ភ្នំពេញៈ ស្របពេល​ដែល​ពិភពលោក និង​តំបន់​កំពុង​ជួប​នឹង​បញ្ហា​ប្រឈម​ថ្មីៗ​មួយចំនួន​ទៀត​បន្ថែម​លើ​ការអូសបន្លាយ​ពេលវេលា​នៃ​ការរីក​រាលដាល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នោះ​វា​បង្កឱ្យ​មាន​ឧបសគ្គ​មួយចំនួន​ដល់​ការធ្លាក់ចុះ​នៃ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ខាងមុខ​។

ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ លោកស្រី Kristalina Georgieva នាយក​គ្រប់គ្រង​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​ បាន​ផ្តល់​បទសម្ភាសន៍​ដាច់ដោយឡែក​ជាមួយ​លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ អំពី​បញ្ហា​ប្រឈម​នានា ទស្សន​វិស័យ និង​គោលនយោបាយ​ឆ្លើយតប​ដែល​មេដឹកនាំ​គួរ​យកមក​អនុវត្ត​ដើម្បី​រក្សា​កំណើន​។

យើង​បាន​មើលឃើញ​ហើយ​ថា ទាំង​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​បាន​ធ្លាក់ចុះ​ដោយសារ​តែមាន​ការប្រកួត​ប្រជែង​ពហុប៉ូល ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​អ៊ុយក្រែន និង​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់​។ តើ​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ​យល់ឃើញ​ដូចម្ដេច ចំពោះ​ទស្សនវិស័យ​អាស៊ាន ជាពិសេស​សមាជិក​អាស៊ាន​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ដូច​ប្រទេស​កម្ពុជា​?

យើង​កំពុងស្ថិត​ក្នុង​ពេល​ដ៏លំបាក​មួយ ដោយសារ​តែ​វិបត្តិ​ត្រួត​លើ​វិបត្តិ​។ យើង​មាន​ការ​រីករាល​ជំងឺ​កូវីដ​ ១៩ កំពុងតែ​ចាប់ផ្តើម​ធូរស្រាល ខណៈ​ដែល​ប្រទេស​រុស្ស៊ី​កំពុង​ធ្វើសង្គ្រាម​ជាមួយ​អ៊ុយក្រែន​ដែល​ជំរុញ​ឱ្យ​តម្លៃ​ថាមពល និង​ស្បៀង​អាហារ​ហក់​ឡើង​យ៉ាងខ្លាំង ដែល​ទាំងនេះ​នាំឱ្យ​មាន​អតិផរណា និង​បង្កឱ្យមាន​វិបត្តិ​ក្នុង​ប្រទេស​ជាច្រើន​។ ការ​ព្យាករ​របស់​យើង​សម្រាប់​កំណើន​សេដ្ឋកិច្ច​សកល​ត្រូវបាន​កែតម្រូវ​ដោយ​បាន​ធ្លាក់ចុះ​។

យើង​រំពឹងថា​ សេដ្ឋកិច្ច​ពិភពលោក​នឹងមាន​កំណើន​ត្រឹមតែ ២,៥ ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំក្រោយ ហើយ​វា​អាច​នឹង​ធ្លាក់ចុះ​ដល់​ក្រោម ២ ភាគរយ ដែល​យ៉ាង​ហោចណាស់​ចំនួន​ ១/៣ នៃ​ប្រទេស​ជាច្រើន​នឹង​ស្ថិតក្នុង​វិបត្តិ​សេដ្ឋកិច្ច​។ បើ​យើង​ក្រឡេក​មើល​ផ្នែក​មិនល្អ ពិតណាស់ អាស៊ាន​កំពុង​ស្ថិត​នៅក្នុង​ទស្សន​វិស័យ​ល្អ​កំណើន​ក្នុង​តំបន់​អាស៊ាន​នៅ​ឆ្នាំនេះ​មាន​ចំនួន ៥ ​ភាគរយ ហើយ​នៅ​ឆ្នាំក្រោយ​វា​នឹងមាន​ក្នុង​កម្រិត​មធ្យម ៤,៧ ​ភាគរយ នៅតែ​ខ្ពស់ជាង​មធ្យមភាគ​សកល​។

ហេតុអ្វី​បាន​ជា​អាស៊ាន​ជោគជ័យ​ខ្លាំងជាងគេ​? គឺ​ដោយសារ​តែ​បណ្ដា​ប្រទេស​ជាច្រើន​បាន​ធ្វើ​កំណែទម្រង់ តាមរយៈ​សមាហរណកម្ម​នៅក្នុង​ប្រទេស និង​ជាមួយ​សេដ្ឋកិច្ច​ពិភពលោក​។ ហើយក៏​ដោយសារ​ការឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​នឹង​ការរីក​រាលដាល​កូវីដ​ ១៩ និង​វិបត្តិ​នាពេល​បច្ចុប្បន្ន​។

ចាប់តាំងពី​ដើមឆ្នាំ​ ២០២២ ​មក អាស៊ាន​កំពុង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ RCEP​។ តើ IMF យល់ឃើញ​យ៉ាងណា​ចំពោះ​កិច្ចព្រមព្រៀង​នេះ​?

