​ភ្នំពេញៈ ក្រុមហ៊ុន Royal Group Power Company Ltd (RGP) និង​ក្រុមហ៊ុន Keppel Energy Pte Ltd (KE) ​បាន​ចុះ​កិច្ចព្រមព្រៀង​បឋម​រួម​​គ្នា​លើ​ការចង​កាតព្វកិច្ច​ប្រគល់​សិទ្ធិផ្តាច់មុខ ​ដើម្បី​សិក្សា​លទ្ធភាព​អភិវឌ្ឍ និង​ប្រតិបត្តិការ​រួមគ្នា​លើ​គម្រោង​ថា​ម​ពល​កកើត​ឡើងវិញ​នៅ​កម្ពុជា ដែលមាន​សមត្ថភាព​​ប្រមាណ ២ ៥០០​ មេ​ហ្គា​វ៉ា​ត់ ​នៅក្នុង​គោលបំណង​នាំទៅ​សិង្ហ​បុរី ១ ០០០ ​មេ​ហ្គា​វ៉ា​ត់ តាមរយៈ​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​នៅក្រោម​សមុទ្រ ដែល​ក្រុមហ៊ុន KE គឺជា​អ្នកទទួល​ទិញ​។​

​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បឋម​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី ​១១ ខែវិច្ឆិកា ដោយមាន​ការចូលរួម​ជា​អធិបតីភាព​របស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧ​ប​នា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក គិត ម៉េង អគ្គនាយក​​ក្រុមហ៊ុន Royal Group ដែលជា​ក្រុមហ៊ុនមេ​របស់ Royal Group Power Company Ltd (RGP)​ បាន​ប្រាប់ថា កិច្ច​​ព្រមព្រៀង​ផ្តាច់មុខ​ជាមួយ​ក្រុម​​ហ៊ុន Keppel គឺ​ដើម្បី​អភិវឌ្ឍ និង​នាំចេញ​ថាមពល​រហូតដល់ ១ ០០០ ​មេ​ហ្គា​វ៉ា​ត់ ​ពី​កម្ពុជា​ទៅ​ប្រទេស​សិង្ហ​បុរី ព្រមទាំង​ការ​​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ថាមពល​សម្រាប់​ដោះស្រាយ​ការនាំចេញ​ថាមពល​ពី​ឡាវ គឺ​តំណាងឱ្យ​ការចាប់ផ្តើម​នូវ​កិច្ច​​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២ និង​ក្រុមហ៊ុន​ទាំង​ ២​។​

​លោក​បញ្ជាក់ថា​៖ «​នេះ​ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​។ កិច្ចសហប្រតិបត្តិការ​រវាង​ធុរកិច្ច និង​ធុរកិច្ច​របស់​យើង នឹង​ចូល​​រួមចំណែក​យ៉ាងច្រើន​ដល់​ការ​​អនុវត្ត​កាន់តែ​ទូលំទូលាយ​នូវ​ខ្សែបណ្តាញ​បញ្ជូន​ថាមពល​អា​​ស៊ាន តាមរយៈ​តំណ​ភ្ជាប់​ផ្នែក​អគ្គិសនី​ក្នុង​អាស៊ាន​ដោយ​អនុ​​វត្ត​នូវ​ធាតុ​ផ្សំ​ជា​គន្លឹះ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រ​សួង​រ៉ែ និង​ថាមពល​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា ជាមួយ​ក្រសួង​​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី ក្នុងអំឡុងពេល​នៃ​កិច្ច​​ប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​៤០ នៅ​ថ្ងៃទី ​១៦ ខែ​​កញ្ញា ឆ្នាំ ​២០២២»​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម​នៃ​ពិធី​ចុះ​កិច្ចព្រមព្រៀង​ខាងលើ​លើកឡើងថា កិច្ចព្រមព្រៀង​នេះ គឺជា​ផ្នែក​មួយ​ក្នុង​យុទ្ធសាស្ត្រ​របស់ KI ក្នុងការ​ស្វែងរក​ធន​​ធាន​ថាមពល​ប្រកបដោយ​ចី​រ​​ភាព និង​អាច​ទុកចិត្តបាន​ដែល​ជួយ​គាំទ្រ​ដល់​ពាណិជ្ជកម្ម​ថា​ម​ពល​ឆ្លងកាត់​ព្រំដែន​អាស៊ាន ដោយ​រាប់បញ្ចូល​ទាំង​ការនាំ​​ចូល​ថាមពលបៃតង​ទៅ​ប្រទេស​​សិង្ហ​បុរី ​ផងដែរ​។​

