ភ្នំពេញៈ ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​ (PV) ចំនួន ៦០ ​មេហ្គាវ៉ាត់​ (MW) ​ក្នុងចំណោម ១០០ ​មេហ្គាវ៉ាត់​ដែល​បាន​មកពី​កិច្ចសហការ​រវាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ជាមួយ​អគ្គិសនី​កម្ពុជា​ (EDC)​ ត្រូវបាន​ប្រកាស​តភ្ជាប់​ចូលក្នុង​បណ្តាញ​អគ្គិសនី​ជាតិ​ជា​ផ្លូវការ​ហើយ​។

លោក Masatsugu Asakawa ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ដែល​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ​ខាងលើ និង​បាន​ចុច​កុងតាក់​ ដើម្បី​ចាប់ផ្តើម​បញ្ជូន​ថាមពល​នេះ​ទៅក្នុង​បណ្តាញ​ជាតិ​កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា បាន​លើកឡើង​ថា ការផលិត​ថាមពល​ពន្លឺព្រះអាទិត្យ​ត្រូវតែ​ជា​ផ្នែក​ដ៏សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការពង្រីក​លទ្ធភាព​ទទួល​បាន​ថាមពល​ ដែល​មាន​តម្លៃ​សមរម្យ និង​ការផ្លាស់ប្តូរ​ទៅកាន់​ថាមពល​ស្អាត​ជាង​មុន​។

លោក​ថ្លែងថា​៖ «ADB មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​គាំទ្រ​ដល់​ការបង្កើត​ឧទ្យានជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ​ ដែល​ជា​គម្រោង​ដ៏សំខាន់​មួយ​មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​អាស៊ីអាគ្នេយ៍​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB គម្រោង​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ​នោះ​បានបង្ហាញ​ពី​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​ពន្លឺព្រះអាទិត្យ​ទ្រង់ទ្រាយ​ធំ​ ដោយ​ប្រសិទ្ធភាព​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការប្រមូល​ធនធាន​ពី​វិស័យ​សាធារណៈ​ផង និង​ឯកជន​ផង​។ គម្រោង​នេះ​ត្រូវបាន​ដេញថ្លៃ​ ដោយ​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​ទៅឱ្យ​វិស័យ​ឯកជន​ជា ២ ​ដំណាក់កាល គឺ ៦០ ​មេហ្គាវ៉ាត់ និង ៤០ ​មេហ្គាវ៉ាត់​។

សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា ដំណាក់កាល​ទី​ ១ ​នៃ​ការដេញថ្លៃ​ (៦0 មេហ្គាវ៉ាត់​) ​ត្រូវ​បានរៀបចំ​នៅក្នុង​ឆ្នាំ ​២០១៩ និង​បាន​ទៅ​ក្រុមហ៊ុន Prime Road Alternative​។ ដំណើរការ​នេះ​មាន​តម្លៃ​ទាប​បំផុត​ក្នុងចំណោម​ការតភ្ជាប់​បណ្តាញ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​អាស៊ីអាគ្នេយ៍ គឺមាន​តម្លៃ ០,០៣៩ ​ដុល្លារ​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង ​(kWh)​។ ចំណែក​ការផលិត​ថាមពល​អគ្គិសនី ៤០ ​មេហ្គាវ៉ាត់ ទៀត​ត្រូវបាន​ដេញថ្លៃ​នៅ​ឆ្នាំ​ ២០២២ និង​បាន​ទៅ​ក្រុមហ៊ុន Trina Solar Co., Ltd​។ ដំណើរការ​នេះ​មានតម្លៃ​លទ្ធកម្ម​កាន់តែ​ទាប គឺ ០,០២៦ ​ដុល្លារ​ក្នុង ១​ គីឡូវ៉ាត់​ម៉ោង​។

អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ បាន​និយាយថា ADB គឺជា​តួអង្គ​ដំបូង​មួយ​ដែល​ជួយ​កម្ពុជា​ក្នុងការ​បង្កើន​លទ្ធភាព​ប្រើប្រាស់​បណ្តាញ​អគ្គិសនី​នៅតាម​ផ្ទះ​ពី​ ១៧ ​ភាគរយ ក្នុង​ឆ្នាំ​ ២០០៨ ដល់​ជិត ៩០​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ ហើយក៏​បាន​ជួយ​កាត់បន្ថយ​ថ្លៃ​អគ្គិសនី​ទូទាំង​ប្រទេស​ដែរ​។

លោក​បាន​បន្តថា​៖ «ADB គឺជា​ដៃគូ​អភិវឌ្ឍន៍​ដំបូង​គេ​របស់​កម្ពុជា​ដែល​ផ្តល់​មូលនិធិ​ដល់​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​ទំហំ ១០ ​មេហ្គាវ៉ាត់​នាពេល​កន្លងមក​។ ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ​ថ្មី​នេះ ADB ស្ថិតនៅ​ជាមួយ​កម្ពុជា​ម្តងទៀត​ក្នុង​ការបង្កើន​ការផ្គត់ផ្គង់​ថាមពល​ពន្លឺព្រះអាទិត្យ​របស់​ប្រទេស​ដល់​ជាង ១០ ​ភាគរយ​នៃ​ការផ្គត់ផ្គង់​ថាមពល​សរុប​»​។

យោងតាម ADB ជាមួយ​នឹង​ការបន្ត​គាំទ្រ​របស់ ADB រួមទាំង​ការផ្តល់​សេវា​ប្រឹក្សា​ប្រតិបត្តិការ​ជាមួយ EDC ដើម្បី​ជួយ​អភិវឌ្ឍ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ២ ​ជីហ្គាវ៉ាត់ ប្រទេស​កម្ពុជា​នឹង​មាន​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការផ្លាស់ប្តូរ​ទៅរក​ថាមពល​កាន់តែ​ស្អាត និង​ប្រកប​ដោយ​និរន្តរភាព​។

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ក្នុង​កម្មវិធី​ «​កិច្ចសន្ទនា​ស្តីពី​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ សម្រាប់​វិស័យ​កសិកម្ម​» ដែល​រៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី ​១៤ ខែវិច្ឆិកា បានឱ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ​ ២០២២ កម្ពុជា​មាន​សមត្ថភាព​អាច​ផលិត​ថាមពល​អគ្គិសនី​សរុប​បាន ៤ ២៤៦ ​មេហ្គាវ៉ាត់ កើនឡើង ៦០,២២ ​ភាគរយ​ពី​ចំនួន ២ ៦៥០ ​មេហ្គាវ៉ាត់​កាលពី​ឆ្នាំ ២០១៨​ ។ ក្នុងចំណោម ៤ ២៤៦​ មេហ្គាវ៉ាត់​នោះ គឺមាន​ជាង ៥០ ​ភាគរយ មាន​ប្រភពពី​ថាមពល​ស្អាត ឬ​កកើត​ឡើងវិញ​៕