ភ្នំពេញៈ ផ្នែក​ឯកជន និង​អ្នក​សេដ្ឋ​កិច្ច​រំពឹងថា ជំនួប​ទ្វេភាគី​រវាង​ថ្នាក់​ដឹក​​នាំ​កម្ពុជា និង​កូរ៉េ នាឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន នឹង​ផ្តល់​ភាព​វិជ្ជមាន​កាន់តែច្រើន​សម្រាប់​ពាណិជ្ជកម្ម​ទ្វេ​ភាគី ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ (CKFTA)​ នឹង​ចូល​ជាធរ​មាននៅ​ខែក្រោយ​។​

​ក្នុងជំនួប​ទ្វេភាគី​កាល​​ពីថ្ងៃ​ទី ​១១ ខែវិច្ឆិកា រវាង​នាយករដ្ឋមន្ត្រី​​កម្ពុជា លោក ហ៊ុន សែន និង​ប្រ​ធានា​​ធិបតី​កូរ៉េខាងត្បូង លោក Yoon Suk Yeol នាឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​រៀបចំឡើង​ក្នុង​រាជធានី​ភ្នំពេញ ភាគី​ទាំង ​២ បានបង្ហាញ​ការ​សាទរ​ចំពោះ​កិច្ច​សហ​​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការកើនឡើង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ និង​មាន​សុទិដ្ឋិនិយម​ថា កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​នឹង​ចូល​ជាធរ​មាននៅ​ដើមខែ​ធ្នូ នឹង​ធ្វើឱ្យ​កើនឡើង​យ៉ាងច្រើន​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​ក្នុងឱកាស​នោះ លោក ហ៊ុន សែន បានស្នើ​លោក Yoon Suk Yeol ឱ្យជួយ​លើកទឹកចិត្ត និង​ជំរុញ​ការវិនិយោគ​ផ្ទាល់​របស់​កូរ៉េ​មក​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​ប្រទេស​​កូរ៉េ​ ក៏បាន​ទទួល​ពលករ​ក​ម្ពុ​ជា​ជាច្រើន​នាក់​ឱ្យទៅ​ធ្វើការ​ក្នុងប្រទេស​របស់ខ្លួន​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​១៣ ខែវិច្ឆិកា​ថា ជំនួប​រវាង​ថ្នាក់ដឹកនាំ​ទាំង ​២ ក្នុងឱកាស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​នយោបាយ​ការទូត និង​កំណើន​សេដ្ឋកិច្ចកម្ពុជា ដោយ​បច្ចុប្បន្ន​ប្រទេស​កូរ៉េ​កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការទទួល​ទិញ​ផលិតផល​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា តាមរយៈ​ជំនួប​នេះ​នឹង​ជំរុញ​ឱ្យ​ការ​​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​មាន​ចំនួន​កាន់តែច្រើន ខណៈ​ការ​នាំចូល​វត្ថុ​ធាតុ​ដើមពី​កូរ៉េ​មក​កែច្នៃ​សម្រាប់​នាំចេញ ក៏​នឹង​កើនឡើង​ផងដែរ​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ និយាយថា កូរ៉េជាទី​ផ្សារ​សំខាន់​មួយ​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា ខណៈ​ការ​បណ្តាក់​​ទុន​របស់​កូរ៉េ​នៅ​កម្ពុជា​ក៏មាន​ច្រើន​ដែរ ពិសេស​ក្នុង​វិស័យ​សំណង់​។

លោក​បន្តថា ទោះបីយ៉ាងណា បើ​គេ​ពិនិត្យមើល​ជញ្ជីងពាណិជ្ជកម្ម គឺ​កម្ពុ​ជាមាន​ឱនភាព​ច្រើន​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​អ្នកវិនិយោគ​ត្រូវ​រិះរក​វិធីសាស្ត្រ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​របស់ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៅក្នុង​ប្រទេស​កូរ៉េ​។​

​លោក​បន្តថា ផលិតផល​កសិកម្ម​នឹង​ក្លាយជា​ទំនិញ​មាន​សក្តានុពល​សម្រាប់​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​ ពីលើ​អ្វីដែល​កំពុងមាន​ (​ផលិតផល​វាយ​ន​ភណ្ឌ​) ខណៈ CKFTA នឹង​ក្លាយជា​កម្លាំង​ជំរុញ​ថ្មី​មួយ​សម្រាប់​ការនាំ​ផលិតផល​ក​សិ​​កម្ម​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​កិច្ច​សហ​​ប្រតិបត្តិ​ការល្អ និង​ការចូល​ជាធរ​មាននៃ CKFTA ប្រាកដ​ណាស់ ការនាំចេញ​ផលិតផល​មួយចំនួន​ទៅ​ទីផ្សារ​កូរ៉េ​នឹង​កើនឡើង​។ កំណើន​នេះ​ក៏ត្រូវ​អាស្រ័យ​លើ​ការធ្វើ​ពិពិធ​កម្ម​ទំនិញ​ ដើម្បី​ឆ្លើយ​​តប​នឹង​តម្រូវការ​ទីផ្សារ​ដែរ​»​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​​ករ​កម្ពុជាបង្ហាញថា ចាប់ពី​ខែមករា​-​ខែ​​តុលា ឆ្នាំ​ ២០២២ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េ មានតម្លៃ​សរុប ៦៥៨,៩ ​លាន​ដុល្លារ កើន ៣,២​ ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​ទៅ​កូរ៉េ មាន​ចំនួន ១៩០,៥៣​ លាន​ដុល្លារ កើន ២១,៦​ ភាគរយ និង​ការនាំ​ទំនិញ​ពី​កូរ៉េ​មក​កម្ពុជា ៤៦៨,៣៧​ លាន​ដុល្លារ ធ្លាក់ចុះ ២,៧ ​ភាគរយ​៕