
កសិករប្រមូលផលម្រេចនៅខេត្តរតនគិរី នាពេលកន្លងទៅ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ អ្នកនៅផលិតកម្មម្រេចបានអះអាងថា ការធ្លាក់ចុះតម្លៃម្រេច ការប្រែប្រួលអត្រាប្តូរប្រាក់ (ប្រាក់អ៊ឺរ៉ូធៀបប្រាក់ដុល្លារ) និងវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន បានធ្វើឱ្យការនាំចេញម្រេចពីកម្ពុជាទៅទីផ្សារអន្តរជាតិ ធ្លាក់ចុះយ៉ាងច្រើននៅពេលនេះ។
ក្រសួងកសិកម្មបានឱ្យដឹងថា រយៈពេល ១០ ខែដំបូង ឆ្នាំ ២០២២ ការនាំចេញម្រេចសម្រេចបានត្រឹមតែជាង ៧,៧ ពាន់តោន ធ្លាក់ជាង ៧២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ កម្ពុជាបាននាំម្រេចទៅលក់នៅទីផ្សារអន្តរជាតិបានចំនួន ៧ ៧០៤,២៥ តោន ថយចុះ ៧២,១២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ២៧៦៣៣,៧៧ តោន។ សម្រាប់ការនាំចេញក្នុងខាងលើ គឺមានទៅទីផ្សារវៀតណាមបានគ្រប់ដណ្តប់ជាង ៨៦ ភាគរយ ដោយមាន ចំនួន ៦ ៦៤៥,៧៨ តោន,តាមពីក្រោយដោយប្រទេសអាល្លឺម៉ង់ ៩២៨,២០ តោន, អាមេរិក ២៦,១០ តោន, កោះតៃវ៉ាន់ ២១ តោន, បារាំង ១៩,៦៨ តោន, បែលហ្ស៊ិក ១៨,៦៧ តោន, ម៉ាឡេស៊ី ១៤,២៤ តោន, ឆែក ១១,៣០ តោន, កូរ៉េ ៧,២៦ តោន, ជប៉ុន ៣,០៣ តោន, ស៊ុយអែត ២,៧៨ តោន, ស្វ៊ីស ២,១២ តោន, កាណាដា ១,២៨ តោន, ចក្រភពអង់គ្លេស ១ តោន, ឥណ្ឌា ០,៩២ តោន, លីទុយអានី ០,៤៥ តោន, កាហ្សាក់ស្ថាន ០,៣ តោន, អូស្ត្រាលី ០,១០ តោន, រុស្ស៊ី ០,០៣ តោន និងប្រទេសហូឡង់ចំនួន ០,០១ តោន។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ២១ ខែវិច្ឆិកាថា សម្រាប់ផ្ទៃដីដាំដុះ និងផលម្រេចកំពតក្នុងឆ្នាំ ២០២២ នេះគឺប្រហាក់ប្រហែលនឹងឆ្នាំមុន ប៉ុន្តែសម្រាប់ស្តុកម្រេចនៅក្នុងឃ្លាំងនៅពេលនេះ នៅសល់ច្រើនជាងឆ្នាំមុន ដោយកាលពីឆ្នាំមុនក្នុងអំឡុងពេលនេះការនាំចេញម្រេចកំពតសម្រេចបានជាង ១០០ តោនរួចហើយ ប៉ុន្តែពេលនេះទើបបានប្រមាណ ៦៥ តោនប៉ុណ្ណោះ។
លោកបន្តថា ការនាំចេញម្រេចទៅទីផ្សារអន្តរជាតិធ្លាក់ចុះច្រើននាពេលនេះ គឺជាប់ទាក់ទងនឹងកត្តាសំខាន់ៗមួយចំនួនដូចជា ការធ្លាក់ចុះតម្លៃប្រាក់អ៊ឺរ៉ូ កំណើនសេដ្ឋកិច្ចធ្លាក់ចុះ និងវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន ជាដើម។
លោកបញ្ជាក់ថា៖ «សម្រាប់ម្រេចកំពតដែលមានទីផ្សារភាគច្រើននៅតំបន់អឺរ៉ុប ការនាំចេញរហូតមកដល់ពេលនេះ គឺធ្លាក់ចុះជាង ៥០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ទោះយ៉ាងណាដោយសារម្រេចកំពតជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI) ដូច្នេះខ្ញុំមិនបារម្ភពីទីផ្សារទេ គឺវាអាចគ្រាន់តែជាការពន្យារពេលរបស់អ្នកបញ្ជាទិញមួយចំនួនប៉ុណ្ណោះ»។
លោកបន្តថា៖ «បើនិយាយទៅផលម្រេចកំពតនៅក្នុងឃ្លាំនាពេលនេះ គឺច្រើនជាងឆ្នាំមុន ប៉ុន្តែក្នុងចំណោមនោះ ក៏មានមួយចំនួនត្រូវបានគេបញ្ជាទិញរួចហើយ»។