​លោកស្រី Cindy Lim ប្រធាន​​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) ដែលជា​ក្រុមហ៊ុនមេ Keppel Energy Pte Ltd(KE) បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​ជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​ព​ន្លឿ​ន​ការអភិវឌ្ឍ​ធនធាន​ថាមពល​កកើត​ឡើងវិញ ក៏ដូចជា​ចាប់យក​កាលា​នុ​​វត្ត​ភាព​ដែល​កើតចេញពី​ចក្ខុ​​វិស័យ​ខ្សែបណ្តាញ​បញ្ជូន​ថា​ម​ពល​អាស៊ាន​នៃ​ពាណិជ្ជកម្ម​អគ្គិ​​ស​នី​ពហុភាគី​លើសពី​ព្រំដែន​អន្តរជាតិ ដោយ​រាប់បញ្ចូល​ទាំង​ការ​នាំចូល​ជា​សក្តានុពល​នូវ​អគ្គិសនី ដែលមាន​កាបូន​ទាប​ទៅកាន់​ប្រទេស​សិង្ហ​បុរី​។​

​លោកស្រី​អះអាងថា​៖ «​តាម​​រយៈ​កិច្ចព្រមព្រៀង​នេះ មិន​ត្រឹម​តែ​អាស៊ាន​អាច​ឆ្លង​ឆ្ពោះទៅរក​ថាមពល​ចម្រុះ​បៃតង​យ៉ាង​​លឿន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជួយ​ជំរុញ​ភាព​ធន់​នឹង​ថាមពល​សម្រាប់​សិង្ហ​បុរី និង​តំបន់​ផង​​ដែរ​។ Keppel Infrastructure មាន​សេចក្តីសោមនស្ស​​រីករាយ​ក្នុងការ​ពង្រីក​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា និង​ទន្ទឹង​រង់​​ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ Royal Group Power ដើម្បី​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ថា​ម​​ពល រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត ដែល​ប្រកបដោយ​ចីរភាព និង​អាច​ពង្រីក​វិសាល​​ភាព​បាន ដើម្បី​បំពេញ​តាម​កំ​ណើ​ន​តម្រូវការ​ក្នុង​តំបន់​»​។​

​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​​កម្ពុជា លោក ស៊ុយ សែម និង​លោក Tan See Leng រដ្ឋមន្ត្រី​ក្រសួង​ធនធានមនុស្ស និង​ជា​រដ្ឋមន្ត្រី​ទី​២ ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី កាល​​ពីថ្ងៃ​ទី ​២៥ ខែតុលា ឆ្នាំ​ ២០២២ បាន​ចុះហត្ថលេខា​លើ​អនុ​​ស្សរណៈ​យោគយល់​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​ស្តីពី ​«​កិច្ច​សហ​​ប្រតិបត្តិការ​ថាមពល​» រវាង​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី​។​

​ក្នុងអំឡុងពេល​ចុះ​អនុ​ស្សរ​​រណៈ​យោគយល់​គ្នា​នោះ លោក ស៊ុយ សែម បាន​លើកឡើងថា នេះគឺជា​ជំហាន​ដ៏​សំខាន់​ ដើម្បី​ភាព​រីកចម្រើន​នៃ​ការអភិវឌ្ឍ​វិស័យ​ថាមពល​ទាំង​ក្នុង​តំបន់ និង​ប្រ​​ទេស​ទាំង ​២ ​បន្ថែមទៀត ជាពិសេស​គឺ​ចូលរួមចំណែក​កែលម្អ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​អន្តរកាល​ថាមពល និង​ការបង្កើន​ឱកាស​ពាណិជ្ជ​កម្មត​ភ្ជាប់​ថាមពល​ក្នុង​តំបន់​៕