ភ្នំពេញៈ ចំនួន​ទឹកប្រាក់​នាំចូល​-​នាំចេញ​ទំនិញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ (SSEZ) ក្នុង​រយៈពេល ១០ ​ខែ​ដើមឆ្នាំ​ ២០២២ មាន​ប្រមាណ​ជាង ២ ​ពាន់​លាន​ដុល្លារ កើន​ជាង ១៧ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ខណៈ​ឆ្នាំ​ ២០២១ ទឹកប្រាក់​នាំចូល​-​នាំចេញ មាន​ចំនួន​សរុប ២ ២៣៤ ​លាន​ដុល្លារ​។

ស្ថិតិ​ចេញផ្សាយ​កាលពី​ចុងសប្តាហ៍​មុន​ឱ្យដឹងថា ចាប់ពី​ខែ​មករា​-​ខែតុលា ឆ្នាំ​ ២០២២ ការនាំចូល​-​នាំចេញ​ទំនិញ​របស់​រោងចក្រ​/​សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​មាន​តម្លៃ​សរុប ២ ០៦៩ ​លាន​ដុល្លារ កើនឡើង ១៧,០៩ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១ ៧៦៧ ​លាន​ដុល្លារ​។ សម្រាប់​ទិន្នន័យ​ខាងលើ គឺ​មិនបាន​ញែក​ទឹកប្រាក់​នៃ​ការ​នាំចូល​-​នាំចេញ ពីគ្នា​ទេ​។

សម្រាប់​ទឹកប្រាក់​នាំចូល​-​នាំចេញ​របស់ SSEZ ក្នុង​ខែតុលា ឆ្នាំ​ ២០២២ គឺមាន​ចំនួន ១៦៥ ​លាន​ដុល្លារ ធ្លាក់ចុះ ១៦,២៤ ​ភាគរយ ពី​ចំនួន​ ១៩៧ ​លាន​ដុល្លារ កាលពី​ខែ​តុលា ឆ្នាំ​ ២០២១ ​។

អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​ថា ទោះបី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​សកម្មភាព​នាំចូល​-​នាំចេញ​នៅ SSEZ មិន​មមាញឹក​ដូច​អំឡុង​ឆមាស​ទី​ ១ ប៉ុន្តែ​សរុប​ជារួម​វា​នៅតែ​មាន​សញ្ញា​វិជ្ជមាន​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

បើតាម​ទិន្នន័យ​ទឹកប្រាក់​នាំចូល​-​នាំចេញ​ជា​មធ្យម​ប្រចាំខែ​របស់ SSEZ បាន​ធ្លាក់​ពី​ ២២៩ ​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ​មក​នៅត្រឹម ១៧៤​ លាន​ដុល្លារ​ក្នុងអំឡុង​ខែកក្កដា​ដល់​ខែតុលា​។

លោក​បន្ថែមថា ភាព​រអាក់រអួល​នៃ​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​នាពេលនេះ គឺ​ដោយសារ​តម្រូវការ​នៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ ព្រោះតែ​ភាពមិន​ច្បាស់លាស់​នៃ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ និង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ស្ថានភាព​ពិភពលោក​មិន​នឹងនរ ការបញ្ជាទិញ​ពី​ក្រៅប្រទេស​ក៏​មិនមាន​កំណើន​ដែរ ព្រោះ​ប្រជាជន​នឹង​រឹតត្បិត​ទៅលើ​ការចំណាយ​មិនចាំបាច់​ក្រៅពី​អាហារ ឬ​វត្ថុ​ប្រើប្រាស់​ចាំបាច់​»​។

លោក​បន្ថែមថា ដោយសារ​ផលិតផល​កម្ពុជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​កាន់តែច្រើន​ពី​អ្នកប្រើប្រាស់​លើ​ពិភពលោក ព្រមទាំង​ការចូល​ជា​ធរមាន​ជា​បន្តបន្ទាប់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(RCEP) ព្រមទាំង​កិច្ច​-​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ​ដែល​នឹង​ចូល​ជាធរ​មាននៅ​ខែធ្នូ​ខាងមុខ​នឹង​ជួយ​ឱ្យ​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​សម្ទុះ​កាន់តែ​ខ្លាំង​នៅពេល​អនាគត​។

យោងតាម​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ កត្តា​ភូមិសាស្ត្រ​នៅជាប់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ព្រមទាំង​លក្ខណៈ​អំណោយផល​នៃ​ច្បាប់​វិនិយោគ និង​កត្តា​កម្លាំង​ពលកម្ម​សម្បូរបែប​នៅ​កម្ពុជា​កំពុង​ទាក់ទាញ​អ្នកវិនិយោគ​កាន់តែ​ច្រើន​ចូលមក​បណ្តាក់ទុន​ក្នុង​ខេត្ត​ព្រះសីហនុ​។ សកម្មភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ នឹងមាន​ភាព​មមាញឹក​ខ្លាំង​ឡើងវិញ​ នៅពេល​ការ​រឹតបន្តឹង​នៅ​ប្រទេស​ចិន​ស្តីពី​កូវីដ ​១៩ មាន​ភាព​ធូរស្រាល និង​សេដ្ឋកិច្ច​ពិភពលោក​មាន​ភាពច្បាស់លាស់​ឡើងវិញ​។

បើតាម​លោក ឌីម៉ង់ ក្រុមហ៊ុន​/​សហគ្រាស​កំពុង​វិនិយោគ​នៅក្នុង SSEZ មាន​ភាគច្រើន​មកពី​ប្រទេស​ចិន ថៃ និង​កូរ៉េ និង​មាន​រោងចក្រ​ផលិតផល​មួយចំនួន​ដូចជា គ្រឿង​បរិក្ខារ​អគ្គិសនី សម្លៀកបំពាក់ គ្រឿងសង្ហារិម និង​បរិក្ខារ​ធ្វើដំណើរ ជាដើម​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ថា នៅក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២២ ការនាំចូល​-​នាំចេញ​របស់​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៤៤ ៥៦៥,២៩ ​លាន​ដុល្លារ​កើន ១៤,៩ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ក្នុងនោះ​ការនាំ​ចូល​ចំនួន ២៥ ៨១៧,៧២ ​លាន​ដុល្លារ កើន ​១២​ ភាគរយ និង​ការនាំចេញ​ ១៨ ៧៤៧,៥៦ ​លាន​ដុល្លារ កើន ១៩,២ ​ភាគរយ​៕