
ប្រជាកសិករប្រមូលផលដំឡូងមីនៅខេត្តបន្ទាយមានជ័យ នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ ផលិតផលដំឡូងមីប្រមាណជាង ២,៨ លានតោន ត្រូវបានកម្ពុជានាំចេញទៅលក់នៅទីផ្សារអន្តរជាតិនារយៈពេល ១០ ខែក្នុងឆ្នាំ ២០២២ កើនឡើងជិត ៣៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយភាគច្រើនត្រូវបាននាំទៅទីផ្សារប្រទេសថៃ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យនាំចេញកសិផលរបស់ក្រសួងកសិកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា បង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ កម្ពុជាបាននាំចេញផលិតផលពីដំឡូងមីទៅក្រៅប្រទេសសរុប ២ ៨៦៨ ៣៦២,៣៩ តោន កើន ៣៥,៦៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ២ ១១៤ ២៤០,៨៦តោន។
យោងតាមក្រសួងកសិកម្ម ផលិតផលដំឡូងមីនាំចេញត្រូវបានចែកចេញជា ៤ ប្រភេទ គឺទី១. ការនាំចំណិតដំឡូងមីក្រៀម នារយៈពេល ១០ ខែ ឆ្នាំ ២០២២ មានចំនួន ១ ៦៧០ ០៩០តោ ន កើន ២៤,៩៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះនាំចេញទៅប្រទេសថៃ ១ ១៩៣ ៣០០ តោន និងវៀតណាម ៤៧៦ ៧៩០ តោន, ទី២. ដំឡូងមីស្រស់ មានចំនួន ១ ១២៩ ០០០ តោន កើន ៥១,៨០ ភាគរយ ក្នុងនោះទៅវៀតណាម ៦៧៤ ៨០០ តោន និងថៃ ៤៥៤ ២០០ តោន។
ចំណែកទី៣. ការនាំចេញម្សៅដំឡូងមី សម្រេចបាន ៥២ ០៩៣ តោន កើនឡើង ៩៣,១៤ ភាគរយ ក្នុងនោះនាំទៅប្រទេសចិន ៥០ ២២៥ តោន, អាមេរិក ៦៦៦ តោន, អ៊ីតាលី ៥៦៥ តោន, វៀតណាម ២១០ តោន, ណេដឺឡែន ១៥២ តោន, កាណាដា ១០២ តោន, ថៃ ៩៨,៦០ តោន, ម៉ាឡេស៊ី ៣៨,៤០ តោន, សិង្ហបុរី ១៩ តោន និងឥណ្ឌា ១៧តោន, ចំណែកការនាំចេញកាកសំណល់ដំឡូងមី មានចំនួន ៩១៧៩,៣៩ តោន កើនឡើង ២៥,៨១ ភាគរយ ដោយនាំទៅប្រទេសចិន ៧ ៦២៤,៣៩ តោន និងវៀតណាម ១ ៥៥៥ តោន។
ដំឡូងមី គឺជាដំណាំកសិឧស្សាហកម្មឈានមុខគេមួយរបស់កម្ពុជា។ កាលពីឆ្នាំ ២០២០ កម្ពុជាបានដាក់ចេញជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥» ក្នុងគោលបំណង ដើម្បីបង្កើនផលិតកម្មនិងធ្វើឱ្យវាកាន់តែមានលក្ខណៈពាណិជ្ជកម្មសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។
អ្នកស្រី ចាន់មួយ ម្ចាស់សៃឡូមួយកន្លែង (កន្លែងប្រមូលទិញកសិផល) នៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១៧ ខែវិច្ឆិកាថា ការប្រមូលផលដំឡូងមីនៅខេត្តបាត់ដំបង ទើបតែចាប់ផ្តើមជាង ១ សប្តាហ៍ប៉ុណ្ណោះ ដោយការប្រមូលផលនៅពេលនេះ គឺមានតិចតួច ខណៈការប្រមូលផលដំឡូងមីនឹងត្រូវបន្តរហូតដល់មុនថ្ងៃចូលឆ្នាំខ្មែរក្នុងខែមេសានៃឆ្នាំនីមួយៗ។ ការប្រមូលផលដំឡូងមីក្នុងខេត្តបាត់ដំបង គឺតែងយឺតជាងខេត្តជិតខាងដូចជា ពោធិ៍សាត់ និងបន្ទាយមានជ័យ។
