The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារ SME បាន​បញ្ចេញ​ឥណទាន​ឱ្យ​ដល់ SMEs ប្រមាណ ជាង ៤១៨ ​លាន​ដុល្លារ

ធនាគារ SME បាន​បញ្ចេញ​ឥណទាន​ឱ្យ​ដល់ SMEs ប្រមាណ ជាង ៤១៨ ​លាន​ដុល្លារ

Content image - Phnom Penh Post
លោក លឹម អូន អគ្គនាយក​ធនាគារសហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា នាពេលកន្លងទៅ។ រូបថត SME Bank

ធនាគារ SME បាន​បញ្ចេញ​ឥណទាន​ឱ្យ​ដល់ SMEs ប្រមាណ ជាង ៤១៨ ​លាន​ដុល្លារ

ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (SME Bank Cambodia) បាន​បញ្ចេញ​ឥណទាន​ក្នុង​ទឹកប្រាក់​ប្រមាណ ៤១៨​ លាន​ដុល្លារ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMEs) ​ចំនួន​ជាង ៣ ១៨៥ ក្នុង​ការបន្ត​និរន្តរភាព​អាជីវកម្ម​ឡើងវិញ និង​ពង្រីក​អាជីវកម្ម បន្ទាប់ពី​ត្រូវ​រង​នូវ​ផលប៉ះពាល់​ដោយសារ​តែ​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ នា​រយៈពេល​ជាង​ ២ ​ឆ្នាំ​កន្លង​មកនេះ​។

ធនាគារ SMEs គឺជា​ធនាគារ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ត្រូវ​បាន​បង្កើតឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ និង​ចាប់ផ្តើម​ផ្តល់​ឥណទាន​ដោយផ្ទាល់​ និង​តាមរយៈ​សហ​ហិរញ្ញប្បទាន​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ដែល​បាន​ចូលរួម​ចំនួន ៣៣​។

លោក លឹម អូន អគ្គនាយក​ធនាគារ SME បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២១ ខែវិច្ឆិកា​ថា ចាប់តាំងពី​បង្កើត​ធនាគារ SME ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២០ ​មក ខ្លួន​បាន​ចាប់ផ្តើម​ប្រតិបតិ្តការ​ពេញលេញ​ក្នុង​ខែតុលា ដោយ​ធ្វើ​ប្រតិបត្តិការ​ឥណទាន​តាមរយៈ​គម្រោង​ ២ ​ធំៗ គឺ គម្រោង​ហិរញ្ញប្បទាន​ដោយផ្ទាល់ និង​សហហិរញ្ញប្បទាន​ដែល​សហការ​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​ដៃគូ​ផ្សេង​ (PFIs)​។ តាមរយៈ​យន្តការ SMEs ខ្លួន​បាន​ផ្តល់​ឥណទាន​ដល់​សហគ្រាស​សរុប​ចំនួន ៣ ១៨៥ គិត​ត្រឹម​ដំណាច់​ខែតុលា ដែល​គិត​ជា​ទឹកប្រាក់​គឺ ៤១៨ ​លាន​ដុល្លារ​។

សម្រាប់ PFIs ចំនួន ៣៣ ដែល​ចូលរួម​សហការ គឺមាន​ ២២ ​ប៉ុណ្ណោះ​ដែល​បាន​បញ្ចេញ​ឥណទាន​ទៅ​ឱ្យ​អតិថិជន​។ នៅក្នុង​ទឹកប្រាក់​ឥណទាន​សរុប​ទាំងអស់នេះ ការចូលរួម​ពី PFIs មាន​ចំនួន​ ១៨៧ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​ការផ្តល់​ឥណទាន​ឱ្យ​ដល់ SMEs គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុងការ​រួមចំណែក​ជួយ​ពួកគេ​ ដើម្បី​ផ្តល់នូវ​លទ្ធភាព​ក្នុង​ការចាប់ផ្តើម​អាជីវកម្ម​ឡើងវិញ​ បន្ទាប់ពី​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ ដោយមាន​អាជីវកម្ម​ខ្លះ​បាន​បិទ និង​ផ្តល់ជូន​ពួកគាត់​នូវ​ការបន្ត​និរន្តរភាព និង​ពង្រឹង​នូវ​អាជីវកម្ម​បន្ថែមទៀត​។ នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ទៅដល់ SME ពិសេស​គឺ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​តែម្តង​»​។

