​ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​វៀតណាម ក្នុង​រយៈ​​ពេល ១០ ​ខែ​ដំបូង​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​សរុប​ជាង​ ៥​ ពាន់​​លាន​ដុល្លារ កើន​ជាង ២០​ភាគ​​រយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ក្នុងនោះ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​កម្ពុ​ជាមាន​ឱនភាព​ជិត ១,៧ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាបានឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែតុលា ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​វៀតណាម មាន​ចំនួន​សរុប ៥ ០០១,៨៧​លាន​ដុល្លារ កើន​ ២០,៥​ ភាគរយ​ពី​ចំនួន ៤ ១៤៩,៦៣​ លាន​ដុល្លារ ដោយ​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម មាន​ទឹកប្រាក់ ១ ៦៦៤,៤៤ ​លាន​ដុល្លារ កើន ២,៨​ភាគរយ និង​ការនាំ​ចូល​ពី​វៀតណាម មាន ៣ ៣៣៧,៤៣​ លាន​ដុល្លារ កើន ៣១,៩​ ភាគ​​រយ​។ ចំនួន​នេះ​ធ្វើឱ្យ​ពាណិជ្ជ​​កម្ម​កម្ពុជា មាន​ឱនភាព ១,៦៧​ ពាន់​លាន​ដុល្លារ​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ទោះបី​ទឹក​​ប្រាក់​នាំ​ទំនិញ​ពី​វៀតណាម​មក​កម្ពុ​ជាមាន​ចំនួន​ច្រើនជាង​ការ​​នាំ​ចេញពី​កម្ពុជា​ទៅ​វៀតណាម ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​សម្រាប់​កំណើនសេដ្ឋកិច្ច​កម្ពុជា​នោះទេ ព្រោះ​កម្ពុជា​ គឺជា​ប្រទេស​កំពុង​​អភិវឌ្ឍន៍​ដែល​ត្រូវការ​នាំចូល​វត្ថុធាតុដើម​ជាច្រើន​ដើម្បី​បម្រើឱ្យ​ការផលិត និង​កែច្នៃ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។

លោក​បន្តថា ម្យ៉ាងទៀត គម្លាត​ទឹកប្រាក់​នាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ នឹងត្រូវ​កាត់បន្ថយ​ខ្លះមក​វិញ​នៅ​អំឡុង​ចុងឆ្នាំ ដែលជា​ពេល​កម្ពុជា​ប្រ​មូល​ផល​កសិកម្ម​ជាច្រើន​យកទៅលក់​នៅ​វៀតណាម​។​

​លោក​បញ្ជាក់ថា​៖ «​គម្លាត​នេះ​នឹងត្រូវ​កាត់បន្ថយ​ខ្លះមក​វិញ​នៅ​ចុងឆ្នាំ ដែលជា​ពេល​ផលិត​​ផល​កសិកម្ម​កម្ពុជា​ជាច្រើន​ប្រ​​ភេទ​ (​ជាពិសេស​ស្រូវ ដំឡូង​មី និង​ស្វាយចន្ទី​) ត្រូវបាន​នាំទៅ​លក់​នៅ​ប្រទេស​វៀតណាម​»​។​

​លោក​បាន​បន្តថា កសិផលជា​ទំនិញ​ចម្បង​គេ​ដែល​កម្ពុជា​នាំ​ចេញទៅ​លក់​នៅ​វៀតណាម ចំណែក​ផលិតផល​ដែល​វៀត​​ណា​ម​នាំមក​កម្ពុជា មានដូចជា ដែក សម្ភារ​សំណង់ ប្រេង បន្លែ ផ្លែឈើ ជី និង​គ្រឿងយន្ត​ក​សិ​​កម្ម ជាដើម​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ការ​​កើន​ឡើងជា​បន្តបន្ទាប់​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​ទាំង ២ គឺ​ដោយ​​សារ​តែ​ភាពល្អប្រសើរ​នៃ​ទំនាក់​​ទំនង​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ក៏ដូចជា​ផ្នែក​ឯកជន​។ ទំហំ​ទឹកប្រាក់​នេះ​នឹង​បន្ត​កើន​​ឡើង​ខ្ពស់​ថែមទៀត ដោយសារ​កម្ពុជា និង​វៀតណាម ជាស​មា​​ជិ​ក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​តំបន់​ (RCEP)​ ផងដែរ​។

លោក​បន្តទៀតថា សម្រាប់​ការ​​នាំចេញ​របស់​កម្ពុជា ដែលមាន​ចំនួន​តិចជាង​ការនាំ​ចូល​របស់​វៀតណាម គឺ​ដោយសារ​ប្រទេស​វៀតណាម​ មាន​កម្លាំងផលិតកម្ម​ច្រើនជាង​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ជា​លក្ខណៈ​​សត្យានុម័ត​ដោយសារតែ​វៀត​​ណា​ម​មាន​ប្រជាជន​ច្រើន និង​កម្លាំងផលិតកម្ម​ខ្លាំង ហេតុនេះ​ការនាំចេញ​របស់គេ​មក​កម្ពុជា គឺ​តែងតែ​មានប្រៀប​»​។​

​លោក​បន្តថា ទោះយ៉ាងណា​តាមរយៈ​អ្វីដែល​កម្ពុជា​កំពុង​ខិតខំ​ (​ការធ្វើ​ពិពិធ​កម្ម​ទំនិញ​) លោក​រំពឹងថា គម្លាត​នេះ​នឹងត្រូវ​កាត់បន្ថយ​ជា​បណ្តើរៗ​។​

​ក្នុង​ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម មាន​ទឹកប្រាក់​សរុប ៥ ១២៨​ លាន​ដុល្លារ កើន ៣១,២ ​ភាគរយ​ បើ​ធៀប​ឆ្នាំ​ ២០២០ ក្នុងនោះ​កម្ពុជា​នាំទៅ​វៀតណាម ១ ៩៨៥,០៨​ លាន​ដុល្លារ កើន ៥៨,៦ ​ភាគ​​រយ និង​វៀតណាម​នាំចូល​វិញ​មាន​ចំនួន ៣ ១៤៣,៥៣​ លាន​ដុល្លារ កើនឡើង ១៨,៤​ ភាគ​​រយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