ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ជាង ១៣,៨​ ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​ នៅ​ក្នុង​រយៈ​ពេល ១០ ​ខែ​ដើម​ឆ្នាំ​ ២០២២ ធ្លាក់​ចុះ​ជាង ៣១​ ភាគ​រយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២១ ក្នុង​នោះ​ទីផ្សារ​វៀតណាម​ បាន​ស្រូប​យក​ជាង ៥៦ ​ភាគ​រយ​។ នេះ​បើ​យោង​តាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

របាយ​ការណ៍​ក្រសួង​កសិកម្ម ​បង្ហាញ​ថា ​ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​ ២០២២ ការ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​លក់​នៅ​ទីផ្សារ​អន្តរ​ជាតិ ​មាន​ចំនួន​សរុប​ ១៣៨ ៣៧៧,៥៥​ តោន ថយ​ចុះ ៣១,៥៤ ​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២១ ។ ទីផ្សារ​វៀតណាម បាន​ស្រូប​យក​ផលិត​ផល​ផ្លែ​ស្វាយ​ស្រស់​ច្រើន​ជាង​គេ ដោយ​មាន​ចំនួន ៧៨ ៥៦៦,២៣​ តោន​, ថៃ ៣២ ១៨១,១២ ​តោន​, ចិន ២៧ ៤៦៧,៨៨​ តោន​, កូរ៉េ​ ១៦០,០៨​ តោន និង​ទីក្រុង​ហុងកុង ២,២៤​ តោន។

លោក ហ៊ុន ឡាក់ អគ្គ​នាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែល​ជា​ក្រុមហ៊ុន​ដាំដុះ និង​នាំ​ចេញ​ផ្លែ​ស្វាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ទី​ ២២ ខែ​វិច្ឆិកា ​ថា ការ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ធ្លាក់​ចុះ​នៅ​ពេល​នេះ គឺ​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា អាកាស​ធាតុ​មាន​ភ្លៀង​ធ្លាក់​ច្រើន,ការ​កើន​ឡើង​តម្លៃ​ធាតុ​ចូល​កសិកម្ម​ (ជី និង​ថ្នាំ​កសិកម្ម​), តម្លៃ​ទីផ្សារ​ប្រែ​ប្រួល​ខ្លាំង ព្រម​ទាំង​ឧបសគ្គ​មួយ​ចំនួន​ដែល​កើន​ឡើង​ចំពោះ​ទីផ្សារ​ប្រទេស​ចិន (ការ​រឹត​បន្តឹង​សកម្ម​ភាព​ឆ្លង​ព្រំដែន​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩ ។

លោក​បាន​ប្រាប់​ទៀត​ថា សម្រាប់​បញ្ហា​តម្លៃ​ដែល​ប្រែ​ប្រួល​ខ្លាំង​នោះ គឺតម្លៃ​ផ្លែស្វាយ​ស្រស់​ឆ្នាំ​នេះ​កើន​ឡើង​ខ្ពស់ និង​ប្រែ​ប្រួល​ជា​បន្ត​បន្ទាប់ ជាក់​ស្តែង​ដោយ​សារ​ផល​ឆ្នាំ​នេះ​ចុះ​ទាប ​ធ្វើ​ឱ្យ​តម្លៃ​ផ្លែ​ស្វាយ​ស្រស់ (សម្រាប់​នាំ​ចេញ) កាល​ពី​អំឡុង​ដើម​ខែ​តុលា រហូត​ដល់​ដើម​ខែ​វិច្ឆិកា ដែល​កាល​ពី​ឆ្នាំ​មុន​តម្លៃ​ប្រហែល ៥០០​ រៀល​ក្នុង ​១ ​គីឡូ​ក្រាម បាន​ហក់​ឡើង​ដល់​ពី​ ២ ២០០-​២ ៥០០​ រៀល ខណៈ​ពេល​នេះ​បាន​ធ្លាក់​មក​នៅ​ចន្លោះ​ពី ១ ២០០-១ ៥០០ ​រៀល។

លោក​​ថ្លែង​ថា​៖ ​«​ដោយ​សារ​ឆ្នាំ​នេះ​ទិន្នផល​ផ្លែ​ស្វាយ​​កម្ពុជា​ធ្លាក់​ចុះ ហើយ​តម្លៃ​មិន​មាន​ស្ថិរភាព និង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ជួប​បញ្ហា​ទៀត​នោះ វា​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​»។​

លោក​លើក​ឡើង​ទៀត​ថាដើម្បី​ធ្វើ​ឱ្យ​ការ​ដាំដុះ និង​នាំ​ចេញ​ផ្លែ​ស្វាយស្រស់​មាន​និរន្តរ​ភាព​ គឺ​ត្រូវ​ទាម​ទារ​ឱ្យ​មាន​ការ​រៀបចំ​គោល​នយោបាយ​រួម​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ដូច​ជា ប្រជា​កសិករ អ្នក​វិនិ​យោគ អ្នក​កែ​ច្នៃ អ្នក​នាំ​ចេញ អ្នក​ដឹក​ជញ្ជូន និង​រដ្ឋាភិ​បាល​ផង​ដែរ។

ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា កាល​ពី​ថ្ងៃ​ទី​ ១៤ ស្តី​ពី​ «ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សម្រាប់​វិស័យ​កសិកម្ម» ដោយ​រដ្ឋាភិបាល​បាន​បញ្ចុះ​មក​នៅ​ត្រឹម ៤៨០​ រៀល​ក្នុង ​១​ គីឡូវ៉ាត់​សម្រាប់​ការ​ប្រើ​ប្រាស់​ចន្លោះ​ពី​ម៉ោង ៩ ​យប់ ដល់​ម៉ោង ៧ ​ព្រឹក លោក ហ៊ុន ឡាក់ ​អះ​អាង​ថា គោល​នយោយ​បាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បន្ទាប​តម្លៃ​ដើម​ផលិត តាម​រយៈ​ការ​ប្រើ​ប្រាស់​អគ្គិសនី​តម្លៃ​ទាប​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​ថ្លៃ​ដើម​ផលិត​​ចុះ​កាន់​តែទាប ដើម្បី​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរ​ជាតិ​​។

អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ថា ចំណុច​សំខាន់​មួយ​នៃ​ការ​ធ្លាក់​ចុះ​បរិមាណ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់ គឺ​ដោយ​សារ​ការ​រឹត​បន្តឹង​ចរាចរណ៍​ទំនិញ​របស់​ប្រទេស​ចិន ខណៈ​កម្ពុជា​តែង​ដាក់​ក្តី​រំពឹង​ខ្ពស់​​ទៅ​លើ​ទីផ្សារ​ប្រទេស​ចិន​។ លោក​បន្ត​ថា អ្វី​ៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ នៅ​ពេល​ប្រទេស​ចិន​បើក​ទ្វារ​​ឡើង​វិញ ស្រប​ពេល​ដែល​ផលិត​ផល​កម្ពុជា​នឹង​មាន​វត្តមាន​កាន់​តែ​ច្រើន​លើ​ទីផ្សារ​អន្តរ​ជាតិ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ដែល​ចូល​ជា​ធរមានរួច​ហើយ​ដូច​ជា ​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-​ចិន (CCFTA) និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ភាព​ជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​​(RCEP) ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-​កូរ៉េ (CKFTA) ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​ធ្នូ​ខាង​មុខ។​

លោក​បញ្ជាក់​ថា៖ ​«​នៅ​ពេល​សេដ្ឋកិច្ច​ពិភពលោក​មាន​ស្ថិរភាព​ល្អ ជា​ពិសេស​ប្រទេស​ចិន​បើក​ទូលាយ​ឡើង​វិញ ខ្ញុំ​គិត​ថា​ការ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​នឹង​កើន​ឡើង​វិញ​ជា​មិន​ខាន»។​

បើ​តាម​ក្រសួង​កសិកម្ម ក្រៅ​ពី​ផ្លែ​ស្វាយ​ស្រស់ កម្ពុជា​ក៏​បាន​នាំ​ចេញ​តំណាប់​ស្វាយ​ចំនួន ១៥ ៨១៦,៦៩​ តោន​ផង​ដែរ ដោយ​កើន​ឡើង ១,០៦ ​ភាគ​រយ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២១ ក្នុង​នោះ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន មាន​ចំនួន ១៣ ៨៥១,៩៥​ តោន, ថៃ ៩៦៨,២១​ តោន, ហ្វីលីពីន ៥៧១,៧៧ ​តោន, វៀតណាម ២០០ ​តោន, ជប៉ុន ១១១,៥៤​ តោន, រុស្ស៊ី ៧១,០៥ ​តោន, អ៊ីតាលី ២៦,៤៦​ តោន, ចក្រភព​អង់គ្លេស ៩,៧៨ ​តោន, កូរ៉េ ៥,៨៩ ​តោន, អាមេរិក ០,០៣ ​តោន និង​ប្រទេស​អូស្ត្រាលី ០,០១ ​តោន។

កាល​ពី​ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ចំនួន ២៤២ ៤៨៣,៧៦ តោនកើន​ឡើង ១៤៨,៣៨​ ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២០ ក្នុង​នោះ​នាំ​ទៅ​ប្រទេស​វៀតណាម​ចំនួន ១៩៩ ០៧៧,៣៨ ​តោន,ថៃ ៣៨ ៤១៩,២៨​ តោន,ចិន ៤ ៧៧១​ តោន,កូរ៉េ ១៤៩,១១​ តោន,ទីក្រុង​ហុងកុង ៥០,៧៨ ​តោន,សិង្ហបុរី ១៦,២០​ តោននិង​កូវ៉ែត ០,០១​ តោន។ដោយ​ឡែក​ការ​នាំ​ចេញ​តំណាប់​ស្វាយមាន​ចំនួន ១៧ ៨៧៩,៨២ ​តោនកើន​ឡើង ១៧៩,៣០ ​ភាគ​រយ​ នាំ​ទៅ​ប្រទេស​ចិន ១៤ ២៤៦,២០​ តោន, ថៃ​ ១៥០១,១៣ ​តោន,ហ្វីលីពីន ៩៧៥,០៨ ​តោន,វៀតណាម ៥៥៩,៣០ ​តោន,ជប៉ុន ៥២៣,៧០ ​តោន,រុស្ស៊ី ២៣ ​តោន,ចក្រភពអង់គ្លេស ២១,១៤​ តោន,កូរ៉េ ១៨,៧០​ តោន,សហរដ្ឋ​អាមេរិក ៨,៥៦​ តោន,កោះតៃវ៉ាន់ ៣​ តោន,និង​កាហ្សាក់ស្ថាន ០,០៥ តោន៕​