លោក​បន្តថា ក្នុង​ចំណោម​អតិថិជន​ទាំង ៣ ១៨៥ ​នេះ គឺមាន​ភាគច្រើន​ជា​ប្រភេទ​អាជីវកម្ម​កែច្នៃ និង​ផលិតកម្ម និង​អាជីវ​កម្មវិស័យ​ផ្សេងៗ​ទៀត​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ថា ធនាគារ SMEs នេះ​ធ្វើ​សកម្មភាព​បានល្អ​។

លោក​ថ្លែងថា​៖ «​ធនាគារ​នេះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្តល់​ឥណទាន​ដើម្បី​ជំរុញ​សកម្មភាព​របស់ SMEs ​នាពេលនេះ​។ ប៉ុន្តែ​ខ្ញុំ​យល់ឃើញ​ថា​ទឹកប្រាក់​នេះ​នៅមាន​កម្រិត ដោយសារ​តែ​វិស័យ SMEs យើង​ត្រូវការ​នូវ​ទឹកប្រាក់​ច្រើនណាស់ ជាពិសេស​វិស័យ​កសិកម្ម​ដែល​កំពុង​ត្រូវការ​ធនធាន​សម្រាប់​ទិញ​កសិផល​ដូចជា​ស្រូវ​ដើម្បី​ស្តុក​ទុក និង​ផលិតផល​នានា​សម្រាប់​កែច្នៃ​នាំចេញ​។ បើ SMEs មាន​លទ្ធភាព​ទទួល​ទុន​បាន​កាន់តែ​ច្រើន​ដូចជា​កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ទាប​គឺ​រឹតតែ​ប្រសើរ​»​។

លោក គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់ថា ជាមួយ​គំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​ធនាគារ SME ដោយ​រដ្ឋាភិបាល​នេះ គឺ​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការបង្ក​ឱ្យ​រស់​ឡើងវិញ និង​បន្ត​និរន្តរភាព​របស់ SMEs​។

លោក​ថ្លែងថា​៖ «​ធនាគារ​នេះ​បាន​ដើរតួនាទី​សំខាន់​ណាស់ ព្រោះ​មិន​ត្រឹមតែ​ផ្តល់ទុន​ដល់ SMEs ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​បច្ចេកទេស​តាម​ប្រភេទ​អាជីវកម្ម និង​ការវិភាគ និង​ការសិក្សា​ស៊ីជម្រៅ​សម្រាប់​ជួយ​ទៅដល់ SMEs​។ យើងខ្ញុំ​យល់ឃើញថា នេះ​គឺជា​ប្រភព​ទុន​មួយ​ដ៏សំខាន់​សម្រាប់ SMEs យើង​កាន់តែ​រីកចម្រើន​ប្រសើរ​ជាង​មុន​»​។

យោងតាម​លោក លឹម អូន ក្នុង​ចំណោម​ឥណទាន​ដែល​បាន​បញ្ចេញ​សរុប​នោះ សម្រាប់​គម្រោង​សហហិរញ្ញប្បទាន​ស្តារ​ និង​ជំរុញ​វិស័យ​ទេសចរណ៍​ដែល​យើង​បាន​ដាក់ឱ្យ​អនុវត្ត​កាលពី​ខែកក្កដា​មកនេះ ខ្លួន​បាន​ផ្តល់​ឥណទាន​ដល់​សហគ្រាស​នានា​នៅក្នុង​វិស័យ​ទេសចរណ៍​ចំនួន ២៥១ ​អាជីវកម្ម​ជាមួយ​នឹង​ទំហំ​ទឹកប្រាក់ ៣៣,៧ លាន​ដុល្លារ​រួចមក​ហើយ​៕

អត្ថបទគួរចាប់អារម្មណ៍