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ស្វាគមន៍​យ៉ាងខ្លាំង ព្រោះ​វា​មាន​ន័យថា យើង​ទទួលស្គាល់​អន្តរ​ឯករាជ្យ​របស់​យើង ហើយ​យើង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​។ ក្នុង​ស្មារតី​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្រោម​ប្រធានបទ «​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​» យើង​រំពឹងថា សម្រាប់​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត វា​នឹង​ផ្តល់ឱកាស​កាន់តែច្រើន ឱកាស​កាន់តែ​ប្រសើរឡើង​ក្នុងការ​នាំយក​ការវិនិយោគ​ដែល​ផ្ដល់​ការងារ និង​ការបង្កើត​ស្តង់ដា​ជីវភាព​រស់នៅ​ខ្ពស់​។

សម្រាប់​ប្រទេស​កម្ពុជា ​ដែល​ជា​ករណី​សំខាន់​មួយ ដោយសារ​ចំនួន​ប្រជាជន​វ័យក្មេង សារៈសំខាន់​នៃ​ការងារ​មិនអាច​និយាយ​បាន​លើសពី​សារៈសំខាន់​នៃ​ការបង្កើត​ឱ្យ​មាន​នូវ​សមាហរណកម្ម​នៃ​សេដ្ឋកិច្ច​កម្ពុជា​បន្ថែមទៀត​ សម្រាប់​ចក្ខុវិស័យ​កំណើន​កាន់តែខ្លាំង​នោះទេ​។ ប្រទេស​កម្ពុជា​មាន​មហិច្ឆតា​ចង់​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ចុង​ទសវត្សរ៍​នេះ​។ កម្ពុជា​អាច​សម្រេច​បាន​តាមរយៈ​ការចាប់​យក​ផលប្រយោជន៍​នៃ​ការធ្វើ​សមាហរណកម្ម​ទាំងនេះ​។

ប្រទេស​ទាំងអស់​ជុំវិញ​ពិភពលោក​កំពុង​ទទួលរង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ឥឡូវនេះ យើង​មាន​បញ្ហា​ជាច្រើន​ទៀត ដូចជា​សង្គ្រាម​អ៊ុយក្រែន ការប្រឈមមុខ​ដាក់​គ្នា​រវាង​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់ តើ​បញ្ហា​ទាំងនេះ​នឹង​រារាំង​ដល់​ចក្ខុវិស័យ​កំណើន​ សម្រាប់​តំបន់​នេះ និង​ពិភពលោក​នៅ​ឆ្នាំក្រោយ​ដែរ ឬទេ​?

ចក្ខុវិស័យ​សម្រាប់​ឆ្នាំ ​២០២៣ ​មិន​គ្រាន់​តែមាន​ការជាប់​ពាក់ព័ន្ធ​ដោយសារ​តែ​យើង​មើលឃើញ​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០២១ នោះទេ យើង​នឹង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការស្ដារ​ឡើងវិញ​ពី​ជំងឺ​កូវីដ​ ១៩​ កំពុង​តែ​បង្កើន​ល្បឿន ហើយ​នៅ​ចុងឆ្នាំ​នេះ​មាន​កំណើន ៦,១ ភាគរយ ប៉ុន្តែ​បន្ទាប់ពី​ការចូល​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាលពី​ខែកុម្ភៈ​បាន​បង្កឱ្យ​មាន​ការកើនឡើង​តម្លៃ​ថាមពល និង​អាហារ​ដែល​ជំរុញ​ឱ្យ​មាន​អតិផរណា ដូច្នេះ​វា​ចាំបាច់​ណាស់​ក្នុង​ការរឹតបន្តឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ អត្រា​ការប្រាក់​ខ្ពស់​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​។ ដូច្នេះ​ក្នុង​បរិយាកាស​នេះ យើង​ឃើញ​មាន​ការថយចុះ​ក្នុងពេល​ដំណាល​គ្នា​នៅ​ប្រទេស​ចិន ដោយសារតែ​ការ​រឹតបន្តឹង​ដែល​ជាប់​ទាក់ទង​នឹង​ការរីករាលដាល​កូវីដ​ ១៩ និង​បញ្ហា​វិស័យ​អចលនទ្រព្យ​ធ្លាក់ចុះ​។

