មូលនិធិ​ ព្រូដិនស៍ តាមរយៈ​ក្រុមហ៊ុន​ ព្រូដិនសល​កម្ពុជា និង​កិច្ចសហការណ៍​ជាមួយ​អង្គការ​មូលនិធិ​សិទ្ធិ​កុមារ ដោយ​មាន​ការគាំទ្រ​ពី​សំណាក់​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​ ៣ ខែ​វិចិ្ឆកា នៅ​ខេត្តកំពត បាន​ប្រកាស​ជា​ផ្លូវការ​នូវ​កិច្ច​បន្ត​គម្រោង​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​មូលដ្ឋាន​សម្រាប់​កុមារ «​ឆាឈីង​» ក្នុងដំណាក់កាល​ទី​ ២ ក្រោម​ឈ្មោះ «​កុមារ​ឆ្លាត​អំពី​លុយ ឆាឈីង​»​។

កម្មវិធី​ប្រកាស​នេះ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ចាន់ សុភា អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​អភិវឌ្ឍ​យុវជន និង​ជា​ប្រធាន​នាយកដ្ឋាន​បឋម​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកំពត​ផងដែរ​។

សេចក្តី​ប្រកាស​នេះ​បញ្ជាក់​អំពី​ការប្ដេជ្ញា​បន្ត​គាំទ្រ​ការលើកស្ទួយ​អក្ខរកម្ម​ហិរញ្ញវត្ថុ​ទៅដល់​កុមារ​កម្ពុជា​ក្នុង​រយៈពេល ៣ ​ឆ្នាំ​ទៅមុខទៀត​។ គម្រោង​នេះ​មាន​គោលបំណង​ធំ​ ដើម្បី​បង្រៀន​កុមារ​អាយុ​ពី ៧ ដល់ ១២ ​ឆ្នាំ ពី​ចំណេះដឹង​ឧបករណ៍ និង​ការអនុវត្តន៍​នានា ដែល​ពួកគាត់​ត្រូវការ​ក្នុង​ការសម្រេចចិត្ត​ហិរញ្ញវត្ថុ​ដ៏ត្រឹមត្រូវ​ ដើម្បី​សម្រេច​គោលដៅ និង​សុបិន្ត​របស់​ពួកគេ​។

ការពង្រីក​គម្រោង​ឆាឈីង​វគ្គ​ទី​ ២ នេះ​គឺ​ដោយសារ​ការសម្រេច​បាន​ជោគជ័យ​លើ​វគ្គ​ទី​ ១ ចាប់ពី​ដើមឆ្នាំ ២០១៩ ដល់​ដើមឆ្នាំ ២០២២ ​។ ក្នុងដំណាក់កាល​ទី ​១ ​នេះ គម្រោង​បាន​អនុវត្ត​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្ដាល និង​កំពង់ចាម​ទៅលើ​សាលាបឋមសិក្សា​គោលដៅ​ចំនួន ១៥០ ​។ ដំណាក់កាល​នេះ​បានផ្ដល់​ប្រយោជន៍​ដល់​សិស្ស​ចំនួន ៣៩,៨៨៩ នាក់ (​សិស្សស្រី​ចំនួន ១០,៧០៤ ​នាក់​) គ្រូ​ចំនួន ៥៨១ ​នាក់ នាយក​សាលា​ចំនួន ១៥០​ នាក់ អាណាព្យាបាល​ចំនួន ២៨៩ ​នាក់ និង​មន្រី្ត​រដ្ឋាភិបាល​ចំនួន ៦៩ ​នាក់​។

គណអធិបតី​មាន​ប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​គម្រោង​។

គម្រោង​កុមារ​ឆ្លាត​អំពី​លុយ ឆាឈីង​ដំណាក់កាល​ទី​ ២ ​នេះ​នឹង​បន្ដ​ពង្រីក​អត្ថប្រយោជន៍​នេះ​ទៅលើ​ភាពជោគជ័យ​នៃ​ដំណាក់កាល​ទី​ ១ លើ​សាលា​ចំនួន ​១៥០ និង​ភាពជា​ម្ចាស់​ពី​សំណាក់​ក្រសួង ដោយ​បន្ថែម​នូវ​សាលា​គោលដៅ​ចំនួន​ ១៥០ ​ទៀត​នៅក្នុង​ខេត្ត​កំពង់ចាម កំពត កណ្ដាល សៀមរាប និង​ភ្នំពេញ​។ លើសពី​ការពង្រីក​គោលដៅ​សាលា គម្រោង​នឹង​រំពឹង​បន្ថែម​ទៅលើ​គោលដៅ​សំខាន់​មួយទៀត គឺ​ការដាក់​បញ្ជូល​មេរៀន​អក្ខរកម្ម​ហិរញ្ញវត្ថុ​ឆាឈីង​នេះ​ចូលទៅក្នុង​កម្មវិធីសិក្សា​ផ្លូវការ​របស់​ក្រសួង​អប់រំ ដើម្បី​ធានា​វិសាលភាព​នៃ​លទ្ធផល​វិជ្ជមាន​នៃ​ចំណេះដឹង​នេះ​។