អ្នកស្រីប្រាប់ទៀតថា សម្រាប់រយៈពេល ១ សប្តាហ៍នេះ ដំឡូងមីស្ងួត មានតម្លៃចន្លោះពី ៦,៥-៧ បាត (៧៥០-៨១០ រៀល) ក្នុង ១ គីឡូក្រាម និងដំឡូងមីសើម តម្លៃ ២,៨ បាត(៣២៥រៀល)។ តម្លៃនេះ គឺប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ផលដែលកន្លែងអ្នកស្រីប្រមូលទិញ គឺយកទៅលក់បន្តឱ្យឈ្មួញមកពីប្រទេសថៃ។
អ្នកស្រី ចាន់ មួយ បាននិយាយថា៖ «ដោយសារមានតម្រូវការច្រើនបានធ្វើឱ្យតម្លៃដំឡូងមីកាលពីឆ្នាំមុន និងឆ្នាំនេះខ្ពស់ដូចគ្នាបើធៀបនឹងប៉ុន្មានឆ្នាំកន្លងមក។ បើតាមខ្ញុំដឹងប្រទេសចិន ក៏មានទិញដំឡូងមីពីកម្ពុជាច្រើនដែរ»។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោក គឹម ហួត បាននិយាយថា តម្លៃដំឡូងមីនាដើមរដូវប្រមូលផលឆ្នាំនេះ គឺល្អជាងឆ្នាំមុនបន្តិច ហើយទិន្នផល និងទីផ្សារនាំចេញក្នុងឆ្នាំនេះត្រូវរំពឹងថា មានភាពល្អប្រសើរជាងឆ្នាំមុនដែរ។
លោកអះអាងថា៖ «យោងតាមការខិតខំរបស់ក្រសួងពាណិជ្ជកម្ម និងផ្នែកពាក់ព័ន្ធ យើងរំពឹងថា ទីផ្សារនាំចេញកសិផលកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆ្នាំនេះនឹងមានភាពល្អប្រសើរជាងឆ្នាំមុនបន្ថែមទៀត ពិសេសការនាំចេញដោយផ្ទាល់ទៅប្រទេសចិន»។
ក្រោមកិច្ចសម្របសម្រួលរវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី (ប្រទេសចិន) កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងមក អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានចុះអនុស្សរណៈយោគយល់គ្នា(MoU) ដើម្បីនាំចេញដំឡូងមីស្ងួតចំនួន ៤០ ម៉ឺនតោន ទៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីដោយគិតចាប់ពីខែមីនា ឆ្នាំ ២០២២ ដល់ខែមីនា ២០២៣។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ធ្លាប់បាននិយាយថា ដំឡូងមី គឺជាដំណាំកសិឧស្សាហកម្ម និងជាផលិតផលនាំចេញដ៏សំខាន់របស់កម្ពុជាដែលរួមចំណែកប្រមាណ ៣-៤ ភាគរយនៃ GDP ក្នុង ១ ឆ្នាំៗ។
ទិន្នន័យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា ក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញដំឡូងមីសរុប ២ ៧៩៣ ៧២៨,៩២ តាន ក្នុងនោះចំណិតដំឡូងមីក្រៀមចំនួន ១ ៦៤៤ ៥៩១,៦៨ តោន កើនឡើង ៨,៤៥ ភាគរយ, ដំឡូងមីស្រស់ ១ ១០៤ ២២០ តោន កើនឡើង ៥២,៦ ភាគរយ, ម្សៅដំឡូងមី ៣៥ ៨៦២,៧៤ តោន កើនឡើង ២,៦៦ ភាគរយ និងកាកសំណល់ដំឡូងមី ៩ ០៥៤,៥០ តោន ថយចុះ ៣៣,០៦ ភាគរយ៕