ភ្នំពេញៈ ប្រធាន​សហព័ន្ធ​ ស្រូវ​អង្ករ​កម្ពុជា​ (CRF) បាន​ស្វាគមន៍​វិធានការ​ទម្លាក់​ប្រាក់​បន្ថែម​របស់​រដ្ឋាភិបាល​ចំនួន ១០ ​លាន​ដុល្លារ​ដែល​ប្រាក់​នេះ​នឹង​ជួយ​បង្កើន​ទុន​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​ឱ្យមាន​លទ្ធភាព​ថែមទៀត​ក្នុងការ​ប្រមូល​ទិញស្រូវ​ក្នុងតម្លៃ​សមរម្យ​ពី​ប្រជាកសិករ​នៅ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​ដែល​កំពុង​ប្រមូល​ផល និង​ប្រឈម​ការធ្លាក់​ថ្លៃ​។

ធនាគារ​អភវិឌ្ឍន៍​ជនបទ និង​កសិកម្ម​ (ARDB) ​កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា រដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ ជា​សេនា​ធិការ​បាន​គិតគូរយ៉ាង​យកចិត្តទុកដាក់​ខ្ពស់ និង​បានសម្រេច​ផ្តល់​ថវិកា​បន្ថែម ១០ ​លាន​ដុល្លារ​លើ​មូលនិធិ​សម្រាប់​ទិញស្រូវ​ចំនួន ៨៣ ​លាន​ដុល្លារ​តាមរយៈ ARDB សម្រាប់​គាំទ្រ​ដល់​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​កែច្នៃ​នាំចេញ​អង្ករ ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​តាម​តម្លៃ​សមស្រប​ចៀសវាង​ការទិញ​ទម្លាក់​ថ្លៃ​ពី​ឈ្មួញ​ខិលខូច​មួយចំនួន​។

ARDB លើកឡើងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​តម្លៃ​ស្រូវ​មានការ​ប្រែប្រួល​នៅ​បណ្តា​ខេត្ត​ផលិត​ស្រូវ​មួយចំនួន ជា​ពិសេស​ខេត្តបាត់ដំបង និង​ខេត្ត​បន្ទាយ​មានជ័យ ដែល​បណ្តាលមកពី​រដូវ​ប្រមូល​ផល​ធំ ហើយ​មានការ​ច្រូតកាត់​ព្រម​គ្នា ជាហេតុ​ធ្វើឱ្យ​បរិមាណ​ស្រូវ​ដែល​ត្រូវ​លក់​មាន​ចំនួន​ច្រើន​ក្នុងពេល​តែមួយ​។

ARDB បាន​បញ្ជាក់ថា​៖ «​ការណ៍​នេះ ធ្វើឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ពុំ​អាច​ប្រមូល​ទិញស្រូវ​ទាំងអស់​នោះបាន ដែលនាំឱ្យ​តម្លៃ​ស្រូវ​មានការ​ប្រែប្រួល​ធ្លាក់ចុះ បើ​ធៀប​ទៅ​ដើមរដូវ​។ ហេតុដូច្នេះ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម សូម​អំពាវនាវ​ឱ្យ​ប្រជាកសិករ​តាម​តំបន់​ដែល​ត្រូវ​ប្រមូល​ផល​ស្រូវ សូម​ដាក់​កម្មវិធី​ច្រូត​កាត់​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​នៅក្នុង​តំបន់​របស់ខ្លួន​ដើម្បី​ចៀសវាង​ការប្រមូល​ផល​ក្នុងពេល​តែមួយ​ព្រម​គ្នា​ដែល​អាច​បណ្តាលឱ្យ​មានកា​រ​បង្អាប់ថ្លៃ​ស្រូវ​»​។

