
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត រ៉ាស់ហ៊ីម
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករនៅក្នុងវិស័យកសិកម្មឱ្យស្វែងរកសេវាករផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់រដ្ឋ ដើម្បីទទួលបានថាមពលអគ្គិសនីតម្លៃទាបយកទៅប្រើប្រាស់ក្នុងការងារកសិកម្មរបស់ខ្លួន ដែលសកម្មភាពនេះនឹងជួយកាត់បន្ថយការចំណាយលើថ្លៃដើមផលិតបាន ១ កម្រិត ព្រមទាំងអាចជួយបង្កើនការសន្សំបានផងដែរ។
ការលើកឡើងនេះបានធ្វើឡើងក្នុងកម្មវិធី «កិច្ចសន្ទនាស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម» ដែលរៀបចំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា និងមានការចូលរួមពីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) ព្រមទាំងមានការចូលរួមរបស់ប្រធានមន្ទីរកសិកម្មរាជធានី-ខេត្ត សមាគម សហគមន៍ និងប្រជាកសិករប្រមាណ ១៣០ នាក់។
លោក ឌិត ទីណា បានលើកឡើងថា ទោះបីជាគោលនយោបាយឧបត្ថម្ភធនចំពោះតម្លៃអគ្គិសនីក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តមកហើយក៏ដោយ ប៉ុន្តែសម្រាប់ការអនុវត្តជាក់ស្តែង គឺការប្រើប្រាស់សេវានេះនៅមានកម្រិតតិចតួចបំផុត ជាហេតុធ្វើឱ្យការចំណាយរបស់ប្រជាកសិករទៅលើថ្លៃថាមពលអគ្គិសនីនៅតែខ្ពស់។ ការទទួលបានតម្លៃអគ្គិសនីក្នុងកម្រិតអនុគ្រោះ នឹងនាំឱ្យតម្លៃដើមផលិតធ្លាក់ចុះ ដែលនឹងជួយឱ្យការសន្សំរបស់ប្រជាកសិករកើនឡើង ហើយនៅពេលការសន្សំកើនឡើង វានឹងជួយឱ្យសេដ្ឋកិច្ចជាតិមានកំណើនវិជ្ជមានផងដែរ។
លោកបានបន្តថា ថាមពលអគ្គិសនីតម្លៃទាបដែលរដ្ឋាភិបាលផ្តល់ការអនុគ្រោះដល់វិស័យកសិកម្ម (ការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម) គឺចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៧ ព្រឹក។
លោកបានថ្លែងថា៖ «ខ្ញុំសូមស្នើចាប់ពីពេលនេះតទៅ សូមបងប្អូនប្រជាកសិករទៅរកសេវាករអគ្គិសនី ឬអាជ្ញាធរដើម្បីចាប់ផ្តើមប្រើប្រាស់អគ្គិសនីមានតម្លៃទាប។ ជាមួយគ្នានេះក៏សូមឱ្យមន្ត្រីនៃមន្ទីរកសិកម្មចុះផ្សព្វផ្សាយ និងជំរុញដល់ប្រជាជនឱ្យមកចាប់ផ្តើមប្រើប្រាស់អគ្គិសនីតម្លៃទាបឱ្យបានច្រើន និងដើម្បីធ្វើឱ្យការសន្សំរបស់ពួកគាត់បានកាន់តែច្រើនផងដែរ»។
បើយោងតាមលោក ឌិត ទីណា ជាមធ្យមក្នុង ១ ខែ ការចិញ្ចឹមសត្វនៅកម្ពុជាបានប្រើប្រាស់ថាមពលអគ្គិសនីប្រហែល ១២ លានគីឡូវ៉ាត់ម៉ោង ដែលស្មើនឹងថវិកាប្រហែល ២ លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បាននិយាយថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការឧបត្ថម្ភធនទៅលើវិស័យថាមពល ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់គ្នាទទួលបានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ មិនរអាក់រអួល និងមានតម្លៃសមរម្យ។ សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម ដែលជាផ្នែកសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០២១ មកបានដាក់ឱ្យអនុវត្តនូវគោលនយោបាយអនុគ្រោះចំពោះវិស័យកសិកម្ម និងឧស្សាហកម្ម ដោយកំណត់ថា ការប្រើប្រាស់ភ្លើងអគ្គិសនីចាប់ពីម៉ោង ៩ យប់ ដល់ ៧ ព្រឹក នឹងត្រូវគិតតម្លៃត្រឹមតែ ៤៨០ រៀលប៉ុណ្ណោះក្នុង១ គីឡូវ៉ាត់ម៉ោង។
លោកបន្ថែមថា ទោះយ៉ាងណារហូតមកដល់ពេលនេះ ការអនុវត្តហាក់មិនសូវមានទេ ដែលអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ការយល់ដឹងរបស់ប្រជាជនមានកម្រិត ខណៈផ្នែកពាក់ព័ន្ធក៏មិនសូវយល់ដឹងពីនីតិវិធី ដើម្បីអនុវត្តផងដែរ។
លោកបានអះអាងថា៖ «តាមរយៈកិច្ចសន្ទនាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធក្នុងថ្ងៃនេះ នឹងអាចជួយឱ្យការប្រើប្រាស់អគ្គិសនីសម្លៃទាបមានកាន់តែច្រើន»។
អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលមានបញ្ចេញប្រាក់ប្រមាណ ១២០ លានដុល្លារ ក្នុង ១ ឆ្នាំ ឧបត្ថម្ភធនដល់វិស័យអគ្គិសនីដើម្បីធ្វើឱ្យមានតម្លៃទាប និងធានាការផ្គត់ផ្គង់ក្នុងប្រទេសបានពេញលេញ។ ការធ្វើឱ្យតម្លៃអគ្គិសនីទាប នឹងរួមចំណែកធ្វើឱ្យកម្រិតជីវភាពប្រជាជនកាន់តែប្រសើរ។ លោកបន្តថា ក្នុងនាមប្រតិបត្តិករចែកចាយថាមពលអគ្គិសនីលោកពិតជាលើកទឹកចិត្តឱ្យប្រជាកសិករមកដាក់ពាក្យស្នើសុំតភ្ជាប់ថាមពលអគ្គិសនីតម្លៃទាបឱ្យកាន់តែច្រើន។
ទាក់ទងនីតិវិធីដើម្បីទទួលបានអគ្គិសនីតម្លៃទាបក្នុងវិស័យកសិកម្ម លោក កែវ រតនៈ បញ្ជាក់ថា៖ «អ្នកប្រើប្រាស់ក្នុងវិស័យកសិកម្ម រួមទាំងអ្នកកែច្នៃទាំងអស់អាចទៅដាក់ពាក្យនៅកន្លែងចែកចាយ (សេវាករ) ដោយយើងធានានឹងធ្វើឱ្យអ្វីៗដំណើរការទៅមុខដោយរលូន។ ចំពោះអ្នកស្នើសុំប្រើប្រាស់ក្នុងនាមជាសមាគម ឬសហគមន៍ គឺទាមទារឱ្យមានការធានា ឬដឹងឮពីអាជ្ញាធរចំពោះការឈរឈ្មោះទទួលខុសត្រូវ»៕
វីដេអូ៖