
សកម្មភាពដឹកទូកុងតឺន័រនៅកំពង់ផែស្វយ័តភ្នំពេញ នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងភាគីកម្ពុជា-អូស្ត្រាលី ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ មានទឹកប្រាក់ជិត ៤៣៩ លានដុល្លារ កើនឡើងជាង ៨៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះការនាំចេញរបស់កម្ពុជាកើនជាង ១០០ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី មានទឹកប្រាក់សរុប ៤៣៨,៩៨ លានដុល្លារ កើនឡើង ៨៣,៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ២៣៩,៤៩ លានដុល្លារ។ សម្រាប់ទំនិញកម្ពុជានាំទៅអូស្ត្រាលី មានចំនួន ៣១២,១ លានដុល្លារ កើន ១០៦,៩ ភាគរយ និងការនាំចូលមាន ១២៦,៨៨ លានដុល្លារ កើន ៤៣,២ ភាគរយ។
ដោយឡែកក្នុងខែតុលា ឆ្នាំ ២០២២ ទឹកប្រាក់នាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ មានចំនួន ៣៤,៥១៦ លានដុល្លារ ធ្លាក់ចុះ ៨,១៦ ភាគរយ ក្នុងនោះការនាំទំនិញពីកម្ពុជាមាន ២៨,៥៥ លានដុល្លារ ធ្លាក់ចុះ ១,២ភាគរយ និងការនាំចូលចំនួន ៥,៩៦៣ លានដុល្លារ ធ្លាក់ចុះ ៣១,១៤ ភាគរយ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា-អូស្ត្រាលី និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលអូស្ត្រាលី និងកម្ពុជា ជាសមាជិក កាលពីដើមឆ្នាំ ២០២២ កំពុងជួយឱ្យទំហំពាណិជ្ជកម្មប្រទេសទាំង ២ កើនឡើងជាបន្តបន្ទាប់។
លោកបន្ថែមថា ម្យ៉ាងទៀតតាមរយៈជំនួបរបស់ថ្នាក់ដឹកនាំប្រទេសទាំង ២ នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន ដែលទើបបានបញ្ចប់ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា នឹងជួយធ្វើឱ្យចំណងទាក់ទងពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាន់តែប្រសើរ។
លោកថ្លែងថា៖ «ដោយសារកសិផលកម្ពុជាមួយចំនួនកំពុងមានទីផ្សារនៅអូស្ត្រាលី ដូច្នេះការគិតគូរពីគុណភាព និងបរិមាណដើម្បីឆ្លើយតបនឹងតម្រូវការ គឺជាការចាំបាច់។ ខ្ញុំគិតថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងមានទំហំកាន់តែធំនៅពេលខាងមុខ»។
នៅក្នុងជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី លោក Anthony Albanese បានបង្ហាញពីការសាទរចំពោះភាពរីកចម្រើននៅកម្ពុជា ព្រមទាំងបានសម្តែងក្តីរីករាយចំពោះកិច្ចសហការរវាងកម្ពុជា-អូស្ត្រាលី ទាំងផ្នែកការទូត និងពាណិជ្ជកម្ម។ ជាមួយគ្នានេះលោកក៏បានសន្យានឹងបន្តការគាំទ្រកម្ពុជាលើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ចផងដែរ៕