The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ផែនការ​បើក​ដំណើរការ​របស់​ព្រលានយន្តហោះ​តារា​សាគរ ត្រូវ​ពន្យារពេល

ផែនការ​បើក​ដំណើរការ​របស់​ព្រលានយន្តហោះ​តារា​សាគរ ត្រូវ​ពន្យារពេល

Content image - Phnom Penh Post
រូបភាព​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ តារា​សាគរ​។ សហការី

ផែនការ​បើក​ដំណើរការ​របស់​ព្រលានយន្តហោះ​តារា​សាគរ ត្រូវ​ពន្យារពេល

ភ្នំពេញៈ ព្រលានយន្តហោះ​អន្តរជាតិ​តារា​សាគរ ដែល​អភិវឌ្ឍ​ដោយ​ប្រទេស​ចិន ក្នុង​ខេត្តកោះកុង គ្រោង​នឹង​ពន្យារពេល​ប្រតិបត្តិការ​ជា​ផ្លូវការ​របស់ខ្លួន​ពី​ផែនការ​ដើម​នា​ចុងឆ្នាំ​នេះ​ទៅដល់​ពាក់កណ្តាល​ឆ្នាំ​ ២០២៣ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភព​លោក ព្រមទាំង​ផល​ប៉ះពាល់​ពី​ការ​អូស​បន្លាយ​ពេល​វិបត្តិ​សុខ​ភាព​។ នេះ​បើ​យោងតាម​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA)​។

កាលពី​ខែមេសា ព្រលានយន្តហោះ​អន្តរជាតិ​តារា​សាគរ បានដាក់​ឱ្យ​ដំណើរការ​ហោះហើរ​សាកល្បង ដើម្បី​ធានា​មុខងារ​បរិក្ខារ និង​សមត្ថភាព​បុគ្គលិក ហើយ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​នេះ​។

អ្នកនាំពាក្យ SSCA លោក ស៊ិន ចាន់​សេរីវុត្ថា បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២ ខែវិច្ឆិកាថា ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ រយៈពេល​យូរ និង​បញ្ហា​មួយចំនួនទៀត​កំពុង​កើតឡើង​ក្នុង​តំបន់ និង​ពិភពលោក​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរ​ការ​ព្រលានយន្តហោះ​នេះ ទើប​ក្រុមហ៊ុន​អភិវឌ្ឍ​ព្រលាន​យន្ត​ហោះ​នេះ​ស្នើសុំ​ SSCA ពន្យារ​ពេល​ដាក់ឱ្យ​ដំណើរការ​រហូតដល់​ពាក់​កណ្តាល​ឆ្នាំក្រោយ​។

លោក​ថ្លែងថា​៖ «​យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា វិបត្តិ​សុខភាព​បាន​អូសបន្លាយ​រយៈពេល​យូរ និង​បង្ក​ការលំបាក​ខ្លះ​ដល់​ក្រុមហ៊ុន​។ តាមពិត​ក្រុមហ៊ុន​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ ប៉ុន្តែ​ពួកគេ​មិនអាច​ធ្វើ​វា​បាន ដោយសារតែ​ពួកគេ​ក៏​រង​ផលប៉ះពាល់​ខ្លះ​ពី​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។ ពួកគេ​បាន​ផ្ញើលិខិត​មក​ពួកយើង អំពី​ការដាក់ឱ្យ​ដំណើរការ​នេះ​ត្រូវ ប្តូរ​ទៅ​ពាក់កណ្តាល​ឆ្នាំក្រោយ​វិញ ដោយសារ​ពួកគេ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​ធ្វើ​កិច្ចការ​ផ្ទៃក្នុង និង​ទីផ្សារ​»​។

ក្រសួង​ទេសចរណ៍ ​កាល​ពីថ្ងៃ​ទី​ ៣១ ខែតុលា បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ធំៗ​ចំនួន ២ ដោយ​ផ្តោតលើ​ការ​ «​ទស្សនា​កម្ពុជា​ឆ្នាំ​ ២០២៣ » ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​អន្តរជាតិ និង​បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ចូលរួម​យ៉ាងសកម្ម និង​បន្ត​ផ្ដល់​ជម្រើស​នានា ដើម្បី​លើក​កម្ពស់​ភាព​ទាក់ទាញ​។

ក្រសួង​បានឱ្យដឹង​ក្នុង​សេចក្តីជូនដំណឹង​ថា ទាំងនេះ​គឺជា​ការ​ប្រកួត​ប្រជែង​ជើងឯក​គោលដៅ​ទេសចរណ៍​ក្នុងស្រុក​ក្នុង​ព្រឹត្តិ​ការណ៍​អន្តរជាតិ​ចំនួន ១០ ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង អាស៊ាន អឺរ៉ុប ឬ​កន្លែង​ផ្សេងៗ​ទៀត និង​ជំរុញ​ឆ្ពោះទៅរក​អ្វីដែល​ហៅថា​យុទ្ធនាការ​ «​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​កីឡា​» ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) ​ឆ្នាំ​ ២០២៣ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​និយាយថា វិស័យ​ទេសចរណ៍​កំពុង​ងើប​ឡើងវិញ​ជា​បណ្តើរៗ ដែល​នាំ​មុខ​ដោយ​ទេសចរ​ផ្ទៃក្នុង​បន្ទាប់ពី​ធ្លាក់ចុះ​ដល់​កម្រិត​ «​សូន្យ​» នា​រយៈពេល​ជាង​ ២ ​ឆ្នាំ ដោយ​សារ​វិបត្តិ​កូវីដ ​១៩​។

ព្រលាន​យន្តហោះ​អន្តរជាតិ​តារា​សាគរ ស្ថិត​លើ​ផ្ទៃដី​ទំហំ ៤,៥ ​ហិកតា នៅក្នុង​ស្រុក​បទុម​សាគរ ហើយ​ត្រូវបាន​គេ​រំពឹងថា អាច​ទទួល​យន្តហោះ​ប្រភេទ Boeing 777 និង Airbus A 340 ចុះចត​បាន​។

Tianjin Union Development Group ដែល​ចុះបញ្ជី​នៅ​ប្រទេស​ចិន គឺជា​ក្រុមហ៊ុន​វិនិយោគ​លើ​ព្រលានយន្តហោះ​នេះ​ដោយបាន​ចាក់​បញ្ចូល​ប្រាក់ ៣៥០ ​លាន​ដុល្លារ​ក្នុង​គម្រោង ដែល​ក្នុងនោះ​ដំណាក់កាល​ដំបូង​នៃ​ការសាងសង់​ចំណាយ​អស់ ២០០ ​លាន​ដុល្លារ​៕

វីដេអូ​៖

អត្ថបទគួរចាប់អារម្មណ៍