យោងតាមលោក ងួន ឡាយ ជាធម្មតាម្រេចកំពត ត្រូវកសិករប្រមូលផលចាប់ពីដើមខែមករា រហូតដល់ចុងខែកក្កដានៃឆ្នាំនីមួយៗ។ តម្លៃម្រេចកំពតក្នុងឆ្នាំ ២០២២ នេះគឺដូចនឹងឆ្នាំមុនដដែល ដោយម្រេចខ្មៅ មានតម្លៃ ១៥ ដុល្លារ ក្នុង ១ គីឡូក្រាម, ម្រេចក្រហម ២៥ ដុល្លារ, និងម្រេចស ២៨ ដុល្លារ។ នេះបើតាមលោក ងួន ឡាយ។
ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា លោក ម៉ាក នី បាននិយាយថា មានកត្តាធំៗចំនួន ២ ដែលធ្វើឱ្យការនាំចេញម្រេចទៅទីផ្សារអន្តរជាតិធ្លាក់ចុះ គឺទី១ បណ្តាលមកពីការបញ្ជាទិញពីក្រៅប្រទេសធ្លាក់ចុះដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក និងទី២ តម្លៃម្រេចឆ្នាំនេះទាបជាងឆ្នាំមុន គឺក្នុងពេលនេះម្រេច (ធម្មតា) មានតម្លៃជាមធ្យម ១១ ០០០ រៀល ក្នុង ១ គីឡូក្រាម ខណៈកាលពីឆ្នាំមុនមានតម្លៃក្នុងរង្វង់ ១៥ ០០០-១៦ ០០០រៀល។
លោកថ្លែងថា៖ «បញ្ហាតម្លៃ និងតម្រូវការ បានធ្វើឱ្យការនាំចេញម្រេចធ្លាក់ចុះច្រើនក្នុងឆ្នាំនេះ។ ទោះយ៉ាងណា យើងសង្ឃឹមថា វានឹងមានទីផ្សារឡើងវិញនៅឆ្នាំខាងមុខ»។
បើតាមលោក ម៉ាក់ នី នៅកម្ពុជាមានផ្ទៃដីចម្ការម្រេចប្រហែល ៦ ០០០ ហិកតា(នៅខេត្តចំនួន ១៨) ក្នុងនោះចម្ការម្រេចមានច្រើននៅខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
ការនាំចេញម្រេចទៅទីផ្សារអន្តរជាតិត្រូវបានរំពឹងថា នឹងមានកំណើនក្នុងពេលឆាប់ៗ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងរដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន លោក អ៊ី ចៀនហួរ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅវិមានសន្តិភាព បានចុះពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន។
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាពេលថ្មីៗ នេះថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យដែលកម្ពុជាបានចុះហត្ថលេខាជាមួយភាគីចិន នឹងជួយធ្វើឱ្យផលិតផលម្រេចកម្ពុជាអាចមានទីផ្សារនាំចេញជាផ្លូវការដោយផ្ទាល់ទៅប្រទេសចិន ខុសពីពេលបច្ចុប្បន្នដែលត្រូវឆ្លងកាត់តាមរយៈប្រទេសជិតខាង (វៀតណាម) ដែលនាំឱ្យកម្ពុជាត្រូវបាត់បង់នូវផលប្រយោជន៍មួយចំនួន។
លោកបន្តថា នេះជាអ្វីដែលអ្នកនៅក្នុងផលិតកម្មម្រេចកម្ពុជាចង់បាន ព្រោះមុននឹងឈានដល់ដំណាក់កាលនេះ គឺភាគីចិនបានចំណាយពេលសិក្សាយ៉ាងតិច ២-៣ ឆ្នាំ។
លោកបញ្ជាក់ថា៖ «តាមរយៈការចុះពិធីសារនេះខ្ញុំសង្ឃឹមថា ការនាំចេញម្រេចជាផ្លូវការទៅចិន នឹងអាចកើតឡើងក្នុងពេលឆាប់ៗ»។
ទោះយ៉ាងណាក្នុងនាមជាអ្នកជំនាញលោក សុផល បានលើកឡើងថា ពិធីសារនេះ គឺគ្រាន់តែជាការបោះជំហានទៅមុខ ១ ផ្នែកប៉ុណ្ណោះ ព្រោះសម្រាប់ការនាំចេញជាក់ស្តែងគឺគេក៏ត្រូវសិក្សាទៅលើតម្លៃនៃការដឹកជញ្ជូនដោយផ្ទាល់ផងដែរ៕