
ពិធីទទួលពានរង្វាន់ដែលអង្ករកម្ពុជាពូជ ផ្ការំដួល ទទួលបានជយលាភីលេខ ១ ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោក។ សហការី
ភ្នំពេញៈ អង្កររបស់កម្ពុជាពូជ «ផ្ការំដួល» ត្រូវបានជាប់ជា «អង្ករល្អដាច់គេ» ក្នុងវេទិកាស្រូវអង្ករពិភពលោក ដែលរៀបចំធ្វើនៅទីក្រុងភូកេត ប្រទេសថៃ ខណៈនេះជាលើកទី ៥ ហើយដែលអង្ករកម្ពុជាឈ្នះពានរង្វាន់នេះ។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ ខែវិច្ឆិកាថា ការឈ្នះពានរង្វាន់អង្ករល្អដាច់គេនេះ គឺជាកិត្តិយសដ៏ធំសម្រាប់វិស័យស្រូវអង្ករកម្ពុជា។ នេះជាលើកទី ៥ ហើយដែលអង្ករកម្ពុជាបានទទួលជយលាភីនេះ។
លោកថ្លែងថា៖ «កម្ពុជាឈ្នះអង្ករល្អដាច់គេប្រចាំឆ្នាំ ២០២២ នៅវេទិកាស្រូវ-អង្ករពិភពលោកនៅភូកេត ប្រទេសថៃ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។ សូមអរគុណដល់ក្រុមការងារសហព័ន្ធស្រូវអង្ករកម្ពុជា កសិករ សមាជិករោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដែលផ្តល់ការគាំទ្រផលិតអង្ករល្អដាច់គេ ដើម្បីចូលរួមប្រកួត និងនាំពានមកកម្ពុជា»។
អគ្គនាយកក្រុមហ៊ុន City Rice Import Export លោក ឡាយ ឈុនហួ ដែលបាននាំយក «អង្កររំដួល» កម្ពុជាទៅចូលរួមប្រកួតក្នុងវេទិកាខាងលើ និងទទួលបានពានរង្វាន់លេខ ១ ជា «អង្ករល្អដាច់គេ» បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លទ្ធផលនេះនឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់វិស័យស្រូវអង្ករកម្ពុជា ពិសេសវានឹងជួយឱ្យការនាំចេញមានបរិមាណកាន់តែច្រើន។ នេះជាមោទនភាពយ៉ាងខ្លាំងចំពោះវិស័យស្រូវអង្ករកម្ពុជា។
លោកថ្លែងថា៖ «កិត្តិនាមដែលទទួលបាននេះ នឹងជួយផ្សព្វផ្សាយពីគុណភាពអង្ករកម្ពុជាកាន់តែច្រើន ពិសេសធ្វើឱ្យគេស្គាល់ពីគុណភាពអង្ករកម្ពុជា»។
បើតាមលោក ឈុនហួ ដើម្បីទទួលបានជយលាភីនេះ អង្ករកម្ពុជាត្រូវឆ្លងកាត់ការត្រួតពិនិត្យទៅលើចំណុចជាច្រើនដូចជា រូបរាងគ្រាប់អង្ករ, ភាពទន់, ក្លិន និងរសជាតិ ជាដើម។
លោក ម៉ាក់ ចំរើន ប្រធានក្រុមហ៊ុន Agribee Cambodia Plc បានប្រាប់ថា ក្នុងនាមក្រុមហ៊ុនធ្វើការលើចង្វាក់ផលិតកម្មកសិកម្មផ្តោតលើដំណាំស្រូវ លោកពិតជារីករាយចំពោះលទ្ធផលដែលអង្ករកម្ពុជាទទួលបាន ព្រោះវាជាឧត្តមភាពនៃវិស័យស្រូវអង្ករកម្ពុជាក្នុងការប្រកួតប្រជែងជាមួយអង្ករនាំចេញរបស់ប្រទេសនានាលើពិភពលោក។ លោកបានបន្តថា ការទទួលជយលាភីកម្រិតពិភពលោករហូតដល់ ៥ ឆ្នាំនេះ គឺពិតជាមោទនភាពដ៏ធំរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលដែលធ្វើឱ្យកេរ្តិ៍ឈ្មោះស្រូវអង្ករកម្ពុជាមានភាពល្បីកាន់តែខ្លាំង។
លោកលើកឡើងថា៖ «ខ្ញុំសូមអបអរសាទរជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា សមាជិកជាដៃគូ សហគមន៍កសិកម្ម ព្រមទាំងប្រជាកសិករ ដែលបានខិតខំប្រឹងប្រែងរាប់ចាប់តាំងពីការដាំដុះ កែច្នៃអង្ករឱ្យមានគុណភាពកម្រិតស្តង់ដា»។
ជាមួយគ្នានេះលោកក៏លើកឡើងថា ការដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មក្នុងការធ្វើឱ្យថ្លៃដើមផលិតក្នុងវិស័យកសិកម្មកាន់តែទាបនោះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយនឹងអង្ករនាំចេញរបស់ប្រទេសនានាលើពិភពលោក។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ «សូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះអង្ករកម្ពុជាពូជ «ផ្ការំដួល» ដែលទទួលជយលាភីលេខ ១ សម្រាប់ឆ្នាំ ២០២២ ជា «អង្ករល្អដាច់គេ» លំដាប់ថ្នាក់ពិភពលោកក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។ នេះជាលើកទី ៥ ហើយដែលអង្ករកម្ពុជាទទួលជយលាភីនេះ និងនាំមកនូវមោទនភាពសម្រាប់កម្ពុជា»។
កន្លងមកអង្ករកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោក ចំនួន ៤ លើករួចមកហើយ ដោយឈ្នះ ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០១២, ២០១៣ និង ២០១៤ និងចុងក្រោយក្នុងឆ្នាំ ២០១៨ នៅប្រទេសវៀតណាម។ ក្រៅពីនោះអង្ករកម្ពុជា ក៏ធ្លាប់ទទួលបានលេខ ២ ក្នុងឆ្នាំ ២០១៥, ២០១៦ និងឆ្នាំ ២០១៧។
របាយការណ៍ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេល ១០ ខែឆ្នាំ ២០២២ កម្ពុជា បាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៥០៩ ២៤៩ តោន កើនឡើង ៤៩ ០៨០ តោន ស្មើ ១០,៦៧ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលមាន ៤៦០ ១៦៩ តោន។ សម្រាប់ខែតុលា ឆ្នាំ ២០២២ ការនាំចេញមានចំនួន ៥៩ ៨៨៨ តោន កើន ១០ ៤១៧ តោន ស្មើ ២១,០៦ ភាគរយធៀបនឹងខែតុលា ឆ្នាំ ២០២១។ ទឹកប្រាក់បានពីការនាំចេញអង្ករក្នុងរយៈពេល ១០ ខែឆ្នាំ ២០២២ មាន ៤៣៥ ៤០៧ ៨៩៥ ដុល្លារ កើនឡើង ១០,៧៩ ភាគរយពីចំនួន ៣៩២ ៩៨៤ ៣២៦ ដុល្លារកាលពីរយៈពេល ១០ ខែឆ្នាំ ២០២១៕
វីដេអូ៖