
អគ្គនាយកដ្ឋានពន្ធដារ។ ចំណូលពន្ធដាររយៈពេល ១០ ខែ មានជាង ២,៩៤ ពាន់លានដុល្លារ។ ហុង មិនា
ភ្នំពេញៈ ផ្នែកឯកជន និងអ្នកសេដ្ឋកិច្ចលើកឡើងថា ភាពល្អប្រសើរស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស ការយល់ដឹងពីកាតព្វកិច្ចបង់ពន្ធរបស់ប្រជាពលរដ្ឋ និងការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពកំពុងជួយធ្វើឱ្យការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារកើនឡើង។
យោងតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងការប្រមូលចំណូលពន្ធរយៈពេល ១០ ខែ ឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ គឺចំណូលដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមាន ១១ ៩៣១,១១ ពាន់លានរៀល (ប្រមាណ ២ ៩៤៥,៩៥ លានដុល្លារ) ស្មើនឹង ១០៤,៤៨ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២ ។ បើធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១ គឺកើន ៦២៤,៣១ លានដុល្លារ ឬស្មើនឹង ២៦,៩ ភាគរយ។
ដោយឡែកសម្រាប់ខែតុលា ឆ្នាំ ២០២២ ការប្រមូលចំណូលសម្រេចបាន ១ ០២១,៦២ ពាន់លានរៀល (២៥២,២៥ លានដុល្លារ) ស្មើនឹង ៨,៩៥ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ។ ប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែតុលា ឆ្នាំ ២០២១ កើនឡើង ៤៤,២ លានដុល្លារ ស្មើ ២១,២៤ ភាគរយ។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លោក តែ តាំងប៉ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ ខែវិច្ឆិកាថា មូលហេតុដែលធ្វើឱ្យការប្រមូលពន្ធដារកើនឡើងជាបន្តបន្ទាប់ គឺដោយសារកត្តាចម្បងៗមួយចំនួនដូចជា ចំនួនក្រុមហ៊ុន/សហគ្រាសបើកដំណើរការនៅកម្ពុជាមានកាន់តែច្រើន, ការផ្សព្វផ្សាយរបស់អាជ្ញាធរពីកាតព្វកិច្ចបង់ពន្ធមានលក្ខណៈកាន់តែទូលំទូលាយ, ការធ្វើទំនើបវិធីសាស្ត្របង់ពន្ធ និងពិសេសការយល់ដឹងរបស់ពលរដ្ឋពីកាតព្វកិច្ចបង់ពន្ធ។ លោកបន្តថា ម្យ៉ាងទៀតចំណូលពន្ធកើនឡើងនេះ ក៏ដោយសារតែបានពីវិស័យមួយចំនួនដែលពីមុនមិនសូវមានអ្នកទៅបង់ដូចជា វិស័យអចលនទ្រព្យ ជាដើម។
លោកថ្លែងថា៖ «ការប្រមូលចំណូលពន្ធដែលកាន់តែកើននេះ គឺមិនត្រឹមតែបង្ហាញថាសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាកំពុងបោះជំហានទៅមុខល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណែកសំខាន់ក្នុងការធ្វើឱ្យរដ្ឋមានចំណូលកាន់តែច្រើនយកទៅវិនិយោគសាធារណៈផងដែរ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា កំណើនប្រាក់ចំណូលពន្ធដារគឺបញ្ជាក់ថា សេដ្ឋកិច្ចក្នុងស្រុកកំពុងមានសកម្មភាពខ្លាំងឡើងវិញហើយ បន្ទាប់ពីធ្លាក់ចុះនាអំឡុងឆ្នាំ ២០២០-២០២១ ដោយសារការរីករាលដាលកូវីដ ១៩ ។ ចំណូលនេះនឹងមានចំនួនច្រើនបន្ថែមទៀត បើរដ្ឋាភិបាលមិនបានលើកលែងពន្ធចំពោះវិស័យមួយចំនួន ជាពិសេសវិស័យទេសចរណ៍ ដែលនៅបន្តរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ ។
លោកបន្ថែមថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RC-EP) កាលពីដើមឆ្នាំ ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកូរ៉េ នៅខែធ្នូខាងមុខ ក៏នឹងជួយឱ្យការចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។
លោកបានបញ្ជាក់ថា៖ «ពន្ធដារ គឺជាចំណូលពីអាជីវកម្មក្នុងស្រុក ដូច្នេះបើអាជីវកម្មក្នុងស្រុកដំណើរការល្អមានចំនួនកាន់តែច្រើន ហើយការយល់ដឹងពីកាតព្វកិច្ចបង់ពន្ធ និងការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព គឺពិតណាស់ការប្រមូលចំណូលពន្ធប្រាកដជាកើនឡើងកាន់តែខ្ពស់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ នាវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ ២០២២ បានលើកឡើងថា៖ «ឆ្នាំនេះ (ឆ្នាំ ២០២២) ជាឆ្នាំដែលយើងខ្ញុំមានមោទនភាពខ្លាំងណាស់ជាមួយនឹងប្រាក់ចំណូលកើនឡើង ដោយយើងបានប្រមូលប្រាក់ចំណូលពន្ធតាមច្បាប់ថវិការបស់យើងត្រឹមតែជាង ១០ ខែប៉ុណ្ណោះ យើងបានសម្រេចលើស ១០០ ភាគរយនៃផែនការរួចស្រេចទៅហើយ។
ឆ្នាំនេះសង្ឃឹមថា ប្រាក់ចំណូលផ្ទៃក្នុងរបស់យើងខ្ញុំអាចសម្រេចប្រមាណជាង ១១៥ ភាគរយយ៉ាងតិច ដូច្នេះនេះជាចំណែកមួយ ដើម្បីទ្រទ្រង់ទៅដល់ការចំណាយដែលយើងកំពុងតែត្រូវរ៉ាប់រងជីវភាពរបស់ប្រជាជនរបស់យើង»។
សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ គឺនៅឆ្នាំ ២០២៣ ខាងមុខអគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធឱ្យបាន ១៤ ៤៦៥,៣៩ ពាន់លានរៀល (៣ ៥៧១,៧០ លានដុល្លារ) កើន ២៦,៧០ ភាគរយបើធៀបផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលឱ្យបាន ១១ ៤១៩,១៣ ពាន់លានរៀល (ប្រមាណ ២ ៨១៩,៥៥ លានដុល្លារ)៕