្ទ​ដៃ​ដែល​អ្នកប្រើប្រាស់​កាន់ ខណៈពេលដែល​ពង្រីក​ព្រំដែន​ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សេដ្ឋកិច្ច​បើកចំហ​។​

​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន Binance​មាន​ទស្សនៈវិស័យ​ទូទៅ​ដូចគ្នា គឺ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​សម្រាប់​មនុស្ស​គ្រប់គ្នា ដោយ​មិន​គិតពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម យេនឌ័រ​ទីតាំង​ភូមិសាស្ត្រ ឬ​អាយុ​របស់​ពួកគេ ហើយ​កំពុង​រំពឹងថា​ការបណ្តាក់ទុន​រួមគ្នា​នេះ​នឹង​ដឹកនាំ​ការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស​កម្ពុជា​៕