ឯកឧត្តម​បណ្ឌិត ចាន់ សុភា មាន ប្រសាសន៍​ថា៖ «​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់​ដែល​បាន​ចូលរួម​កម្មវិធី​ប្រកាស​ជា​ផ្លូវការ​នេះ ហើយ​ខ្ញុំ​បង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​គម្រោង​កុមារ​ឆ្លាត​អំពី​លុយ ឆាឈីង​ដំណាក់កាល​ទី ​២»​។

«​ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឱ្យដៃ​គូ​ពាក់ព័ន្ធ​នានា​ធ្វើការ​រួមគ្នា ដោយ​ភាពច្បាស់លាស់​លើ​ទំនួល​ខុសត្រូវ ប្រកប​ដោយ​វិជ្ជាជីវៈ ផ្តោតលើ​គោលដៅ​វែងឆ្ងាយ​​ជា​ផលប្រយោជន៍​នៃ​កុមារ និង​សង្គម​កម្ពុជា​»​។

លោក Freddie Wong, នាយក​ស្ដីទី​ផ្នែក​ហិរញ្ញវត្ថុ និង Actuary តំណាង​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា បាន​មានប្រសាសន៍​ថា៖ «​ការធានា​សុវត្ថិភាព​ផ្នែក​សុខភាព និង​ហិរញ្ញវត្ថុ សម្រាប់​ប្រជាជន​កម្ពុជា គឺជា​គោលដៅ​ចម្បង​នៃ​អាជីវកម្ម​យើង​។ យុទ្ធសាស្ត្រ​មួយ​របស់​យើង គឺ​ការបង្កើន​អក្ខរកម្ម​ហិរញ្ញវត្ថុ សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​។ គោលដៅ​ចំបង​នៃ​យុទ្ធសាស្ត្រ​នេះ គឺ​ការធានា​ឱ្យ​ពួកគាត់​មាន​ការយល់ដឹង​ច្បាស់លាស់​អំពី​ការគ្រប់គ្រង​លុយ​តាំងពី​វ័យក្មេង ដើម្បី​ឱ្យ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​ហិរញ្ញវត្ថុ​បាន​ប្រសើរ​ជាង​មុន​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ឃើញ​កម្មវិធី​ឆាឈីង​បាន​អនុត្ត​ជោគជ័យ​ពី​សំណាក់​កុមារ​កម្ពុជា និង​ឃើញ​កម្មវិធី​នេះ​រីកចម្រើន​ទៅមុខ​»​។

លោក ទេព ចាន់សំអុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​សិទ្ធិ​កុមារ​បាន​បន្ថែមថា៖ «​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​កុមារ​នៅ​កម្ពុជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការបំពេញ​ចន្លោះ​អក្ខរកម្ម​ហិរញ្ញវត្ថុ និង​លើកស្ទួយ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យបាន​ល្អ​នាពេល​អនាគត​ក្នុង​ចំណោម​កុមារ​អាយុ​ចាប់ពី​ ៧ ដល់​ ១២ ឆ្នាំ​។ ជំនួស​ឱ្យ​មូលនិធិ​សិទ្ធិ​កុមារ យើងខ្ញុំ​នឹង​ប្តេជ្ញា​ក្នុង​ការធានា​ដំណើរការ​កម្មវិធី​ប្រកប​ដោយ​លទ្ធផល និង​ការផ្លាស់ប្ដូរ​វិជ្ជមាន​ទៅលើ​អក្ខរកម្ម​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​»​។ ឆាឈីង គឺជា​កម្មវិធី​អប់រំ និង​ទំនួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​ជាសកល សម្រាប់​កុមារ​អាយុ​ពី ៧ ដល់​ ១២ ​ឆ្នាំ​។ កម្មវិធី​នេះ​ផ្ដោតទៅលើ​ការបំពេញ​ចន្លោះ​ខ្វះខាត​ផ្នែក​អក្ខរកម្ម​ហិរញ្ញវត្ថុ ដោយ​ការប្រើប្រាស់​របៀប​សិក្សា​បែប​រួម​បញ្ជូល ដោយ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល និង​របៀប​សិក្សា​ក្នុង​សាលា​៕