
ការចរចាជុំទី ១ ស្តីពីការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ រូបភាព ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ បន្ទាប់ពីការចរចាជុំទី ១ ស្តីពីការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-United Arab Emirates Comprehensive Economic Partnership Agreement - «CAM-UAE CEPA» បានបញ្ចប់ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចពិគ្រោះយោបល់ ជាមួយវិស័យឯកជន ដើម្បីប្រមូលធាតុចូល សម្រាប់ការចរចាជាមួយភាគីអេមីរ៉ាតអារ៉ាប់រួម នាពេលខាងមុខបន្ថែមទៀត។
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានបើកការចរចាជុំទី ១ ស្តីពី CAM-UAE CEPA ជាមួយគ្នាកាលពីថ្ងៃទី ២៤-២៦ ខែតុលា ឆ្នាំ ២០២២ នៅទីក្រុង អាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជនកម្ពុជា ស្តីពីការពង្រីកទីផ្សារនាំចេញទៅ អេមីរ៉ាតអារ៉ាប់រួម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលរៀបចំនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការបង្កើតឱ្យមានកិច្ចព្រមព្រៀង CAM-UAE CEPA នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រោះវានឹងជួយលើកកម្ពស់បរិយាកាសសេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា តាមរយៈការបើកច្រកទីផ្សារឱ្យកាន់តែធំ និងបង្កើនឱកាសវិនិយោគ ព្រមទាំងធ្វើឱ្យស៊ីជម្រៅ ទៅលើ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។
យោងតាមក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំខាងលើគឺបានពិគ្រោះយោបល់ ពិនិត្យ និងពិភាក្សាអំពីយថាប្រភេទ នៃទំនិញ ដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅទីផ្សារ អេមីរ៉ាតអារ៉ាប់រួម ក្រោមកិច្ចព្រមព្រៀង CAM-UAE CEPA នាពេលអនាគត។ ក្នុងនោះក៏បានពិភាក្សាលើតម្រូវការទីផ្សាររបស់ អេមីរ៉ាតអារ៉ាប់រួម ជាមួយនឹងការបំពេញលក្ខខណ្ឌតម្រូវមួយចំនួនសម្រាប់ផលិតផលនាំចេញ ដែលក្នុងនោះរួមមាន វិធានដើមកំណើតទំនិញ វិធានអនាម័យនិងភូតគាមអនាម័យ របាំងបច្ចេកទេសពាណិជ្ជកម្ម និងការបញ្ជាក់ វិញ្ញាបនបត្រហាឡាល។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី ដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលើបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១៥ ខែវិច្ឆិកាថា កិច្ចប្រជុំខាងលើគឺដើម្បីប្រមូលធាតុចូលពីផ្នែកពាក់ព័ន្ធដាក់ទៅក្នុងបញ្ជីមុខទំនិញមានសក្តានុពល សម្រាប់នាំចេញទៅ អេមីរ៉ាតអារ៉ាប់រួម ដែលភាគីទាំង ២ នឹងជួបចរចាគ្នាបន្ថែមនៅពេខាងមុខ។ ជាការចាំបាច់ណាស់ក្នុងការអញ្ជើញផ្នែកពាក់ព័ន្ធឱ្យចូលរួម ដើម្បីក្រុមការងារក្រសួងពាណិជ្ជកម្មអាចរៀបចំដាក់បញ្ចូលនូវប្រភេទទំនិញសំខាន់ៗ និងមានសក្តានុពលរបស់កម្ពុជាសម្រាប់នាំទៅទីផ្សារប្រទេស អេមីរ៉ាតអារ៉ាប់រួម។
លោកនិយាយថា៖ «កិច្ចប្រជុំនេះ គឺក្រសួងចង់ឱ្យផ្នែកពាក់ព័ន្ធដូចជាអ្នកផលិត អ្នកនាំចេញ និងអ្នកដឹកជញ្ជូន លើយកបញ្ហាដែលខ្លួនមានមកបង្ហាញ ដើម្បីឈានទៅរៀបចំកិច្ចព្រមព្រៀងមួយដែលមានលក្ខណវិជ្ជមានសម្រាប់គ្រប់ផ្នែក។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ទីផ្សារនាំចេញកម្ពុជា»។
