ភ្នំពេញៈ ក្រុមហ៊ុន PTLS Cooperation Co.,Ltd ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​នៅ​ក្នុង​ស្រុក​បាន​ទទួល​សិទ្ធិ​ជួល​ដី​ជិត ២ ​ហិកតា​ពី​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ (PPAP) បន្ទាប់ពី​ក្រុមហ៊ុន Hui Bang International Investment Group ដែល​ជួល​ដី​ដំបូង​បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​។

ក្រុមហ៊ុន Hui Bang International Group បាន​ទទួល​សិទ្ធិ​ជួល​ដី​ទំហំ ១៨ ៨៣៦,៦៩ ​ម៉ែត្រក្រឡា​ពី PPAP ពីថ្ងៃ​ទី​ ១៥ ខែមីនា ឆ្នាំ​ ២០១៩ ក្នុង​រយៈពេល ៤០ ​ឆ្នាំ។ ប៉ុន្តែ​កិច្ចសន្យា​ត្រូវបាន​បញ្ចប់​នៅ​ដើមខែ​កញ្ញា ឆ្នាំ​ ២០២២ ដោយសារ​ក្រុមហ៊ុន​មិនអាច​បង់ថ្លៃ​ជួល​ប្រចាំខែ​។

បើ​យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​ PPAP ផ្ញើ​ទៅ​ផ្សារមូល​បត្រ​កម្ពុជា នៅ​ថ្ងៃទី​ ៤ ខែវិច្ឆិកា ក្រុមហ៊ុន​បាន​ជូនដំណឹង​ដល់​វិនិយោគិន និង​សាធារណជន​ទាំង​អស់​ថា នៅ​ថ្ងៃទី​ ៨ ខែកញ្ញា ឆ្នាំ​២០២២ ក្រុមហ៊ុន PPAP បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន Hui Bang International Investment Group អំពី​ការទទួល​យក​សំណើ​ផ្ទេរ​ដី​ដែល​ក្រុមហ៊ុន​បាន​ជួល​ពី​ក្រុមហ៊ុន PPAP ទំហំ ១៨ ៨៣៦,៦៩ ម៉ែត្រក្រឡា​។ ការស្នើសុំ​ផ្ទេរ​ដី​នេះ​ដោយហេតុថា ក្រុមហ៊ុន​បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ដែល​ពុំមាន​លទ្ធភាព​ក្នុង​ការទូទាត់​ថ្លៃឈ្នួល​ដី​ជាប្រចាំ​ខែ​ជូន PPAP​។

ក្រុមហ៊ុន PPAP ត្រូវ​ដកស្រង់​ខ្លឹមសារ​ដោយ​លើកឡើង​ថា​៖ «​នៅក្នុង​ន័យ​ដើម្បី​រក្សា​ប្រភព​ចំណូល​ដែល​បាន​ពី​ការជួល​ដី ក្រុមហ៊ុន PPAP បាន​ជួល​បន្ត​នូវ​ទំហំ​ដី​ខាងលើ​ឱ្យទៅ​ក្រុមហ៊ុន PTLS Cooperation Co.,Ltd និង​អ្នកស្រី លី ចាន់នី សម្រាប់​រយៈពេល ៣៦ ​ឆ្នាំ ចាប់​ពីថ្ងៃ​ទី​ ១ ខែវិច្ឆិកា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ​២០៥៩»​។

លោក ហឺ បាវី អគ្គនាយក PPAP ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​ថា បច្ចុប្បន្ន​ក្រុមហ៊ុន PTLS កំពុង​អភិវឌ្ឍ​ចំណត​ផែ TS11 បន្ទាប់ពី​ពួកគេ​បាន​ចរចា​ដោយ​ជោគជ័យ​ជាមួយ​ក្រុមហ៊ុន​ Hui Bang International លើដី​ជួល​នេះ​។ លោក​បាន​ឱ្យ​ដឹងថា ជាមួយ​នឹង​ការអភិវឌ្ឍ​ចំណត​ផែ TS11 ក្រុមហ៊ុន PTLS នឹង​ទទួលបន្ទុក​លើ​ការចំណាយ​លើ​ការវិនិយោគ ខណៈដែល​ក្រុមហ៊ុន​ PPAP នឹង​ផ្តល់​ដី និង​សុច្ឆន្ទៈ​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី PTLS បាន​ចរចា​ដោយ​ជោគជ័យ​ជាមួយ​ក្រុមហ៊ុន​Hui Bang ពួកគេ​សហការ​ជាមួយ​យើង​ដើម្បី​បង្កើត​ចំណត​ផែ TS11 ដែលជា​ចំណត​ផែ​ថ្មី​មួយ​។ បច្ចុប្បន្ន​ចំណត​ផែ TS11 កំពុង​ដំណើរការ​មួយផ្នែក ប៉ុន្តែ​យើង​មិនទាន់​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ដោយសារតែ​យើង​ត្រូវ​ពង្រីក​សមត្ថភាព​បន្ថែមទៀត​»​។

លោក​បន្តថា ជាមួយនឹង​ការ​វិនិយោគ​រួមគ្នា​នេះ PPAP គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម ហើយ PTLS គ្រប់គ្រង​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​សម្រាប់​ការចែក​ប្រាក់​ចំណេញ ក្រុមហ៊ុន​PPAP នឹង​ទទួល​យក​ ៥១ ​ភាគរយ និង PTLS​នឹង​កាន់កាប់​ចំណែក​ដែល​នៅសល់​។

លោក សៅ សូវ័ន្ត នាយក​ក្រុមហ៊ុន​PTLS បាន​ប្រាប់ថា ដោយមាន​ការ​អនុ​ញ្ញាត ក្រុមហ៊ុន​បាន​សាងសង់​ចំណត​ផែ​ថ្មី​ដែលមាន​ឈ្មោះថា TS11 សម្រាប់​ក្រុមហ៊ុន PPAP​។ លោក​បាន​បន្តថា បច្ចុប្បន្ន​ចំណត​ផែ TS11 ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​បណ្តើរៗ​ហើយ​។

លោក​បន្ថែមថា​៖ «​ជាមួយនឹង​ដី​នេះ​យើង​គ្រាន់តែ​អភិវឌ្ឍ​ចំណត​ផែ​ថ្មី​មួយ​សម្រាប់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដើម្បី​បម្រើ​សេវាកម្ម​ដឹកទំនិញ​ដែល​កំពុង​កើនឡើង​នាពេល​បច្ចុប្បន្ន​»​។

ក្រុមហ៊ុន Hui Bang International Investment Group បាន​ចាប់ផ្ដើម​បើក​លក់​គម្រោង​ខុន​ដូ កាល​ថ្ងៃទី​ ១៩ ខែកក្កដា ឆ្នាំ​ ២០១៩ នៅលើ​ដី​ដែល​ពួក​គេ​បាន​ជួល​ពី​ក្រុមហ៊ុន PPAP៕