នៅ​អាមេរិក ដោយសារ​តែ​ការកើនឡើង​អត្រា​ការប្រាក់ និង​ការធ្លាក់ចុះ​នៅ​អឺរ៉ុប ដោយសារ​តែ​តម្លៃ​ខ្ពស់ ជាពិសេស​ឧស្ម័ន និង​ប្រេងឥន្ធនៈ​ផងដែរ ដែល​យ៉ាងហោចណាស់​ប្រទេស​ពាក់កណ្តាល​នៃ​អឺរ៉ុប​រំពឹងថា​នឹងមាន​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ​។ នៅពេល​ដែល​យើង​ធ្លាក់ចូល​ទៅក្នុង​អន្ទាក់​ដោយសារ​ការព្យាយាម​ដើម្បី​សង្គ្រោះ​ខ្លួន ហើយ​យើង​ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយ​ឡែក​ពី​គេ​នោះ​យើង​នឹង​ជួប​ការលំបាក​ ដើម្បី​យកឈ្នះ​លើ​បញ្ហា​នេះ​កាន់តែ​ខ្លាំង​ផងដែរ​។ ដូច្នេះ​ការរួបរួម​គ្នា​លើ​ពិភពលោក​ ដើម្បី​ធ្វើ​ការងារ​គឺ​សំខាន់បំផុត​ការ​ជម្នះ​ភាព​តានតឹង ការស្វែងរក​ស្មារតី​ឯកភាពគ្នា​ដែល​ជា​ស្មារតី​របស់​អាស៊ាន គឺជា​អ្វីដែល​មិន​ត្រឹមតែ​អាស៊ី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​ពិភពលោក​ទាំងមូល​ក៏ត្រូវ​ការ​ដែរ​។

ដោយសារតែ​បញ្ហា​ប្រឈម​ដែល​អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​ជាមួយ​អឺរ៉ុប តើ IMF ​មាន​អនុសាសន៍​អ្វីខ្លះ​ទៅដល់​មេដឹកនាំ​នៅទីនេះ​?

អនុសាសន៍​ដ៏សំខាន់​បំផុត​សម្រាប់​មេដឹកនាំ​គឺ​ត្រូវតែ​មាន​គោលបំណង និង​ភាព​ប្រាកដ​និយម​អំពី​បរិស្ថាន​ពិភពលោក ត្រូវ​ទទួល​ស្គាល់​ថា អត្រា​ការប្រាក់​នឹង​កើនឡើង​កាន់តែ​ខ្ពស់​នៅពេល​ណាមួយ​ត្រូវ​ទទួលស្គាល់​ថា​តម្រូវការ​ពី​ដៃគូ​ប្រពៃណី​របស់ខ្លួន​នឹង​កាន់តែ​ទាប​។ ចូរ​យើង​ចាំ​ថា ៤០ ភាគរយ​នៃ​ការនាំចេញ​របស់​តំបន់​អាស៊ាន​ទៅកាន់​គោលដៅ​ធំៗ​ចំនួន​ ៣ ដូចជា​អាមេរិក អឺរ៉ុប និង​ចិន​ដែល​ប្រទេស​ទាំងបី​នេះ​កំពុង​មាន​សេដ្ឋកិច្ច​ធ្លាក់ចុះ​។ មូលដ្ឋាន​ទាំងនោះ​បាន​បង្កើត​គោលនយោបាយ​ក្នុង​ស្រុក​ដែល​លើក​ទឹកចិត្ត​កាន់តែ​ខ្លាំង​សម្រាប់​ការទាក់ទាញ​លំហូរ​មូលធន​ចូលទៅក្នុង​ប្រទេស​ទាំងនេះ​។ ​

ម្យ៉ាងវិញ​ទៀត ការលុបបំបាត់​របាំង​សម្រាប់​ការវិនិយោគ​ឯកជន និង​ការផ្តោត​កាន់តែខ្លាំង​លើ​ធនធាន​ក្នុងស្រុក តើ​វា​មានន័យ​ដូចម្ដេច​? វា​មានន័យថា មាន​អាទិភាព​ជាច្រើន​ដែល​អាច​ត្រូវបាន​ដោះស្រាយ​នៅក្នុង​ស្រុក ឧទាហរណ៍​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​បាន​ក្លាយជា​ប្រធានបទ​ដ៏សំខាន់​សម្រាប់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន សុទ្ធតែ​អាច​ទាញយក​អត្ថប្រយោជន៍​ពី​ការអភិវឌ្ឍ​កាបូន​ទាប​។