លោក សុង សារ៉ន ប្រធាន CRF បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ខែវិច្ឆិកា ថា ការបញ្ចេញ​សាច់ប្រាក់​បន្ថែម​របស់​រដ្ឋាភិបាល​នឹង​បើក​លទ្ធភាព​កាន់​តែ​ច្រើន​បន្ថែមទៀត​ដល់​សមាជិក CRF ក្នុងការ​បង្កើន​ការទិញ និង​ផ្តល់​តម្លៃ​ សមរម្យ​ដល់​ប្រជាកសិករ​នៅ​ខេត្ត​ប៉ែក​ខាងលិច​ដូចជា បាត់ដំបង និង​បន្ទាយ​មានជ័យ ដែល​កំពុង​ប្រមូល​ផល​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​ថវិកា​បន្ថែម​លើ​កញ្ចប់​ថវិកា​ដែលមាន​ស្រាប់​ដែល​បាន​បញ្ចេញ​ទៅ​រោង​ម៉ាស៊ីនកិនស្រូវ និង​សហគមន៍​ផលិត​ស្រូវ​ផ្សេង​។ ការបន្ថែម​ថវិកា​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ទៅដល់​ការផលិត​ស្រូវ និង​ច្រូតកាត់​ស្រូវ​នៅ​ខេត្ត​ប៉ែក​ខាងលិច ដូចជា​ខេត្តបាត់ដំបង បន្ទាយមានជ័យ ដែល​កំពុងតែ​ប្រមូល​ផល​ស្រូវ​ប្រភេទ​ផ្ការំដួល​ច្រើន​»​។

លោក​បញ្ជាក់ថា​៖ «​ការទម្លាក់​ថវិកា​បន្ថែម​របស់​រដ្ឋាភិបាល​នឹង​ជំរុញ​ឱ្យ​តម្លៃ​ស្រូវ​នឹង​ឡើងថ្លៃ​លឿន​។ យើងខ្ញុំ​ប្តេជ្ញា​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទិញស្រូវ​មក​ស្តុក​បន្ថែមទៀត និង​ធានាបាន​តម្លៃ​ស្រូវ​សមរម្យ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាងលិច​»​។

យោងតាម​លោក សារ៉ន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏បាន​បញ្ជូន និង​លើក​ទឹកចិត្ត​ដល់​សមាជិក​ដែលមាន​មូលដ្ឋាន​នៅ​ប៉ែក​ខាងកើត​ដូចជា ព្រៃវែង កំពង់ចាម កំពង់ស្ពឺ ភ្នំពេញ កណ្តាល ទៅ​ចុះជួយ​ទិញស្រូវ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាងលិច​ដើម្បី​ជួយ​សម្រួល​ដោយ​សារ​តែ​បងប្អូន​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ប៉ែក​ខាងលិច​រវល់​មមាញឹក​សម្ងួត​មិនទាន់ ឃ្លាំង​របស់​ពួកគាត់​មាន​ស្តុក​ទុក​ច្រើន និង​ពេញ និង​ការខ្វះខាត​ថវិកា​។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​យប់​ថ្ងៃទី​ ១៨ ខែវិច្ឆិកា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុកថា​៖ «​កសិករ​នៅក្នុង​ខេត្ត​ទាំង​ ២ ​មានចិត្ត​សប្បាយ​រីករាយ និង​បាន​សហការ​លក់​ស្រូវ​ទៅតាម​តម្លៃ​ដែល​បានកំណត់ ហើយ​មកទល់ពេលនេះ​រោង​ម៉ាស៊ីន​នៅតែ​បន្ត​ប្រមូល​ទិញ​យ៉ាង​សស្រាក់សស្រាំ​។ ក្រុមការងារ​នៅ​បន្ត​តាមដាន​យកចិត្តទុកដាក់​ដោយ​មិនឱ្យ​កសិករ​យើង​បាត់បង់​ប្រយោជន៍​ដោយ​គ្មាន​ហេតុផល​នោះឡើយ​»​។

តាមរយៈ​វីដេអូឃ្លីប​ដែល​បង្ហោះ​នោះបាន​បង្ហាញ​ពី​សំឡេង​កសិករ​ម្នាក់​ធ្វើការ​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ព្រមទាំង​មន្ត្រី​មន្ទីរ​កសិកម្ម និង​អ្នកសារព័ត៌មាន ដែល​ជួយ និង​ផ្សព្វផ្សាយ​ពី​ការ​ត្អូញត្អែរ​របស់​កសិករ​។

កសិករ​រូបនោះ​បញ្ជាក់ថា​៖ «​បងប្អូន​កសិករ​កំពុង​មមាញឹក​យក​ស្រូវ​មក​លក់​នៅ​សាលាឃុំ​ទ្រាស​ (​ខេត្ត​បន្ទាយមានជ័យ​) បាន​តម្លៃ​សមរម្យ​ដូច​ការរំពឹងទុក​របស់​ពួកគាត់​ពិតមែន​។ គោរព​អរគុណ​ដល់​ឯកឧត្តម និង​មន្ទីរ​ក្រសួងកសិកម្ម​ដែល​បាន​ធ្វើតាម​ការសន្យា​»៕