The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អេស៊ីលីដា នឹង​ពង្រីក​ការទូទាត់ KHQR ទៅ​វៀតណាម និង​ឡាវ

អេស៊ីលីដា នឹង​ពង្រីក​ការទូទាត់ KHQR ទៅ​វៀតណាម និង​ឡាវ

Content image - Phnom Penh Post
អគារ​ការិយាល័យ​កណ្តាល​នៃ​ធនាគារ​អេស៊ីលីដា​។ ហុង មិនា

អេស៊ីលីដា នឹង​ពង្រីក​ការទូទាត់ KHQR ទៅ​វៀតណាម និង​ឡាវ

ភ្នំពេញៈ មន្ដ្រី​ជាន់ខ្ពស់​នៅ​ធនាគារ អេស៊ីលីដា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ធនាគារ​អេស៊ីលីដា ដែល​ចុះបញ្ជី​នៅ​ផ្សារ​ន​កម្ពុជា គ្រោង​នឹងដាក់​ដំណើរការ​ប្រព័ន្ធ​ទូទាត់ KHQR ទៅកាន់​ប្រទេស​ជិតខាង​ចំនួន ២​ គឺ វៀតណាម និង​ឡាវ ដើម្បី​បង្កើន​ការទូទាត់​ឆ្លង​ព្រំដែន ពិសេស​ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម និង​ការវិនិយោគ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​ប្រាប់ថា ធនាគារ អេស៊ីលីដា កំពុង​ដំណើរការ​ពង្រីក​ការទូទាត់​ឆ្លង​ព្រំដែន​ទៅកាន់​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​នៅពេល​ខាងមុខ គឺ​ប្រទេស​វៀតណាម គ្រោង​នឹង​ដំណើរការ​នៅ​ត្រីមាស​ទី​ ៤ ឆ្នាំនេះ និង​ឡាវ​នឹង​ចាប់ផ្តើម​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២៣ ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ពិតណាស់ ធនាគារ​អេស៊ីលីដា បាន​ពង្រីក​ការទូទាត់​ឆ្លង​ប្រទេស​ជាមួយ​វៀតណាម ដោយ​តាម​ការរំពឹងទុក​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ត្រីមាស​ទី ​៤ ឆ្នាំ​ ២០២២ និង​ប្រទេស​ឡាវ នៅ​ត្រីមាស​ទី​ ១ ឆ្នាំ ២០២៣ ខាង​មុខ​។ ជាមួយ​គ្នានេះ​យើង​ក៏​កំណត់​ផែនការ​បន្ទាប់​សម្រាប់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ជាមួយនឹង​ការតភ្ជាប់​ទៅ​ភាគី​/​ដៃគូ​ពហុភាគី តាមរយៈ​ NEXUS Hub ឬ​ការតភ្ជាប់​ទ្វេភាគី ដូចដែល​ធនាគារ​អេស៊ីលីដា បាន​ធ្វើ​ជាមួយ​ប្រទេស​ថៃ វៀតណាម និង​កំពុង​ដំណើរការ​ជាមួយ​ប្រទេស​ឡាវ និង​ពាណិជ្ជកម្ម​ឌីជីថល​ដែល​កំពុង​សិក្សា​ដើម្បី​តភ្ជាប់​ជាមួយ​ប្រទេស​ថៃ អាស៊ាន និង APEC»​។

កាលពី​ថ្ងៃទី ​៨ ខែវិច្ឆិកា​កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា និង​ភាគី​វៀតណាម​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីអំពី​កិច្ចសហប្រតិបត្តិការ​លើ​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​ជា​វិធានការ​មួយ​ ដើម្បី​បង្កើន​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ និង​ជំរុញ​ការទូទាត់​ឆ្លងដែន​រវាង​ប្រជាជាតិ​អាស៊ាន​ជិតខាង​ទាំង​ ២ ​។

លោកស្រី អមរា លើកឡើង​ថា MoU នេះ​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ភាពជោគជ័យ ដោយ​ក្នុង​នោះ​នឹង​ជំរុញ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ និង​បរិយាកាស​អនុគ្រោះ និង​អំណោយផល​ដល់​ការទូទាត់​ឆ្លងដែន​ប្រកប​ដោយ​ប្រសិទ្ធភាព ប្រសិទ្ធផល និង​សុវត្ថិភាព​រវាង​ប្រទេស​ទាំង ​២ ​ដោយ​ភាពជឿជាក់ និង​ទំនុកចិត្ត​។

លោកស្រី​បញ្ជាក់ថា​៖ «​តាម​ទស្សនៈ និង​ការរំពឹង​ទុក​របស់​យើង កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​នឹង​ជំរុញ​យ៉ាងខ្លាំង​ដល់​ការទូទាត់​ឆ្លង​ព្រំដែន​សម្រាប់​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​។ ការណ៍​នេះ​នឹង​កាន់តែ​ងាយស្រួល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ប្រព័ន្ធ​ទូទាត់​តាមរយៈ Fintech និង​ធនាគារ​ឌីជីថល​នឹង​ជួយ​សម្រួល​បន្ថែមទៀត​ធ្វើឱ្យ​ប្រសើរឡើង និង​ពន្លឿន​ពាណិជ្ជកម្ម​ឆ្លងដែន ជាពិសេស​ពាណិជ្ជកម្ម​ទំនិញ អាជីវកម្ម ការវិនិយោគ និង​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ចសង្គម និង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២»​។

ក្នុង​ខែមិថុនា​ឆ្នាំ​នោះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជ្រើសរើស​ធនាគារ​ចំនួន ៣ គឺ​ធនាគារ​អេស៊ីលីដា ធនាគារពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា និង​ធនាគារ​កម្ពុជា​ពាណិជ្ជ ដើម្បី​អនុវត្ត​ប្រព័ន្ធ​ទូទាត់​តាម​កូដ​ QR កម្ពុជា​-​ថៃ​។ នៅ​ថ្ងៃទី​ ៣ ខែកក្កដា ឆ្នាំ​ ២០២២ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ KHQR បន្ទាប់ពី​ដំណើរការ​សាកល្បង​។

បើ​យោង​តាម​ការត្រួតពិនិត្យ​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ ​២០២១​ របស់ NBC ប្រតិបត្តិ​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​ចំនួន ៤១៥,៥ ពាន់​ពាន់​លាន​រៀល​ (១០២ ​ពាន់​លាន​ដុល្លារ​) ត្រូវបាន​កត់ត្រា​ទូទាំង​ប្រទេស​កាលពី​ឆ្នាំមុន​។

ការណ៍​នេះ​បានបង្ហាញ​ពី​ការកើនឡើង​ចំនួន​ ៣៤,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ចំនួន​គណនី​អេឡិចត្រូនិក ​(e-wallet) កើន​ដល់ ១៣,៦ ​លាន​នាក់ ដែល​តំណាង​ឱ្យ​ជាង ៨០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​៕

អត្ថបទគួរចាប់អារម្មណ៍