លោកលើកឡើងទៀតថា នៅពេលកិច្ចព្រមព្រៀងនេះលេចចេញជាផ្លូវការ គឺការនាំចេញផលិតផលកម្ពុជាមួយចំនួនទៅកាន់ប្រទេស អេមីរ៉ាតអារ៉ាប់រួម នឹងមានអត្រាពន្ធគយសូន្យតែម្តង។
លោកបញ្ជាក់ថា៖ «នៅពេលកិច្ចព្រមព្រៀងប្រទេសទាំង ២ លេចចេញជារូបរាងនឹងផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់កម្ពុជាក្នុងនាំទំនិញទៅលក់នៅប្រទេស អេមីរ៉ាតអារ៉ាប់រួម ហើយទំនិញនាំមកពី អេមីរ៉ាតអារ៉ាប់រួម ក៏នឹងមានតម្លៃទាបជាមុនផងដែរ»។
លោកស្រី កែវ មុំ ម្ចាស់សហគ្រាសផលិតនំស្រួយលីលីហ្វូត បាននិយាយថា កិច្ចប្រជុំដែលខាងលើធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យផ្នែកឯកជនចូលរួមផ្តល់យោបល់ទាក់ទងនឹងគម្រោងបើកទីផ្សារនាំចេញ-នាំចូលទំនិញដោយផ្ទាល់ជាមួយនឹងប្រទេស អេមីរ៉ាតអារ៉ាប់រួម ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា។
ទោះយ៉ាងណា លោកស្រីមិនបានប្រាប់ឱ្យដឹងពីប្រភេទទំនិញកម្ពុជាដែលមានសក្តានុពល សម្រាប់ទីផ្សារ អេមីរ៉ាតអារ៉ាប់រួម នោះទេ ព្រោះស្ថិតក្នុងដំណាក់កាលពិភាក្សានៅឡើយ។
លោកស្រីថ្លែងថា៖ «កិច្ចប្រជុំនេះគឺពិភាក្សាពីការជំរុញការធ្វើពាណិជ្ជកម្មសម្រាប់ផ្នែកឯកជននៃប្រទេសទាំង ២ និងការត្រៀមរៀបចំខ្លួនក្នុងការនាំចេញទំនិញទៅវិញទៅមករវាងអ្នកវិនិយោគនៃប្រទេសទាំង ២ »។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែតុលាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចាប់ផ្តើមបើកការចរចានេះនឹងមានលក្ខណៈបើកទូលាយជាងកិច្ចព្រមព្រៀងទ្វេភាគីដែលកម្ពុជាធ្វើកន្លងមកជាមួយប្រទេសចិន និងកូរ៉េ ព្រោះក្រៅពីផ្តោតលើការផ្លាស់ប្តូរពាណិជ្ជកម្មទំនិញ សេវាកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចព្រមព្រៀង CEPA ក៏នឹងមានលើកឡើងពីឱកាសក្នុងការរួមសហការគ្នា ដើម្បីវិនិយោគលើវិស័យសំខាន់ៗដូចជា វិស័យប្រេង ធនធានរ៉ែ និងកសិកម្ម ជាដើម។ លោកបន្តថា កន្លងមកកិច្ចព្រមព្រៀង CEPA នេះប្រទេសអេមីរ៉ាតអារ៉ាប់រួម បានធ្វើជាមួយប្រទេសមួយចំនួនដូចជា ឥណ្ឌា អ៊ីស្រាអែល និងឥណ្ឌូនេស៊ី (ទើបបញ្ចប់ការចរចា)។
លោកអះអាងថា៖ «យើងសង្ឃឹមថា តាមរយៈកិច្ចព្រមព្រៀងនេះនឹងមានអ្នកវិនិយោគពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាជាច្រើន ចូលមកវិនិយោគនៅកម្ពុជា ដើម្បីផលិតនាំចេញទៅទីនោះវិញ។ ការបើកទីផ្សារជាមួយប្រទេស អេមីរ៉ាតអារ៉ាប់រួម គឺដូចជាការបើកច្រកទ្វានាំចេញទំនិញទៅកាន់ប្រទេសនៅក្នុងតំបន់នោះដែរ ព្រោះប្រទេសទាំងអស់នោះក៏មានកិច្ចព្រមព្រៀងជាមួយគ្នាផងដែរ»។
យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ ២០២១ ការធ្វើពាណិជ្ជកម្មទំនិញរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម មានទឹកប្រាក់សរុប ១៥១ លានដុល្លារ កើនឡើង ៥៣ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលធ្វើដំណើរ ថ្នាំជក់ អង្ករ បរិធានអគ្គិសនី និងបង្គុំយានយន្ត ជ័រកៅស៊ូក្រាលផ្លូវថ្នល់ ស្ករចម្រាញ់ចេញពីមើមរុក្ខជាតិ ចំណីសត្វ ប្រេង ប្លាស្ទិក យានយន្ត និងក្រដាស៕