ភ្នំពេញៈ ខណៈ​អេកូទេសចរណ៍ និង​ទេសចរណ៍​សហគមន៍ កំពុង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូវីដ ​១៩ នា​រយៈពេល​ជាង​ ២ ​ឆ្នាំ​កន្លងមកនេះ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​លើកឡើង​នូវ​អនុសាសាន៍​គន្លឹះ​សំខាន់ៗ ៧ ដែល​នឹង​អាច​រួមចំណែក​ក្នុង​ការជួយ​អភិវឌ្ឍ​វិស័យ​អេកូទេសចរណ៍ និង​ទេសចរណ៍​សហគមន៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាព ជាពិសេស​ប្រែក្លាយ​បញ្ហា​ប្រឈម​ឱ្យ​ទៅជា​កាលានុវត្តភាព​។

ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ជាតិ​អេកូទេសចរណ៍​លើក​ទី៣ នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​បាន​លើកឡើង​ថា រយៈពេល​ជាង​ ២ ​ឆ្នាំ​មកនេះ វិបត្តិ​ជំងឺ​កូវីដ-១៩ បាន​កែប្រែ និង​ផ្លាស់ប្ដូរ​ស្ទើរ​ទាំងស្រុង​នូវ​រចនាសម្ព័ន្ធ​វិស័យ​ទេសចរណ៍ ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក​។

លោក​បន្តថា ទោះយ៉ាងណា កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​លើ​ការងារ​សហគមន៍ និង​អេកូទេសចរណ៍ ពិសេស​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន តាមរយៈ​ការអនុវត្ត​គំរូ​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​ក្រោម​ទម្រង់​ភាព​ជា​ដៃគូ​រដ្ឋ​-​ឯកជន​-​ប្រជាជន ដើម្បី​ផ្ដល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​សហគមន៍ ផ្តល់​ប្រយោជន៍​អតិបរមា​ដល់​មូលដ្ឋាន កាត់បន្ថយ​ភាពក្រីក្រ និង​គោរព​តាម​គោលការណ៍​ចីរភាព និង​ទទួល​ខុសត្រូវ ស្រប​ទៅតាម​ទស្សនទាន «​ការអភិរក្ស​បម្រើ​ដល់​ការអភិវឌ្ឍ ការអភិវឌ្ឍ​បម្រើ​ដល់​ការអភិរក្ស​» និង​ស្រប​ទៅតាម​គោលការណ៍​នៃ​ការ​បែងចែក​ផលប្រយោជន៍​ប្រកប​ដោយ​សមធម៌ (Equitable Profit-Sharing Model)​។

លោក​ថ្លែងថា​៖ «​ពិតណាស់​កម្ពុជា​សម្បូរ​ដោយ​សក្តានុពល​ធម្មជាតិ និង​អេកូទេសចរណ៍​នៅ​ទូទាំង​ប្រទេស​រាប់​ចាប់ពី​តំបន់​ឆ្នេរសមុទ្រ​ដែល​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក តំបន់​ជួរ​ភ្នំក្រវាញ រួមបញ្ចូល​ទាំង​តំបន់​អារ៉ែង បឹង​ទន្លេសាប និង​តំបន់​ភូមិភាគ​ឦសាន​ជាដើម​។ នៅ​ក្នុងន័យនេះ ការអភិវឌ្ឍ​ជា​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍​ដែលមាន​ចរិត​យុទ្ធសាស្ត្រ និង​នយោបាយ ពិតជា​បាន​រួមចំណែក​សំខាន់​ក្នុង​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន​»​។

តាមរយៈ​សារៈសំខាន់​របស់​អេកូទេសចរណ៍ និង​ទេសចរណ៍​សហគមន៍​នេះ​លោក ថោង ខុន បាន​លើកឡើង​នូវ​អនុសាសន៍​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​នៅក្នុង​ន័យ​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​អេកូទេសចរណ៍-​ទេសចរណ៍​សហគមន៍​ប្រកប​ដោយ​ប្រសិទ្ធភាព​។

អនុសាសន៍​ទាំងនោះ​រួមមាន ទី​១. ការកំណត់​តំបន់​អេកូទេសចរណ៍​អាទិភាព​ថ្នាក់ជាតិ​, ទី​២. ការបញ្ចូល​សកម្មភាព​ទេសចរណ៍ និង​អេកូទេសចរណ៍​ទៅក្នុង​សហគមន៍​ដែល​មាន​សក្ដានុពល (​ទោះបី​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​ក្រសួង​-​ស្ថាប័ន​ណាក៏ដោយ​), ទី​៣. ការស្ថាបនា​ផ្លូវ​តភ្ជាប់​ទៅ​តំបន់​សហគមន៍ ការផ្គត់ផ្គង់​អគ្គិសនី ទឹកស្អាត ទូរស័ព្ទ អ៊ីនធឺណិត ការគ្រប់គ្រង​សំរាម និង​បញ្ហា​ផ្សេងៗ​, ទី​៤ ស្នើឱ្យ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ​ផ្ដល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍​លើ​ការ​អនុវត្ត​គម្រោង​ពាក់ព័ន្ធ​នឹង​អេកូទេសចរណ៍ និង​សហគមន៍​។

ចំណែក ទី៥ ស្នើ​វិស័យ​ឯកជន​ជួយ​ពង្រឹង​ការគាំទ្រ​ទៅដល់​សហគមន៍ ពិសេស​ការជំរុញ​ការរៀបចំ​កញ្ចប់​ទស្សនកិច្ច​ទៅ​តំបន់​សហគមន៍ និង​ប្រើប្រាស់​សេវា​របស់​សហគមន៍​, ទី​៦ សូម​សហគមន៍​ទាំងអស់​លើកឡើង​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ ដើម្បី​រួមគ្នា​ដោះស្រាយ និង​ទី៧ បញ្ចូល​ទស្សនទាន​នៃ​ភាពច្នៃប្រឌិត និង​នវានុវត្តភាព​ក្នុងការ​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍​ស្របតាម​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​ថ្លែងថា វិស័យ​កសិកម្ម​បានរួម​ចំណែក​យ៉ាងសំខាន់​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាមរយៈ​ការផ្គត់ផ្គង់​ម្ហូបអាហារ និង​បរិស្ថាន ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​បន្ត​ពង្រឹងសមត្ថភាព ផ្ដល់​ការគាំទ្រ និង​លើក​ទឹកចិត្ត​សហគមន៍​នៅ​ទូទាំង​ប្រទេស​ឱ្យចូល​រួមចំណែក​កាន់តែ​ច្រើន និង​សកម្ម​ថែមទៀត​ក្នុង​សកម្មភាព​អភិវឌ្ឍន៍ កសិ-​ទេសចរណ៍ និង​ទេសចរណ៍​ធម្មជាតិ ដោយ​បំពេញ​តួនាទី​គឺជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មក​កម្សាន្ត ជាទី​តាំង​ផលិត​ស្បៀងអាហារ និង​ផ្តល់​សេវាកម្ម​ដល់​ទេសចរ ជា​ប្រភព​នាំមក​នូវ​ប្រាក់ចំណូល​ដល់​គ្រួសារ​ប្រជាជន​នៅតាម​សហគមន៍ និង​ជា​ខែល​ដ៏​រឹងមាំ​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​»៕