ពេលនេះ គឺជា​ពេលវេលា​សម្រាប់​ប្រទេស​អាស៊ាន​ក្នុងការ​ស្វែងរក​ការ​ក្លាយជា​ដៃគូ​ឈានមុខ​គេ​ សម្រាប់​ខ្សែចង្វាក់​តម្លៃ​សកល​ថ្មី​ដែល​បាន​ជំរុញ​ដោយ​ការធ្វើ​ឌីជីថល និង​ដោយ​សេដ្ឋកិច្ច​បៃតង​។ ប៉ុន្តែ​អ្វីៗ​ទាំងអស់​ខាងលើ​នេះ​ត្រូវតែ​ធានា​ឱ្យ​ប្រាកដថា ខ្លួន​មាន​គោលនយោបាយ​សាធារណៈ​ក្នុង​ស្រុក​ប្រកប​ដោយ​ភាព​ប្រុងប្រយ័ត្ន ហើយ​គោលនយោបាយ​នោះ​ផ្តោតលើ​មនុស្ស​។ បន្ទាប់ពី​ធនធាន​ដ៏សំខាន់បំផុត​ដែល​អាស៊ាន​មាន​គឺ​ប្រជាជន​វ័យក្មេង នៅពេល​ដែល​មនុស្ស​មាន​ភាព​ទាក់ទាញ នៅពេល​ដែល​ពួកគេ​មាន​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ពួកគេ​អាច​អភិវឌ្ឍ​ជា​សហគ្រិន​បាន​នោះ​ភាពល្អ​ប្រសើរ​នឹង​កើតឡើង​។

ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន តើ IMF មាន​ទស្សនៈ​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​?

កម្ពុជា​បាន​បំពេញ​ការងារ​បាន​យ៉ាង​ល្អ​ក្នុង​ការជ្រើសរើស​ប្រធានបទ និង​ក្នុង​ការប្រមូល​ផ្ដុំ​មេដឹកនាំ​ប្រទេស​អាស៊ាន អាស៊ាន​បូក និង​ដៃគូ​សំខាន់ៗ​ផ្សេងទៀត ព្រមទាំង​អង្គការ​អន្តរជាតិ​នានា​ក្នុង​គ្រា​ដ៏មាន​សារៈសំខាន់ និង​ទាន់ពេល​។

ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​បាន​បន្ត​នូវ​គោលបំណង​សំខាន់ៗ​ចំនួន​ ៣ ទី​១ ប្រមូលផ្តុំ​ប្រទេស​សម្រាប់​ការសម្រេច​បាន​ការផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ យើង​គ្រាន់តែ​និយាយ​អំពី​សារៈសំខាន់​នៃ​ការ​ឆ្ពោះទៅ​ការផ្លាស់ប្តូរ និង​ទាញយក​អត្ថប្រយោជន៍​នៃ​ឱកាស​ថ្មីៗ ហើយ​នោះ​មានន័យថា​បរិវត្តកម្ម​ឌីជីថល ការប្រែក្លាយ​សេដ្ឋកិច្ច​ដែល​ធន់​នឹង​អាកាសធាតុ​កាបូន​ទាប និង​ការផ្តល់​ឱកាស​ដល់​ប្រជាជន​ដែល​យើង​មិន​ស្គាល់​នៅថ្ងៃនេះ​នឹងមាន​សម្រាប់​ថ្ងៃស្អែក​។ ទី២ រាល់​ការផ្តោត​ដ៏សំខាន់​លើ​ពាណិជ្ជកម្ម ដោយ​ពាណិជ្ជកម្ម​គឺជា​ក្បាលម៉ាស៊ីន​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ហើយ​ជាមួយ​នឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី និង​បើកចំហ​ឱ្យមាន​សារៈសំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា ជាពិសេស​សម្រាប់​អាស៊ាន​។ ទី​៣ យើង​ឃើញ​ថា​ការធ្វើ​ជា​ប្រធាន​អាស៊ាន​គឺជា​តម្រង់ទិស​ឆ្ពោះ​ទៅមុខ ដែល​យើង​ធ្លាប់​គិតគូរ​ពី​គុណភាព​ដែល​ជា​កំណើន​ប្រកបដោយ​បរិយាប័ន្ន ហើយ​នោះ​ក៏​ជា​កត្តា​ដ៏សំខាន់​ផងដែរ​ សម្រាប់​ភាពជោគជ័យ​របស់​ប្រទេស​មួយ មនុស្ស​គ្រប់គ្នា យើង​មានន័យថា​យុវជន មនុស្ស​ចាស់ គ្រប់គ្នា​ត្រូវតែ​ស្វែងរក​កន្លែង​របស់ខ្លួន ហើយ​ត្រូវ​គោរព​ចំពោះ​ការរួមចំណែក​របស់​សង្គម​៕