
សំណង់អគារខ្ពស់ៗជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុន Moody''s Investors Service បានធ្វើការផ្លាស់ប្តូរចក្ខុវិស័យកម្ពុជាពីស្ថិរភាពទៅជាអវិជ្ជមាន ដោយសារតែស្ថានភាពខាងក្រៅកាន់តែអាក្រក់ដូចដែលបានបង្ហាញ ដោយសារការកើនឡើងកាន់តែខ្លាំងនៃឱនភាពគណនីចរន្ត ដែល Moody''s រំពឹងថានឹងនៅតែកើនឡើងខ្លាំង (ទោះជា ធ្លាក់ចុះ) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលបង្កើនការបារម្ភផ្នែកហិរញ្ញវត្ថុ។
ក្រុមហ៊ុន Moody''s បានរំពឹងថាកំណើនផលិតផលក្នុងស្រុក (GDP) ពិតនឹងមិនត្រឡប់ទៅរកកម្រិតមុនការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនោះទេ ដោយសារការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក រួមទាំងទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា (អាមេរិក សហភាពអឺរ៉ុប) និងប្រទេសចិន ដែលបង្កឱ្យមានហានិភ័យធ្លាក់ចុះដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។
ទោះជាយ៉ាងណា Moody''s នៅតែរំពឹងថា នឹងមានកំណើនដ៏រឹងមាំនៅប្រទេសកម្ពុជាដែលនឹងសម្រេចបានក្នុងចំនួន ៤,៥ ភាគរយនៅក្នុងឆ្នាំ ២០២២ និង ៥,៥ ភាគរយក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើងខ្លាំងពីកំណើនដែលប៉ាន់ប្រមាណចំនួន ៣ ភាគរយនៅក្នុងឆ្នាំ ២០២១ ។ ទោះយ៉ាងណា អត្រានៃការកើនឡើងនេះនៅទាបក្រោមកម្រិតមធ្យមចំនួន ៧ ភាគរយកាលពីចន្លោះឆ្នាំ ២០១០-២០១៩។ នេះបើតាមរបាយការណ៍របស់ Moody''s ដែលចេញផ្សាយនាថ្ងៃទី ១៥ ខែវិច្ឆិកា។
ទោះបីជា Moody''s រំពឹងថាការផ្តល់ហិរញ្ញប្បទានសម្បទាននឹងបន្ត ហើយការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែមានស្ថិរភាព ក៏ប្រភពហិរញ្ញប្បទានផ្សេងទៀតនៅតែមិនច្បាស់លាស់ ដែលបង្ហាញពីហានិភ័យនៃការធ្លាក់ចុះទុនបម្រុងរូបិយប័ណ្ណបរទេសលឿនជាងការអង្កេតរហូតមកដល់បច្ចុប្បន្ន។
«ហានិភ័យទាំងនេះត្រូវបានរួមផ្សំឡើងដោយកង្វះការរាយការណ៍ទាន់ពេលវេលា និងតម្លាភាពដែលធ្វើឱ្យស្មុគស្មាញដល់ការកំណត់គោលនយោបាយ ដែលបង្ហាញពីហានិភ័យឥណទានកើនឡើងបណ្តាលមកពីការចុះខ្សោយផ្នែកអភិបាលកិច្ច។ ទន្ទឹមនឹងនោះ ការថយល្បឿនសកម្មភាពក្នុងវិស័យអចលនទ្រព្យក៏បង្កហានិភ័យយ៉ាងធំទៅដល់កំណើនដែលនឹងបង្កើនបញ្ហាប្រឈមមួយចំនួនកើតចេញពីកំណើនការនាំចេញមានកម្រិតទាប ដោយសារបរិយាកាសម៉ាក្រូសេដ្ឋកិច្ចសកល ការមកដល់នៃវិស័យទេសចរណ៍នៅមានកម្រិតទាប និង FDI កាន់តែចុះខ្សោយ ដោយសារតែការរឹតបន្តឹងទីផ្សារអន្តរជាតិ និងកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែទាប»។ នេះបើយោងតាម Moody។
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Cambodian Investment Management Co Ltd បាននិយាយថា ពេលវេលានៃការផ្លាស់ប្តូរចក្ខុវិស័យវាយតម្លៃទៅជាអវិជ្ជមានដែលមានភាពមិនល្អដល់ប្រទេសកម្ពុជា។ លោកបន្តថា ឱនភាពគណនីចរន្តរបស់កម្ពុជាកាន់តែច្រើនទៅៗ ហើយតាមពិតវាអាក្រក់ខ្លាំងបំផុតនៅឆ្នាំ ២០២១ ពីដក ៨,៤៩ ភាគរយនៃផលិតផលក្នុងស្រុកសរុបឆ្នាំ ២០២០ ដល់ដក ៤២,៥៣ ភាគរយនៅឆ្នាំ ២០២១ ។ តម្លៃជាមធ្យមសម្រាប់ប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០២១ គឺ ដក ៦,៩ ភាគរយ។ កម្រិតជាមធ្យមក្នុងពិភពលោកក្នុងឆ្នាំ ២០២១ ផ្អែកលើប្រទេសចំនួន ១៤៦ គឺ ដក ២,០៧ ភាគរយ ដូច្នេះកម្រិត ដក ៤២,៥៣ ភាគរយគឺគួរឱ្យព្រួយបារម្ភខ្លាំង។
លោកថ្លែងថា៖ «ការធ្លាក់ថ្លៃខ្លាំងនាពេលថ្មីៗនេះនៅក្នុងឱនភាពគណនីចរន្តហាក់ដូចជាមានភាពមិនប្រក្រតី ហើយមិនមែនជាការឆ្លុះបញ្ចាំងពីគំរូប្រវត្តិសាស្ត្រណាមួយឡើយ។ កាលពីមុនខ្ញុំបានលើកឡើងពីបញ្ហា ៤០/៤០/៤០ ដែលអាមេរិកមានប្រហែល ៤០ ភាគរយនៃទីផ្សារនាំចេញរបស់កម្ពុជា ប្រទេសចិនស្ថិតក្នុងតំបន់នៃការនាំចូលចំនួន ៤០ ភាគរយ ហើយ FDI មានចំនួន ៤០ ភាគរយ ឬច្រើនជាងនេះបើធៀបនឹងប្រទេសចិន ទោះបីជា FDI របស់ចិនបានធ្លាក់ចុះក្នុងឆ្នាំ ២០២១ ក៏ដោយ។ ហានិភ័យនៃការប្រមូលផ្តុំទាមទារឱ្យមានការធ្វើពិពិធកម្មផ្នែកដៃគូពាណិជ្ជកម្ម និងការវិនិយោគជាមួយកាន់តែទូលំទូលាយនៃបណ្ដាប្រទេសនានា»។
លោកពន្យល់ថា អាមេរិក និងចិននៅតែជាប្រទេសសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយក្នុងបរិបទនេះ ប្រទេសទាំង ២ កំពុងដោះស្រាយបញ្ហាសេដ្ឋកិច្ចខ្លួនផងដែរ ដូចជានៅអាមេរិកកំពុងប្រឈមនឹងការកើនឡើងអត្រាការប្រាក់ អតិផរណា និងវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាន។ ប្រទេសចិនកំពុងដោះស្រាយជាមួយនឹងការធ្លាក់ចុះកំណើនខ្លាំង ទីផ្សារអចលនទ្រព្យដែលធ្លាក់ចុះជាដើម៕